អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា»

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា» ក្នុងគោលបំណងពង្រឹងសមត្ថភាពន្ថែមលើជំនាញស្រាវជ្រាវ បុរាណវិទ្យាដល់ មន្រ្តី-បុគ្គលិក និងកម្មករ ឱ្យមានជំនាញលើការស្រាវជ្រាវវិធីសាស្រ្ត ក្នុងការរៀបចំទុកដាក់ភស្តុតាង បានពីកំណាយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

មន្រ្តី-បុគ្គលិក និងកម្មករជំនាញដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ មានចំនួន ៣៧នាក់ ផ្តោតលើមាតិកាសំខាន់ៗ ដូចជា៖  ទី១- សារសំខាន់បុរាណវិទ្យា ចំពោះការស្វែងយល់ពីប្រវត្តិសាស្រ្ត

ទី២- វិធីមើលស្រទាប់ដី ក្នុងការសិក្សាបុរាណវិទ្យា

ទី៣- សារសំខាន់ស្រទាប់ដី ក្នុងការសិក្សាបុរាណវិទ្យា

ទី៤- ចុះសិក្សាផ្ទាល់នៅការដ្ឋានកំណាយសំខាន់ៗ នៅក្នុងតំបន់អង្គរ វិធីធ្វើកំណាយ របៀបកត់ត្រាស្រទាប់ដី និងថតរូប

ទី៥- សារសំខាន់ នៃកំណាយបុរាណវិទ្យា និងបុរាណវត្ថុដែលប្រទះឃើញ។

លោក អ៉ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងតំណាងលោក ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា ដែលអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលនេះ មានប្រាសាសន៍ថា ទោះបីវគ្គបណ្តុះបណ្តាលនេះ មានរយៈពេលខ្លី តែបានផ្តល់ជាគន្លឹះយ៉ាងសំខាន់បន្ថែមទៀតសម្រាប់ មន្រ្តី-បុគ្គលិកផ្នែកបុរាណវិទ្យា និងកម្មករជំនាញ ដែលធ្វើការផ្ទាល់ នៅតាមការដ្ឋាន និងបានសិក្សា នូវទ្រឹស្តីបន្ថែម ដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាព ត្រឹមត្រូវតាមស្តង់ដារតែមួយ។ ជាពិសេស អ្នកដែលធ្វើការផ្ទាល់នៅតាមប្រាសាទ មានស្លាកសញ្ញាព័ត៌មានផ្សេងៗ។ ដូច្នេះ វគ្គបណ្តុះបណ្តាលនេះ ប្រៀបបានការបន្ថែមចំណេះដឹង ឱ្យបានដឹងពីសញ្ញាណទូទៅ នៃបុរាណវិទ្យា និងសញ្ញាណទូទៅ នៃប្រវត្តិសាស្រ្ត។

សូមជម្រាបថា អាជ្ញាធរជាតិអប្សរាតែងបានយកចិត្តទុកដាក់ ចំពោះការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញដល់ មន្ត្រី-បុគ្គលិក ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹង ក្នុងកិច្ចការអភិរក្ស ជួសជុសបុរាណដ្ឋាន ក្នុងតំបន់អង្គរឱ្យកាន់តែប្រសើរឡើង ដោយមានទាំងគ្រូជំនាញជាតិ និងអន្តរជាតិមកបង្រៀន។

លើសពីនេះទៀត ក្រៅពីយកចិត្តទុកដាក់លើការអភិរក្ស និងជួសជុល ក៏មានបង្រៀនជំនាញសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរណ៍ ដើម្បីជួយសង្គ្រោះដល់ភ្ញៀវទេសចរ ដែលមកទស្សនា នៅក្នុងតំបន់អង្គរឱ្យមានភាពកក់ក្តៅ និងសុវត្ថិភាព៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ភោគ ជា

អត្ថបទដែលជាប់ទាក់ទង