នគរបាលខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យជនជាតិចិន ៣នាក់ ទៅកាន់តុលាការផ្តន្ទាទោស ពាក់ព័ន្ធបទល្មើសចាប់បង្ខាំងមនុស្ស

ខេត្តព្រះសីហនុ ៖​ មន្ត្រីជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ​២០២៣នេះ សមត្ថកិច្ច នគរបាល បានបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន ០៣នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធបទល្មើស ចាប់បង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារប្រាក់ នៅក្នុងក្រុងព្រះសីហនុ។ ​ចំណែកជនរងគ្រោះម្នាក់ទៀត ដែលជាជនជាតិចិនដូចគ្នា ត្រូវ​បាន​ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រគល់ជូន មន្ទីរជំនាញ នៃមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន ខេត្តព្រះសីហនុ អនុវត្តបន្តតាមនីតិវិធី។

ទាក់ទិនបញ្ហានេះ មន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គមមួយចំនួន ប្រចាំខេត្តព្រះសីហនុ ថ្លែងព្រួយបារម្ភអំពីបទល្មើសចាប់បង្ខាំមនុស្សជំរិតទារប្រាក់ បង្កឡើងដោយជនជាតិចិន ​បានបន្តកើតមានជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ ទោះបី សមត្ថកិច្ចជំនាញ​ បានចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជនជាតិចិន ជាច្រើននាក់ ​បញ្ជូនទៅកាន់សាលដំបូងផ្តន្ទាទោស ជាច្រើនករណីបែបណាក្តី ក៏បទល្មើសនេះ នៅតែបន្តកើតមានរហូតមកដល់ពេលនេះ។

ការព្រួយបារម្ភជាថ្មី របស់មន្ត្រីសង្គមស៊ីវិលពេលនេះ ស្របពេល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញមុខជនសង្ស័យជនជាតិចិនចំនួន ០៣នាក់ ដែលសមត្ថកិច្ចបង្ក្រាបបាន ពាក់ព័ន្ធបទល្មើសចាប់បង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារប្រាក់ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។



​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងនៅល្ងាចថ្ងៃអាទិត្យ​ ទី១២ ខែមីនា ឆ្នាំ២០២៣ថា កម្លាំងនគរបាលជំនាញ ពិតជាបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន ០៣នាក់ ពាក់ពន្ធ័បទល្មើសចាប់បង្ខាំងជនជាតិចិន ដូចគ្នា ដើម្បីជំរិតទារប្រាក់ពិតប្រាកដមែន។ លោកបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូត អាវុធខ្លី គ្រាប់កាំភ្លើង ថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនទៀត។ ហើយ ក្នុងយុទ្ធនាការ​នេះ កម្លាំងនគរបាល ក៏បានរំដោះជនរងគ្រោះ ជនជាតិចិនម្នាក់ ដែលត្រូវបានជនល្មើសចាប់បង្ខាំង ទុកក្នុងអគារខុនដូរ ដើម្បីចាប់ជំរិតដោយសុវត្ថិភាពផងដែរ។

លោកស្នងការ ​បន្តថា ចំពោះប្រតិបត្តិការបង្ក្រាបបទល្មើសចាប់ជំរិតនេះ គឺធ្វើឡើងនៅរសៀថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីមានបណ្តឹងតាមរយៈទំព័រហ្វេសប៊ុកផេក របស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ជារឲ្យសមត្ថកិច្ចជួយស្វែងរកជនជាតិចិន ចំនួន ០១នាក់ ឈ្មោះ HU RONG ភេទប្រុស អាយុ ៣២ឆ្នាំ ដែលបាត់ខ្លួននៅក្នុងខេត្តព្រះសីហនុ។

លោក ជួន ណារិន្ទ បញ្ជាក់បន្ថែមថា តាមរយៈការស្រាវជ្រាវ របស់ សមត្ថកិច្ចជំនាញ និងចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងចំរុះ បានចុះស្រាវជ្រាវពីទីតាំងមួយទៅទីតាំងមួយផ្សេងៗ ក្នុងក្រុងព្រះសីហនុ និងចុងក្រោយ បានចុះទៅដល់ ខុនដូរឈ្មោះ LZ SEAVIEW RESIDDENCE ស្ថិតនៅភូមិ ៥ សង្កាត់៤ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ហើយបានរកឃើញជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសបង្ខាំមនុស្ស ចំនួន ០៣នាក់ មានឈ្មោះ ៖
១- HEI LONGJIANG ភេទប្រុស ជនជាតិចិន អាយុ ៣៨ឆ្នាំ។
២- ZHOU LAI ភេទប្រុស ជនជាតិចិន អាយុ ២៨ឆ្នាំ។
៣- WANG JIANPING ភេទប្រុស ជនជាតិចិន អាយុ ២៣ឆ្នាំ។
សម្ភារៈដកហូតបាន រួមមាន៖
១. រថយន្ត AUDI ពណ៌ ខ្មៅ ស្លាកលេខ 2AD8796 (១គ្រឿង) ម្ចាស់ឈ្មោះ ZHOU LAI
២. រថយន្ត RANDROVER ពណ៌ ខ្មៅ ស្លាកលេខ កម្ពុជា CAR.LIF7 (១គ្រឿង) ម្ចាស់ឈ្មោះ WANG JIAN PING
៣. រថយន្ត RANDROVER ពណ៌ ខ្មៅ ស្លាកលេខ ភ្នំពេញ 2AW-5665 (១គ្រឿង) ម្ចាស់ឈ្មោះ HEILONG JIANG
៤. អាវុធ ខ្លី GLOCK 19 GEN 4 ១០គ្រាប់ (មួយដើម) របស់ឈ្មោះ WANG JIAN PING
៥. អាវុធ GLOCK 17 ខ្លី ប្រើហ្គាស (មួយដើម) របស់ឈ្មោះ WANG JIAN PING
៦. ទូរស័ព្ទ ចំនួន ០២គ្រឿង IPHONE 14 PRO , IPHONE 13
៧. ដំបងដែក (០១ដើម )
៨. គ្រឿងញៀន មួយចំនួនធំ និងសម្ភារៈពាក់ពន្ធ័មួយចំនួន
៩. លិខិតឆ្លងដែន (០១ច្បាប់)​​៕

អត្ថបទដែលជាប់ទាក់ទង