អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរនៅប្រាសាទតាកែវ

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានរៀបចំទិសដៅសទស្សនា នៅប្រាសាទតាកែវ ដើម្បីឱ្យការចរាចររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ធានាដល់ការលើកតម្លៃបេតិកភណ្ឌ ការថែរក្សាសណ្តាប់ធ្នាប់ ភ្ញៀវទេសចរទទួលបានបទពិសោធន៍ល្អៗ និងទស្សនីយភាពគ្រប់ជ្រុងជ្រោយ និងបញ្ចៀសរាល់ការកកស្ទះ ជូនភ្ញៀវទេសចរ ពេលចូលទស្សនាប្រាសាទតាកែវ។

កញ្ញា ចំរើន វិនា មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានប្រសាសន៍ថា រាល់ថ្ងៃនេះ ក្រុមការងារ បានរៀបចំទិសដៅវង់ទស្សនា នៅប្រាសាទតាកែវ ដោយកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាពជុំវិញប្រាសាទ ដូចជា៖ ការកាត់លះមែកឈើខ្លះៗ រៀបចំជាផ្លូវថ្មើរជើងជុំវិញប្រាសាទ ដាក់ស្លាកសញ្ញាបង្ហាញទិស រៀបចំផ្ទាំងព័ត៌មានស្តីពីប្រវត្តិ នៃប្រាសាទ ដើម្បីឱ្យអ្នកទេសចរអាចស្វែងយល់ដោយខ្លួនឯងបាន។

កញ្ញា វិនា បន្តទៀតថា ការរៀបចំវង់ទស្សនានេះ ផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវទេសចរ បានច្រើន ដោយខ្សែទស្សនា ក្នុងប្រាសាទនឹងនាំភ្ញៀវទេសចរ ឱ្យដើរទស្សនាបានគ្រប់ជ្រុង នៃប្រាសាទនេះ ព្រមទាំងអាចផ្តិតយករូបភាពរួមស្អាតៗ នៃប្រាសាទផងដែរ។ មុននឹងមកដល់ប្រាសាទភ្ញៀវទេសចរដើរក្រោមម្លប់ឈើយ៉ាងត្រជាក់ ដែលជាលក្ខណៈពិសេសមួយ នៅប្រាសាទតាកែវនេះ។

កញ្ញាបន្តថា សំណើខ្សែទស្សនាខាងលើ ត្រូវបានដាក់ជូនអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាពិនិត្យ និងវាយតម្លៃ អនុម័តរួចរាល់ហើយដែរ មុននឹងឈានទៅដាក់ដំណើរការ។

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ដែលចូលមកទស្សនាប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ សូមមេត្តាគោរពនូវក្រមប្រត្តិបត្តអង្គរ និងស្លាកសញ្ញាផ្សេងៗ នៅតាមប្រាសាទ ដើម្បីធានាបាន នូវសុខសុវត្ថិភាព សេចក្តីថ្លៃថ្នូ ព្រមទាំងលើកតម្លៃបេតិកភណ្ឌអង្គរផង៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា (ក្រុមការងារបរិក្ខាទេសចរណ៍)

អត្ថបទដែលជាប់ទាក់ទង