សមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួនស្ត្រីម្នាក់ ករណីចាក់សម្លាប់ម្ចាស់បំណុល នៅស្រុកព្រៃកប្បាស

ខេត្តតាកែវ ៖ កម្លាំងសមត្ថកិច្ចស្រុកព្រៃកប្បាស បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង២០នាទី កម្លាំងអធិការដ្ឋានស្រុកព្រៃកប្បាស បានទទួលព័ត៌មានថា នៅចំណុចចំការស្លឹកគ្រៃ ក្រោយផ្ទះ របស់ឈ្មោះវ៉ាន់ រ៉េន ដែលម្ចាស់ទុកចោលទៅធ្វើការនៅប្រទេសថៃ នៅក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី មនុស្សដេកស្លាប់ ។

ក្រោយសមត្ថកិច្ច ចុះទៅដល់ទីកន្លែងកើតហេតុ បានឃើញស្រ្តី រងគ្រោះមាន ឈ្មោះ ខេង ស្រី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ បានស្លាប់ ដោយត្រូវឃាតករចាក់ជាច្រើនកាំបិត។

ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង បានដាក់កម្លាំងទំនាញចុះស្រាវជ្រាវភ្លាមៗ និងមានការចង្អុល បង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ដោយមាន ការសម្របសម្រួលពីសំណាក់ លោព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យសាកសព ឃើញថា សពជនរងគ្រោះ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ យកកាំបិតចុងស្រួច  ចាក់ចំនួន០៦ កាំបិត បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ហើយ នៅកន្លែងកើតហេតុនេះ ក៏បានបន្សល់ទុកវត្ថុតាង មានដូចជា ៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV 0701 របស់ជនរងគ្រោះ, កាំបិតចុងស្រួច ដងពណ៌ខ្មៅ ផ្លែប្រវែង ២០ស.ម ចំនួន១, កូនសោម៉ូតូចំនួន ១ និង ស្បែកជើងស៊កមួយចំហៀង ពណ៌ខ្មៅ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច ក៏បានធ្វើការស្រាវជ្រាវរកមុខសញ្ញា ដល់ថ្ងៃទី០២ ខែ ឆ្នាំដដែល ក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួប លីណា ហៅណែត ភេទស្រីអាយុ ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់។

រីឯប្ដីរបស់ជនសង្ស័យឈ្មោះ សួន ស៊ីថា អាយុ ៣៤ឆ្នាំ កំពុងស្ថិតក្រោមការស្រាវជ្រាវតាមដាន របស់សមត្ថកិច្ចបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង