ប្រជាពលរដ្ឋជិត៣០០គ្រួសារ រស់នៅតំបន់តាលៈ ​ឃុំរាម​ ស្រុកព្រៃនប់ សំណូមពរ​ លោកអភិបាលខេត្តព្រះសីហនុ ស្នើសុំកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ​២០០២ ដើម្បីផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋចំនួន ២៩៤គ្រួសារ រស់នៅតំបន់តាលៈ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សំណូមពរដល់ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្នើសុំកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ​២០០២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើទំហំផ្ទៃដីមួយកន្លែង ដែលប្រជាពលរដ្ឋ បាននឹងកំពុងរស់នៅអាស្រ័យផល តាំងពីឆ្នាំ​១៩៩៥ បន្ត​រហូត​មកដល់ពេលបច្ចុប្បន្ននេះ។

នៅក្នុងសំណើសុំកាត់ឆ្វៀលដី របស់ប្រជាពលរដ្ឋទាំង ២៩៤គ្រួសារ រស់នៅតំបន់តាលៈ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០២៣ ដាក់ជូន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាមរយៈលោកមេឃុំរាម និងលោក អភិបាលស្រុកព្រៃនប់ ហើយដោយយោងតាម សេចក្តីជូនដំណឹងលេខ ២២០/២២ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ​២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការប្រកាសកំណត់តំបន់វិនិច្ឆ័យ (ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ) នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២២។

យោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការ កម្មវិធីអនុអន្តវិស័យរដ្ឋបាលដីធ្លី​ខេត្តព្រះសីហនុ ស្តីពីការបិទបញ្ចប់ដំណើរការវាស់វែង នៃការប្រមូលទិន្នន័យ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលើកចុងក្រោយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០២៣។

ត្រង់ចំណុចនេះ ដោយឡែក សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់តាលៈ ដែលមានចំនួន​ ២៩៤គ្រួសារ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម​ដូចគ្នានេះដែរ គឺនៅពុំទាន់បានទទួលការវាស់វែងដីធ្លី ​ដើម្បីទទួលបានសិទ្ធិកាន់កាប់ដីធ្លី ​ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលនៅឡើយទេ។ ដោយហេតុ​ថា ដីនៅតំបន់នេះ បានស្ថិតនៅក្នុងគម្រោងគម្របព្រៃឈើឆ្នាំ​២០០២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។

ផ្តើមពីបញ្ហានេះ តំណាងប្រជាពលរដ្ឋរស់នៅតំបន់តាលៈ មានចំនួន ២៩៤គ្រួសារ បានសំណូមពរជាថ្មីទៀតតាមរយៈ​ គេហទំព័រ «កម្ពុជាថ្ងៃនេះ»  ជម្រាបជូនដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មេត្តាជួយពិនិត្យ និងសម្របសម្រួល ដើម្បីឈានដល់មន្ត្រីស្ថាប័នជំនាញ កាត់ឆ្វៀលដីចេញពីគម្រោងគម្របព្រៃឈើឆ្នាំ​២០០២ របស់ក្រសួងកសិកម្ម ដើម្បីបានវាស់វែងដីផ្តល់ប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍នេះ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។

តំណាងពលរដ្ឋ បន្តទៀតថា នៅភូមិស្មាច់ដែងនេះ មានប្រជាពលរដ្ឋ ប្រមាណពាក់កណ្តាល នៃអត្រាពលរដ្ឋ រស់នៅក្នុងភូមិស្មាច់ដែងនេះ ត្រូវបានអាជ្ញាធរស្ថាប័នជំនាញ ចុះវាស់វែងក្បាលដីផ្តល់ប្លងកម្មសិទ្ធិរួចហើយ គឺនៅឡើយតែប្រជាពលរដ្ឋពួកគាត់ ចំនួន ២៩៤គ្រួសារទៀត មិនទាន់បានកាត់ឆ្វៀល ឬវាស់វែងនៅឡើយទេ។

ទោះជាបែបនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង លោកអភិបាលស្រុកព្រៃនប់ ជាពិសេសលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនឹងសំណូមពរ ឬសំណើរ របស់ប្រជាពលរដ្ឋទាំង ២៩៤គ្រួសារ រស់នៅតំបន់តាលៈ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ដែលស្នើសុំកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ​២០០២ ដើម្បីឈានដល់វាស់វែងដី ផ្តល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋប្រើប្រាស់​​ស្របច្បាប់​បាន​ទេ នៅរសៀលថ្ងៃសុក្រ ទី​១៩ ខែឧសភា ឆ្នាំ​២០២៣នេះ។

យ៉ាងនេះក្តី ក្រុមប្រជាពលរដ្ឋជិត ៣០០គ្រួសារ រស់នៅតំបន់តាលៈ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ មានជំនឿថា លោកអភិបាលខេត្តព្រះសីហនុ គួច ចំរើន នឹងពិនិត្យពិចារណាទៅលើសំណើរសុំកាត់ឆ្វៀលដី ផ្តល់ប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ ក្នុងពេលដ៏ឆាប់ខាងមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង