​មនុស្ស២នាក់​បានស្លាប់ និង៤នាក់ទៀត កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី បន្ទាប់ពីបរិភោគសាច់ជ្រូកព្រៃ​

ខេត្តមណ្ឌលគិរី ៖ មន្ត្រីមន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បន្ទាប់ពីមានជនរងគ្រោះ២នាក់ បានស្លាប់  ក៏នៅមានជនរងគ្រោះ ៤ផ្សេងទៀត កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បន្ទាប់ពីពលរដ្ឋទាំងនោះ បានពិសាសាច់ជ្រូកព្រៃ​។

លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី មានប្រសាសន៍នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ​២០២៤នេះថា ស្ថានភាពជនរងគ្រោះទាំង ៤នាក់ ដែលកំពុងសង្គ្រោះបន្ទាន់ គឺមានសភាពធ្ងន់ធ្ងរ ដោយខ្យល់​ដង្ហើមចុះខ្សោយខ្លាំង ហើយបច្ចុប្បន្ន ក្រុមគ្រូពេទ្យ កំពុងព្យាយាមសង្គ្រោះអាយុជីវិត របស់ពួកគាត់ ដោយយកចិត្តទុកដាក់។

លោកបន្តថា ករណីនេះខាងលើនេះ នៅមិនទាន់ច្បាស់​ថា ជនរងគ្រោះពុលសាច់ជ្រូកព្រៃ ឬពុលគ្រឿងផ្សំ ដែលយកទៅប្រឡាក់ ឬផ្សំគ្រឿងជាមួយសាច់ជ្រូកព្រៃនោះទេ ដោយពេលនេះ ក្រុមគ្រូពេទ្យ បានប្រមូលសំណាក បញ្ជូនទៅកាន់​មន្ទីរពិសោធន៍រួចហើយ ប៉ុន្តែមិនទាន់ចេញលទ្ធផល នៅឡើយទេ។

សូមបញ្ជាក់ថា​ មនុស្ស ២នាក់ បានស្លាប់ និង៤នាក់ទៀត ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដើម្បីសង្រ្គោះបន្ទាន់ បន្ទាប់ពីជនរងគ្រោះទាំងនោះ បានពិសាមុខម្ហូបចំអិនពីសាច់ជ្រូកព្រៃ កាលនៅថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០២៤។ ហើយហេតុការណ៍នេះ បាន​កើតឡើងនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

តាមរបាយការណ៍ របស់មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះខាងលើមានឈ្មោះ៖

  • ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ព្នង (ស្លាប់) នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី
  • ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក
  • ​ឈ្មោះ ជីនាន វិសាល ភេទប្រុស អាយុ ០៦ឆ្នាំ ជនជាតិខ្មែរ (កំពុងសង្គ្រោះ)​
  • ឈ្មោះ ជីនាន ពិសី ភេទស្រី អាយុ ០៤ឆ្នាំ ជនជាតិខ្មែរ (កំពុងសង្គ្រោះ)
  • ឈ្មោះ កែវ ស្នា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ (កំពុងសង្គ្រោះ) និងជនរងគ្រោះម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ។

បច្ចុប្បន្នករណីខាងលើនេះ មន្ត្រីជំនាញ នៃមន្ទីសុខាភិបាលខេត្តមណ្ឌលគិរី និងកម្លាំងសមត្ថកិច្ច​ជំនាញ កំពុងបន្តចុះស្រាវជ្រាវ ករណីពលរដ្ឋពិសាសាច់ជ្រូកព្រៃ ឈានដល់បាត់បង់អាយុជីវិតនេះ៕ ដោយ៖ តាស្រុះ

អត្ថបទដែលជាប់ទាក់ទង