ការជួសជុល និងពង្រឹងខឿនរួតបាកាណ នៅផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត តាមបែបបុរាណ ដោយប្រើកម្លាំងមនុស្ស

ខេត្តសៀមរាប ៖ ក្រុមការងារជួសជុល របស់អាជ្ញាធរជាតិអប្សរា កំពុងរៀបចំរន្ទា ដើម្បីរើដុំថ្មធំៗដែលមានសភាពហែក ចេញពីគ្នា ហើយរៀបចំឱ្យមានសភាពកិបគ្នាដូចដើមឡើងវិញ ព្រមទាំងសម្អាតកម្ទេចដុំថ្មតូចៗ ធូលីដីចេញផង នៅខឿនរួតបាកាណនាផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដែលកំពុងរងការខូចខាតជាច្រើនសតវត្សរ៍មកហើយ។

មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា លោក ឃាម មុនី មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ ក្រុមអ្នកជួសជុលបានប្រើកម្លាំងមនុស្សសុទ្ធសាធ ដើម្បីរើ អូសទាញ ឬលើកដុំថ្មធំៗ ចេញពីកន្លែងដើម ដែលមានសភាពហែករំកិលចេញពីគ្នាពី ១ទៅ ២៧សង់ទីម៉ែត្រ យកទៅដាក់នៅកន្លែងមានសុវត្ថិភាព ដោយយោងឡើង តាមការប្រើកៅឡាក់ចំនួន ៥ ប្រទាញចុះឡើងយ៉ាងលំបាក ដោយប្រើពេលជាច្រើនម៉ោងក្នុងការទាញយកថ្មមួយដុំៗ។

ចំណែកឯដឹកជញ្ជូនថ្មថ្មី ទៅបំពេញពង្រឹងតាមជ្រុង របស់រចនាសម្ពន្ធ របស់ខឿនវិញ គឺប្រើរទេះអូសពីដីឡើងទៅលើ ដោយប្រើកម្លាំងមនុស្សយ៉ាងតិចចំនួន ១៥នាក់ អូសផង ទាញផង និងរុញផង ដោយក្នុងមួយថ្ងៃៗអាចយកដុំថ្ម បានតែចំនួនពី ៦ទៅ ៨ដុំប៉ុណ្ណោះ។

លោក ឃាម មុនី មានប្រសាសន៍បន្ថែមទៀតថា ការអូសទាញដុំថ្មធំៗឡើងទៅលើខឿន រួតបាកាណនៅផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តនេះ មិនមែនជាការងារងាយស្រួសទេ ដោយក្រុមការងារត្រូវប្រើកម្លាំងអូសឡើងទៅលើ កម្ពស់ ប្រហែលពី ៣០ទៅ ៤០ម៉ែត្រ ហើយថ្មមួយដុំៗក៏មានទម្ងន់ធ្ងន់ប្រមាណ ១៥០០គីឡូក្រាម។ ការលំបាកក្នុងការអូសទាញថ្មធំៗឡើងដោយដៃមនុស្សនេះ គឺទាមទារបំផុតឱ្យក្រុមអ្នកជំនាញតស៊ូ ភាពអត់ធ្មត់ និងរិះរកគ្រប់វិធីសាស្ត្រ គ្រប់បច្ចេកទេសប្រកបដោយគុណភាពខ្ពស់ មិនប៉ះពាល់ដល់សំណង់ចាស់ដែលទ្រុឌទ្រោមខូចខាត ព្រមទាំងគិតពីសុវត្ថិភាព រួចនៃក្រុមការងារដែលកំពុងតែអនុវត្តផង៕

អត្ថបទ៖ ឆាយ ផាន់នីហ៊ុន
រូបភាព៖ លោក ភោគ ជា

អត្ថបទដែលជាប់ទាក់ទង