អាជ្ញាធរជាតិអប្សរា កំពុងទម្លាក់ទឹកពីបារាយណ៍ទឹកថ្លា សម្រាប់ស្រោចស្រពស្រែប្រាំង របស់ប្រជាពលរដ្ឋ

ខេត្តសៀមរាប ៖ ក្រៅពីជាអាងស្ដុកទឹកដ៏ធំជាងគេ នៅរមណីយដ្ឋានអង្គរ សម្រាប់ជួយកិច្ចការងារអភិរក្សប្រាសាទ បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ក៏ជាប្រភពទឹកដ៏សំខាន់ សម្រាប់ការស្រោចស្រព​ស្រែប្រាំ​ង របស់ពលរដ្ឋ នៅប៉ែកខាងក្រោម ដែលសរុបមានជិត ៧ពាន់គ្រួសារ។

លោក យុត យ៉ែម មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរ បានចាប់ផ្តើមបើកទឹកទម្លាក់ជូន ប្រជាពលរដ្ឋដើម្បី ស្រោចស្រពស្រែប្រាំង ចាប់ពីខែធ្នូ ឆ្នាំ២០២៣ និងបន្តរហូតដល់បច្ចុប្បន្ន។

លោកបន្តថា ការងារនេះ គឺអាជ្ញាធរជាតិអប្សរា ក្នុងនាមអ្នកគ្រប់គ្រងទឹកបារាយណ៍ទឹកថ្លា តែងតែយកចិត្តទុកដាក់ និងមិនដែលឱ្យមានការរាំងស្ទះទឹកជូន ពលរដ្ឋឡើយ ក្នុងបំណងជួយឱ្យការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាពលរដ្ឋ បានទិន្នផលល្អ។

ជាមួយនឹងការងារសម្រួលទឹកជូន ពលរដ្ឋនេះដែរ លោក យុត យ៉ែម បន្ថែមថា ក្រុមការងារលោកតែងចុះជាប្រចាំ ដោយពេលខ្លះ បានជួសជុលប្រឡាយបញ្ជូនទឹកដែលបែកបាក់ និងពិនិត្យទ្វារទឹកឱ្យដំណើរការល្អ ពេលបិទបើកជាដើម។

តំណាងក្រុមសហគមន៍ កសិករប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា លោក ហួត ហាយ បានឱ្យដឹងថា ការប្រើប្រាស់ទឹកនៅឆ្នាំនេះរបស់កសិករ គឺមានភាពល្អប្រសើរ។ ក្នុងនាមកសិករមួយរូប  លោកក៏សូមថ្លែងអំណរគុណដល់​ អាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកដាក់ការងារគ្រប់គ្រងទឹក និងទម្លាក់ទឹកជូនពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ និងទាន់ពេលវេលា។

លោកបន្ថែមថា ស្រែប្រាំងរបស់ប្រជាពលរដ្ឋ​​ គឺពឹងមួយផ្នែកធំលើទឹកបារាយណ៍ ក្រៅពីទាញទឹកពីទំនប់៧៨ និងទឹកពីបឹងទន្លេសាប។

សូមបញ្ជាក់ថា សហគមន៍ ដែលកំពុងប្រើប្រាស់ទឹកបារាយណ៍សរុបមានចំនួន ៩ឃុំ-សង្កាត់ មាន ៦៥ភូមិ និង ៦៨១៨គ្រួសារ ស្មើនឹងផ្ទៃដីសរុប ៧៨៥០ហិកតា៕

អត្ថបទ៖ នាង សំណាង

រូបភាព៖ ភោគ ជា

អត្ថបទដែលជាប់ទាក់ទង