អភិបាលខេត្តព្រះសីហនុ បញ្ជូនអូបរ័ធំៗឱ្យទៅដឹកជញ្ជូន ភ្ញៀវទេសចរជាង៧០០នាក់ ដែលជាប់គាំងនៅលើកោះ ដោយសារខ្យល់ព្យុះ និងរលកបោកបក់ខ្លាំង

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនអូរប័រធំៗចំនួន ០៦គ្រឿង ឱ្យចេញទៅដឹកជញ្ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាប់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ស្ថិតក្នុងក្រុងកោះរ៉ុង បណ្តាលមកពីអាកាសធាតុ មានភ្លៀងធ្លាក់ខ្លាំង ខ្យល់ បោកបក់ រលកសមុទ្រធំៗ នាំឱ្យរាំងស្ទះដល់ការដឹកជញ្ជូនភ្ញៀវទេសចរ ឬប្រជាពលរដ្ឋ ធ្វើដំណើរពីលើកោះ មកកាន់កំពង់ផែក្រុងព្រះសីហនុ មិនកើត។

យ៉ាងណា លោក គួច ចំរើន រួមជាមួយនឹងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ខេត្តព្រះសីហនុ បានអញ្ជើញមកទទួលស្វាគមន៍ ចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានជម្លៀសចេញពីលើកោះ មកដល់ដីគោក នាកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ថែមទៀតផង។

តាមរបាយការណ៍ របស់រដ្ឋបាលខេត្តព្រះសីហនុ គិតត្រឹមរសៀលថ្ងៃទី១៧ ខែកក្កដា មានចំនួនភ្ញៀវទេសចរ ដែលបានជាប់នៅលើដីកោះ មានចំនួន ៧០៨ នាក់ ក្នុងនោះស្រី ៣៤៧នាក់ និងក្មេង ១៥នាក់។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អំពាវនាវទៅដល់កហរុមហ៊ុនដឹកជញ្ជូនទាំងអស់ ត្រូវផ្អាកមិនឲ្យមានការដឹកជញ្ជូនភ្ញៀវទេសចរ ទៅកាន់បណ្ដាកោះនានា និងផ្អាកការចេញធ្វើរបរនេសាទជាបណ្តោះអាសន្នសិន ព្រោះបច្ចុប្បន្ននេះ  នៅតាមឆ្នេរ ឬនៅតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ មានភ្លៀង ខ្យល់ និងរលកបោកបក់ខ្លាំង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗ ដល់អ្នកធ្វើដំណើរនៅលើលម្ហសមុទ្រ៕

អត្ថបទដែលជាប់ទាក់ទង