សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាកន្លែងផ្តល់ចំណេះដឹងដល់ សិស្សានុសិស្សលើវិស័យវាយនភណ្ឌ

ខេត្តសៀមរាប ៖ ដោយមានកិច្ចសហប្រតិបត្តិការ រវាងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសាលាហ្គោគ្លូប៊ល នៃគ្រឹះស្ថានអប់រំឯកជន ក្នុងក្រុងសៀមរាប គឺចាប់ពីថ្ងៃទី១៥ ដល់ទី១៨ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំសិស្សានុសិស្សចំនួន ១១៩នាក់ ក្នុងនោះមានសិស្សថ្នាក់ទី៥ និងថ្នាក់ទី៦ សរុបចំនួន ៧ថ្នាក់ ចុះទស្សនកិច្ចសិក្សា នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីស្វែងយល់ពីពិព័រណ៍ផលិតផលសូត្រ មកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ រួមមាន៖ ឥណ្ឌា កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម ព្រមទាំងការអនុវត្តដោយផ្ទាល់ លើការងារជ្រលក់ពណ៌។

អ្នកស្រី ឡៅ ស្រីម៉ុច ប្រធានផ្នែកមធ្យមសិក្សាចំណេះទូទៅ នៃសាលាហ្គោគ្លូប៊ល បានឱ្យដឹងថា ការដឹកនាំសិស្ស មកធ្វើទស្សនកិច្ចនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺចង់ឱ្យសិស្សទាំងអស់ បានសិក្សាបន្ថែមអំពីប្រវត្តិ នៃសម្លៀកបំពាក់នៅតំបន់អាស៊ី ដែលស្ថិតនៅតាមទន្លេមេគង្គ មានសម្លៀកបំពាក់ប្រពៃណី ការផលិត ឧបករណ៍តម្បាញ វត្ថុធាតុដើម វិធីសាស្ត្រផលិត ដែលធ្វើឱ្យសិស្សស្វែងយល់ពីបានច្រើនពីវាយនភណ្ឌ។

នាយកស្តីទី នៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន បានឱ្យដឹងដែរថា សារមន្ទីរមាន សេចក្តីសោមនស្សរីករាយ ដែលគណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូជំនាញ ចង់បង្ហាញពីការយកចិត្តទុកដាក់ការលើកតម្លៃលើវិស័យវាយនភណ្ឌលើប្រទេសទាំង៦ ពិសេសប្រទេសកម្ពុជា។

លោកបន្តថា សារមន្ទីរ បានផ្ដល់ជូនដល់សិស្សានុសិស្ស គឺឱ្យពួកគាត់ចូលទស្សនា តាមសាលតាំងពិព័រណ៍នីមួយៗ ដើម្បីឱ្យគាត់បានសិក្សាស្វែងយល់អំពីភាពខុសប្លែកគ្នា នៃវាយនភណ្ឌប្រទេសទាំង៦។

បន្ថែមពីនេះ សិស្សានុសិស្ស ក៏អាចអនុវត្តជ្រលក់ពណ៌ ដែលជាផ្នែកមួយនៅក្នុងដំណាក់កាល នៃការត្បាញវាយនភណ្ឌ ដើម្បីបានពណ៌ផ្សេងៗ តាមការចង់បានរបស់អ្នកត្បាញ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា

អត្ថបទដែលជាប់ទាក់ទង