ក្រុមអ្នកថែរក្សា និងការពារប្រាសាទបុរាណ កំពុងជួយសង្គ្រោះរានហាល របស់ប្រាសាទបន្ទាយសំរែ

ខេត្តសៀមរាប ៖ ប្រាសាទបន្ទាយសំរែ ស្ថិតនៅចម្ងាយប្រហែល ២គីឡូម៉ែត្រ ភាគខាងកើតពីភូមិព្រះដាក់ ឃុំព្រះដាក់ នៃស្រុកបន្ទាយស្រី ដែលជាផ្លូវសំដៅទៅប្រាសាទភ្នំបូក។

ប្រាសាទបុរាណមួយនេះ កសាងឡើងអំពីថ្មភក់លាយគ្នា ជាមួយនិងថ្មបាយក្រៀម។

ក្រុមអ្នកស្រាវជ្រាវ បានសន្និដ្ឋានថា តាមការពិនិត្យទៅលើរចនាបថសិល្បៈ គឺប្រាសាទបន្ទាយសំរែ ប្រហែលជាកសាងឡើងនៅអំឡុងចុងសតវត្សទី១១ នៃគ្រីស្ដសករាជ អំឡុងឆ្នាំ១១១៣-១១៥០ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ហើយប្រហែលជាបញ្ចប់ នៅក្នុងរជ្ជកាលនៃស្ដេចយសោវរ្ម័នទី២ នៅអំឡុងគ្រីស្តសករាជ ១១៥០-១១៦៥ ដើម្បីឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍។

ប្រាសាទបន្ទាយសំរែ បានកសាងឡើង ដោយយកលំនាំតាមរចនាបថ របស់ប្រាសាទអង្គរវត្ត ពីព្រោះកំពូលកណ្ដាល របស់វា មានរូបរាងស្រដៀងគ្នា និងកំពូល របស់ប្រាសាទអង្គរវត្តដែរគ្រាន់តែប្រាសាទបន្ទាយសំរែ មានកំពូលតិច និងតូចជាងប្រាសាទអង្គរវត្ត។

ប្រាសាទបន្ទាយសំរែនេះ ក៏ស្រដៀងគ្នាទៅ និងប្រាសាទមួយចំនួនផ្សេងទៀតដូចជា៖ ប្រាសាទចៅសាយទេវតា បឹងមាលា ទេពមានន និងប្រាសាទចំនួនពីរទៀត ដែលនៅក្នុងប្រទេសថៃបច្ចុប្បន្ន គឺប្រាសាទភីម៉ាយ និងភ្នំរូង។

ប្រាសាទបន្ទាយសំរែ ក៏មានរានហាលដ៏ស្រស់ស្អាត ដែលកសាងឡើងអំពីថ្មភក់ នៅប៉ែកខាងកើត របស់ប្រាសាទផងដែរ។

អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាលោក ឡុង ណារី មានប្រសាសន៍ថា រានហាល នៃប្រាសាទបន្ទាយសំរែនេះ ប្រហែលជាកសាងឡើងតាំងពីអំឡុងពាក់កណ្តាលសតវត្សទី១២ នៃគ្រីស្ដសករាជ ហើយបច្ចុប្បន្ន វាកំពុងទទួលរងការខូចខាតមួយចំនួនដូចជា៖ គ្រឹះខាងក្រោមស្រុតចុះ មានការបាត់ថ្មខ្លះៗ និងកន្លែងខ្លះទៀត មានចន្លោះប្រហោងច្រើន បង្កាន់ដៃនាគមានស្នាមបាក់ស្ទើរតែទាំងអស់ រីឯចម្លាក់តោ ក៏មានការខូចខាតខ្លះៗ។

ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយអង្គការ GIZ អាល្លឺម៉ង់ បានបើកការដ្ឋានជួសជុលរានហាលនេះ ក្នុងគំរោងរយៈពេលយូរ ហើយមន្ត្រី នៃអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ បានធ្វើពិធីសែនព្រេនតាមបែបជំនឿសាសនា សុំសេចក្តីសុខ ក្នុងការរៀបចំបើកការដ្ឋានជួសជុលរានហាលផ្នែកខាងកើត របស់ប្រាសាទបន្ទាយសំរែ តាំងតែពីថ្ងៃទី២៤ ខែមករា  ឆ្នាំ២០២៣មក។

ចាប់តាំងពីចុង ខែមីនា ឆ្នាំ២០២៣ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងសម្រង់ប្លង់រានហាលទី២ ផ្នែកជ្រុងខាងជើងឆៀងខាងលិចរបស់ប្រាសាទបន្ទាយសំរ៉ែ ដែលរងការខូចខាតខ្លាំង  ដើម្បីឈានទៅរកការជួសជុល ឱ្យល្អប្រសើរឡើងវិញ។

គម្រោងជួសជុលនេះ គឺជាកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរាជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង។ ការងារសំខាន់ៗ ដែលគម្រោងនេះ ត្រូវធ្វើមានដូចជា៖ ប្រមូលថ្ម ដែលធ្លាក់បាក់បែក ពិសេសក្បាច់ចម្លាក់ និងបង្កាន់ដៃនាគ ដើម្បីធ្វើការជួសជុលពង្រឹងឡើងវិញ និងពង្រឹងរចនាសម្ព័ន្ធពាក់ព័ន្ធ របស់សំណង់ ព្រមទាំងរៀបចំផ្គុំឡើងវិញ នៅតាមទីតាំងដើម៕

អត្ថបទដែលជាប់ទាក់ទង