កម្ពុជា​ ហាមឃាត់បុគ្គល២២នាក់ ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យ របស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា និងត្រូវចាកចេញបន្ទាន់ ​រយៈពេល៤៨ម៉ោង

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣​នេះ បាន​ហាមប្រាមបុគ្គលចំនួន ២២នាក់ ដែលជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យ របស់ក្រុមហ៊ុន Meta Platforms Inc មិនឲ្យចូលប្រទេសកម្ពុជាទេ។
​សេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានសរសេរថា ប្រសិនបើបុគ្គលទាំង ២២នាក់ ដូចមានឈ្មោះនៅក្នុងសេចក្តីថ្លែងការណ៍ មានអ្នកណាកំពុងមានវត្តមាន​ក្នុងប្រទេសកម្ពុជា ត្រូវចាកចេញជាបន្ទាន់ ក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីម៉ោង ៤ល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣​នេះ​។
ក្រសួងការបរទេស បានចាត់ទុក អនុសាសន៍ របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc. ឲ្យផ្អាកជាបណ្ដោះអាសន្ន ចំពោះគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានលក្ខណៈនយោបាយ។ ហើយ​មានចេតនា រារាំងសេរីភាពសារព័ត៌មាន របស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានព័ត៌មានពិត ពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។

ក្នុងស្មារតី នៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និងដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេស​កម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc. ដែលមានរាយនាមដូចខាងក្រោម និងជាបុគ្គលដែលមិនអាចទទួលយកបាន (PERSONANON GRATA)៖

​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជា៖ភាពជាតំណាង របស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូ ក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តទៅ។
ទាក់ទិនបញ្ហានេះ នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញសារសំឡេងពិសេស ដោយ​ប្រកាសថា មិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវការ របស់ប្រជាពលរដ្ឋ ប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង