ថ្ងៃសុក្រនេះ ឧកញ៉ា ទៀ វិចិត្រ ជួយជីវិតអ្នកជំងឺ២នាក់ រស់នៅលើកោះរ៉ុង បញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋ រងគ្រោះម្នាក់ទៀត រស់នៅលើសង្កាត់កោះរ៉ុង ត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រឲ្យទៅដឹក មកសង្គ្រោះបន្ទាន់នៅមន្ទីរ ក្នុងក្រុងព្រះសីហនុ ក្រោយគ្រួសារជនរងគ្រោះ ដង្ហោយរកកិច្ចអន្តរាគមន៍ពី រូបលោករួចមក..។

ភ្លាមៗក្រោយមានការស្នើកិច្ចអន្តរាគមន៍ពី ក្រុមគ្រួសារជនរងគ្រោះ ជាពិសេសអាជ្ញាធរសង្កាត់កោះរ៉ុងរួចមក នៅរសៀលថ្ងៃសុក្រនេះ​ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន  ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បន្តបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ឲ្យទៅទទួលយកបុរសអ្នកជំងឺម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលមានអាការៈចុកទ្រូងផ្នែកខាងឆ្វេងធ្ងន់ធ្ងរ ស្ទើរមិនអាចដកដង្ហើមបាន (បរិវេណបេះដូង)..។ ហើយតាមការអះអាង របស់គ្រូពេទ្យនៅក្រុងកោះរ៉ុង បញ្ជាក់ថា អ្នកជំងឺរូបនេះ ចាំបាច់ត្រូវបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យលើដីគោក  ក្នុងក្រុងព្រះសីហនុ ជាបន្ទាន់ ព្រោះមានអាការៈធ្ងន់ធ្ងរខ្លាំង។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសអ្នកជំងឺរូបនោះ មាន ឈ្មោះ ហោ នី អាយុ ៤១ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ពេលនេះ បុរសអ្មកជំងឺ ត្រូវក្រុមការងារ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន G.T.V.C មកដល់កំពង់ផែក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចដឹកបន្តភ្លាមៗ តាមរថយន្ត របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បច្ចុប្បន្ន បុរសអ្នកជំងឺ កំពុងត្រូវបានក្រុមគ្រូពេទ្យ ពិនិត្យព្យាបាល ដោយយកចិត្តទុកដាក់បំផុត៕

អត្ថបទដែលជាប់ទាក់ទង