បង្ក្រាបសង្វៀនជល់មាន់ ដ៏ធំមួយកន្លែងនៅខេត្តបាត់ដំបង ឃាត់ខ្លួនអ្នកលេង១៩នាក់ និងដកហូតវត្ថុតាងច្រើនទៀត

ខេត្តបាត់ដំបង ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃដ្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិវត្តគរ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង បានឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់ដ៏ធំមួយកន្លែង សរុបមានគ្នាចំនួន ១៩នាក់ ខណៈអ្នកលេងជាច្រើននាក់ទៀតរត់គេចខ្លួន យ៉ាងប្រសាចពេញវាលស្រែ។

សកម្មភាពចុះបង្ក្រាបសង្វៀនជល់មាន់នេះ ខណៈពេលកម្លាំងអធិការក្រុងបាត់ដំបង និងកម្លាំងមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលសង្កាត់វត្តគរ ហាក់ត្រូវដងត្រូវផ្លែ ជាមួយម្ចាស់សង្វៀនជល់មាន់ទាំងនោះ។

ក្រៅពីបានឃាត់ខ្លួន ក្រុមអ្នកញៀនល្បែងជល់មាន់ទាំង ១៩នាក់នេះ សមត្ថកិច្ច ក៏បានរឹបអូសវត្ថុតាងជាច្រើនទៀត រួមមាន៖ មាន់ជល់ចំនួន ៤ក្បាល, ម៉ូតូអ្នកលេងចំនួន ១៦គ្រឿង, បន្ទះកៅស៊ូសម្រាប់រៀបធ្វើសង្វៀនជល់មាន់ ០៦ដុំ, ជញ្ជីងថ្លឹងផ្គូរផ្គងមាន់ ០១ និងសម្ភារៈពាក់ព័ន្ធជាច្រើនទៀត ដែលក្រុមអ្នកលេងរត់ចោល។

សមត្ថកិច្ច បញ្ជាក់ថា កន្លងមកនៅក្នុងមូលដ្ឋានសង្កាត់វត្តគរខាងលើនេះ ក្រុមអ្នកញៀនល្បែងស៊ីសងទាំងនោះ តែងប្រមូលផ្ដុំគ្នាលេងជាញឹកញាប់ និងមានបើកលេងច្រើនកន្លែង ហើយមន្ត្រីប៉ុស្ដិ៍រដ្ឋបាល ឬកម្លាំងអធិការក្រុងបាត់ដំបង មិនដែលចុះបង្ក្រាបនោះទេ។ ទើបតែពេលនេះ កម្លាំងសមត្ថកិច្ច មកពីស្នងការខេត្ត បានចុះបង្ក្រាបផ្ទាល់ ទើបគេនាំគ្នាធ្វើជាភ្ញាក់ផ្អើល។

ត្រង់ចំណុចនេះ មតិសាធារណជន បានចោទ សមត្ថកិច្ចមូលដ្ឋាន ថាជាអ្នកផ្ដល់ភ្លើងខៀវ ឲ្យមានការបើកល្បែងស៊ីសងទាំងនេះ។

ប្រភពបន្តថា សង្វៀនជល់មាន់ដូចគ្នានឹះ ក៏កំពុងធ្វើសកម្មភាព នៅស្រុកមោងឬស្សី, ស្រុកសង្កែ, ស្រុកបាណន់, ស្រុកបវេល និងស្រុកថ្មគោលផងដែរ។

ប្រភពសង្កត់ធកងន់ថា សង្វៀនជល់មាន់នៅតាមមូលដ្ឋានទាំងនេះ បើគ្មានមន្ត្រីមានអំណាច ឬសមត្ថកិច្ច នៅពីក្រោយ នៃបនល្បែងខុសច្បាប់ទាំងនេះទេ គឺមិនអាចបើកដំណើរការបានយ៉ាងរលូនបានឡើយ។

ចំពោះករណី ក្រុមអ្នកជល់មាន់ទាំង ១៩នាក់ ដែលត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនខាងលើនេះ បើតាម លោក ឈឿង គឹមសុង ស្នងការរងទទួលដឹកនាំកិច្ចការងារការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ពេលនេះមន្ត្រីជំនាញកំពុងតែសួរនាំតែក្រោយបញ្ចប់នីតិវិធី លោកស្នងការខេត្តនិងលោកព្រះរាជអាជ្ញាបញ្ជាឲ្យរៀបចំសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ហើយ៕

អត្ថបទដែលជាប់ទាក់ទង