ផ្ទុះអាវុធមួយប្រាវ នៅច្រកទ្វារអន្តរជាតិភ្នំដឹន ជាមួយ​គយចល័ត ឃាត់ខ្លួននាយរងនគរបាលសេដ្ឋកិច្ចម្នាក់

ខេត្តតាកែវ ៖  កម្លាំងនគរបាល ផ្នែកសេដ្ឋកិច្ចម្នាក់ ប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដឹន ស្រុកគីរីវង់ ខេត្តតាកែវ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួន បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីសួរនាំ ក្រោយ​ផ្ទុះអាវុធ ជាមួយគយចល័ត នៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅក្បែរច្រកទ្វារអន្តរជាតិភ្នំដឹន។

សាក្សីឃើញហេតុការផ្ទុះអាវុធ បានឲ្យដឹងថា មុនពេលកើតហេតុ ទំនងជាអាចមានការកាចកុងគ្នា រវាងគយចល័ត និងមន្ត្រីនគរបាលសេដ្ឋកិច្ច ប្រចាំការនៅច្រកទ្វារព្រំដែនខាងលើ ព្រោះឃើញមានរថយន្តដឹកទំនិញ សំពីងសំពោងជាច្រើនគ្រឿងបានឈប់បន្តកន្ទុយគ្នា នៅក្បែរកន្លែងផ្ទុះអាវុធនោះ។

សាក្សីបញ្ជាក់ថា ទំនងអាចសង្ស័យខាងមន្ត្រីនគរបាលសេដ្ឋកិច្ច ​ជាអ្នកកាងរថយន្តដឹកទំនិញទាំងនោះ ហើយគេចមិនព្រមបង់ពន្ធទៅឲ្យគយចល័ត ទើប​កើតជាជម្លោះ​ផ្ទុះអាវុធ ទៅលើមន្ត្រីគយចល័ត​។

ក្រោយកើតហេតុ គឺមានរថយន្តដឹកទំនិញចំនួន ០៦​គ្រឿង ត្រូវបានជំនាញនាំយកមករក្សាទុក នៅស្នាក់ការគយ និងរដ្ឋាករខេត្តកែវ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់​។

​ទាក់ទិនបញ្ហានេះ លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ បានឲ្យដឹងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ថា ពិតជាមានមន្ត្រីនគរបាល​សេដ្ឋកិច្ចប្រចាំការ នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដឹន បានផ្ទុះអាវុធ មកលើមន្ត្រីគយចល័យពិតមែន ដោយមន្ត្រីនគរបាលសេដ្ឋកិច្ចរូបនោះ ជាអ្នកកាងរថយន្តដឹកទំនិញពេល​យប់។

លោកបន្តថា ​ចំពោះនាយរង​ការិយាល័យសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ ដែលត្រូវបានឃាត់ខ្លួននោះ ឈ្មោះ ណុប សំបូរ ភេទប្រុស អាយុ ៣១​ឆ្នាំ ហើយត្រូវឃាត់ខ្លួន ក្នុងករណីបទល្មើសជាក់ស្តែង កាលពីថ្ងៃទី​០២ ខែកក្កដា ឆ្នាំ២០២៣ រួមជាមួយវត្ថុតាងកាំភ្លេីងខ្លីម៉ាក GLOCK លេខ DZH980 គ្រាប់កាំភ្លេីងចំនួន ១៥គ្រាប់ (គ្រាប់ពណ៌ទឹកប្រាក់ចំនួន ១០គ្រាប់) បង់កាំភ្លេីងចំនួន០១ និងរថយន្ត ០១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BY-9899​។

​លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេន ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ បានឲ្យដឹងដែរថា ករណីផ្ទុះអាវុធខាងលើនេះ សមត្ថកិច្ច​ជំនាញ របស់លោក បានរៀបចំសំណុំរឿង បញ្ជូនទៅកាន់តុលាការបន្តនីតិវិធីតាមច្បាប់៕ ប្រភព ៖ វណ្ណា ព័ត៌មានតាកែវ

អត្ថបទដែលជាប់ទាក់ទង