អាជ្ញាធរជាតិអប្សរា កំពុងរិះរកវិធីកែលម្អសារមន្ទីរ ឱ្យក្លាយជាកន្លែងទាក់ទាញភ្ញៀវ មកទស្សនាបានច្រើន

ខេត្តសៀមរាប ៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាជាតិអប្សរា កំពុងតែរិះរកកែលម្អសារមន្ទីរ ឱ្យក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ គួរឱ្យចង់ចូលទស្សនា បានកាន់តែច្រើនឡើងៗនាថ្ងៃអនាគត។

តាមរយៈការរិះរកគំនិត រៀបចំសារមន្ទីរ ដើម្បីទាក់ទាញភ្ញៀវទេសចរនេះ អាជ្ញាធរជាតិអប្សរា  បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយ ដែលមានមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន ២៥នាក់ ដោយក្នុងនោះមានមន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន ២១នាក់ មន្ត្រីមកពីសារមន្ទីរ Eco-Global នៃអាជ្ញាធរជាតិព្រះវិហារ ចំនួន ០១រូប មន្ត្រីអាជ្ញាធរជាតិសំបូរព្រៃគុក ចំនួន ០១នាក់ មន្ត្រីសារមនី្ទរជាតិកម្ពុជា ចំនួន ០១នាក់ និងមន្ត្រីសារមន្ទីរប្រល័យពូជសាស្ត្រទួលស្លែង ចំនួន ០១នាក់។

វគ្គបណ្ដុះបណ្ដាល ដើម្បីកែលម្អសារមន្ទីរ ឱ្យក្លាយជាកន្លែងទាក់ទាញគួរឱ្យភ្ញៀវចូលទស្សនានេះ មានរយៈពេល ០៤ខែ ចាប់ពីខែកក្កដា រហូតដល់ខែតុលា ឆ្នាំ២០២៣ ។

អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ លោក ប៉ែន ចំរ៉ុង មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ជាជំនួយក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយអង្គការយូណេស្កូ និងតាមរយៈគណៈកម្មការជាតិយូណេស្កូកម្ពុជា ក្នុងគោលបំណង ដើម្បីពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រី ដែលបម្រើការនៅសារមន្ទីរ ក្នុងការរៀបចំធ្វើយ៉ាងណាបន្ថែម ក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាឱ្យកាន់តែច្រើនឡើងថែមទៀត។

លោកលោក ប៉ែន ចំរ៉ុង បញ្ជាក់ទៀតថា វគ្គបណ្ដុះបណ្ដាលនេះ បាន ផ្តោតទៅលើខ្លឹមសាររួមមាន៖ ការណែនាំអំពីតួនាទី គោលបំណង និងការគ្រប់គ្រងសារមន្ទីរ វិធីសាស្រ្ត និងបច្ចេកទេសអំពីការរៀបចំ និងការតាំងពិពណ៌សារមន្ទីរ វិធីសាស្រ្ត និងបច្ចេកទេស នៃគោលនយោបាយគ្រប់គ្រងសមុច្ច័យ ការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងការរចនាក្រាហ្វិក សម្រាប់ការផ្សាយពាណិជ្ជកម្មជាដើម។

ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ចៅ ស៊ុនកិរិយា មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការរៀបចំ និងការកែលំអសារមន្ទីរ ឱ្យក្លាយជាកន្លែងទាក់ទាញ គួរឱ្យចង់ទស្សនា គឺត្រូវទាមទារឱ្យមានភាពជំនាញ ក៏ដូចជា ចំណេះធ្វើច្បាស់លាស់ ហើយអ្វីដែលសំខាន់នោះ គឺអ្នកដែលអនុវត្តន៍ផ្ទាល់។

លោកស្រី ចៅ ស៊ុនកិរិយា បានហៅការបណ្តុះបណ្តាលជំនាញបន្ថែម របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនេះ ថាគឺជាការឱ្យចំណេះជំនាញទាំងអស់នោះ បានបន្ត បានចែករំលែកជាគុណតម្លៃ សម្រាប់ខ្លួនយើង ដែលជាអ្នកអនុវត្តផងនិងក៏ជាមោទកភាព ចំពោះស្ថាប័នផង៕

អត្ថបទដែលជាប់ទាក់ទង