តើឧកញ៉ា​ ហ៊ី គឹម​ហុង​ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ អាចមានវាសនាដូច ឧកញ៉ា ជា សារ៉ន ដែរឬទេ? ខណៈគេចមិនមកជួបពលរដ្ឋរងគ្រោះ នៅខេត្តកំពត?

ខេត្តកំពត ៖ នៅទីបំផុត លោកឧកញ៉ា​ ហ៊ី គឹម​ហុង​ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ មិនហ៊ានចូលខ្លួនតាមលិខិតកោះហៅ របស់មន្ត្រីនគរបាលយុត្តិធម៌ ខេត្តកំពតទេ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

មន្ត្រីនគរបាលខេត្តកំពត បញ្ជាក់ថា ដំណោះស្រាយនៅថ្ងៃចន្ទនេះ រវាងប្រជាពលរដ្ឋរងគ្រោះ ជាមួយក្រុមហ៊ុនពិភពដីមាស មិនទាន់មានការឯកភាពពីប្រជាពលរដ្ឋនោះទេ។ ហើយ ប្រជាពលរដ្ឋ រងគ្រោះរាប់រយគ្រួសារ ចង់ជួបជាមួយ លោកឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស ដោយផ្ទាល់ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ។

ចំពោះករណីនេះ មន្ត្រីនគរបាលយុត្តិធម៌ ខេត្តកំពត សង្ឃឹមថា លោកឧកញ៉ា ហ៊ី គឹមហុង នឹងអញ្ចើញមកជួបប្រជាពលរដ្ឋ ដោយមិនចាំបាច់មានលិខិតកោះហៅជាលើកទី២ ពីមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបញ្ជាក់អំពីទំនួលខុសត្រូវច្បាស់លាស់ របស់ក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋរងគ្រោះចំនួន ៤៨៤ គ្រួសារ ជាក់ជាមិនខានឡើយ។

នេះបើយោងតាម ការផ្សព្វផ្សាយ ក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។

ត្រង់ចំណុចនេះ មានមតិមួយចំនួន បានលើកឡើងថា អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ ទំនងជាបារម្ភខ្លាចមាន ជោគវាសនា ដូច ឧកញ៉ា ជា សារ៉ន ហើយមើលទៅ ទើបលោកឧកញ៉ា​ ហ៊ី គឹម​ហុង​ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ មិនហ៊ាន​ចូលខ្លួន មកបំភ្លឺ​តាម​លិខិត​អញ្ជើញ ​របស់​ស្នងការ​នគរបាល​ខេត្ត​កំពត​ នៅថ្ងៃទី២៦ ខែមិថុនានេះ ដោយត្រឹមបានចាត់តំណាង​ម្នាក់​ មកជួប​ជាមួយ ប្រជាពលរដ្ឋ​រងគ្រោះ​ ហើយគ្មានសិទ្ធិសម្រេចអ្វីទាំងអស់។

ក្នុង​ការ​ជួបជជែក​គ្នា​នេះ​ តំណាង​ក្រុមហ៊ុន​ មិនអាចដោះស្រាយ​អ្វី​បានទាំងអស់​ ពោលគឺមកតែបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ ចំណែក​ប្រជាពលរដ្ឋ​រងគ្រោះ បានទាមទារ​អោយ​ក្រុមហ៊ុន​ពិភពដីមាស ត្រូវប្រគល់​ថវិកា​សងមកពួកគាត់វិញ​។

បេីតាម​តួលេខ​បណ្ដឹង​ ដែល​ស្នងការ​ខេត្ត​កំពត​ ទទួលបាន​ គឺមានរហូតដល់ជាង​ ៤៨៤បណ្ដឹង​ និង​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ចន្លោះពី ៧លានដុល្លារ​ ទៅ​ ៨​ លានដុល្លារ​អាមេរិក ឯណោះ​។

ផ្តើមពីបញ្ហានេះ លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បញ្ជាក់ថា​ រូបលោក នឹងធ្វេីលិខិត​កោះហៅ​ លោកឧកញ៉ា​ ហ៊ី​ គឹម​ហុង​ មក​បំភ្លឺ​ជាលេីកទី​២​ ហើយក្នុង​ករណី​ ឧកញ៉ា​រូបនេះ មិនព្រមចូលខ្លួនមកបំភ្លឺតាមការអញ្ចើញទេ រូបលោកនឹង​សុំគោលការណ៍​ពីព្រះរាជ​អាជ្ញា​ ដេីម្បី​ចាត់​ការ​បន្តតាម​នីតិវិធី​ច្បាប់​ ជាបន្តទៀត។

ទាក់ទិនបញ្ហានេះ សាធារណជន មានមន្ទឹលថា ហេតុអ្វីបានជា លោកឧកញ៉ា​ ហ៊ី គឹម​ហុង ​អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ មិនហ៊ានចូលខ្លួនមកជួប ប្រជាពលរដ្ឋ បើខ្លួន ពិតជាមិនរកសុីបោកប្រាស់ពលរដ្ឋ ទេ គឺខ្លាចអី ចូលខ្លួនមកជួបផ្ទាល់ ដើម្បីពិភាក្សារកដំណោះស្រាយ ជាមួយប្រជាពលរដ្ឋ។

ប៉ុន្តែបើបែរជា ធ្វើសកម្មភាពបោកប្រាស់ ដូចបណ្តឹង របស់ប្រជាពលរដ្ឋ ទាំង ៤៨៤បណ្តឹង ដូចលោកស្នងការ អះអាងមែននោះ គឺទំនងជា មិនអាចគេចផុត ឬអាចនឹងមានវាសនាដូច លោកឧកញ៉ា ជា សារ៉ន អគ្គនាយកក្រុមហ៊ុន ជាសារ៉នគ្រុប យ៉ាងពិតប្រាកដជាក់ជាមុនខាន៕

អត្ថបទដែលជាប់ទាក់ទង