ព្យុះកំណាច Nanmadol ចាប់ឆក់យកជីវិតមនុស្ស ជាបណ្តើរៗហើយ នៅជប៉ុន

ជប៉ុន ៖ បណ្តាញផ្សព្វផ្សាយជប៉ុន  បានបង្ហាញទិន្នន័យ ដែលប្រមូលបានដោយ NHK គិតត្រឹមម៉ោង ១១យប់ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២២ មានមនុស្សចំនួន ០២នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ និង១២០នាក់ទៀត រងរបួសនៅក្នុងប្រទេសជប៉ុនដោយសារតែឥទ្ធិពល នៃព្យុះកំណាច Nanmadol។

នៅខេត្ត Miyazaki, បុរសក្នុងវ័យ ៤០ឆ្នាំប្លាយម្នាក់ ត្រូវបានគេប្រទះឃើញសន្លប់ ហើយក្រោយមកត្រូវបានបញ្ជាក់ថា ស្លាប់នៅមន្ទីរពេទ្យ។

ក្រុមមន្ត្រី​សង្ស័យ​ថា គាត់អាចរងគ្រោះដោយការ​រអិល​បាក់​ដី។
នៅតំបន់មួយទៀត នៃខេត្តនេះ បុរសក្នុងវ័យ ៦០ឆ្នាំប្លាយ ត្រូវបានគេបញ្ជាក់ថាស្លាប់ បន្ទាប់ពីរថយន្ត របស់គាត់ត្រូវលិចទឹក ធ្វើឲ្យគាត់ជាប់ក្នុងនោះ។

មនុស្សម្នាក់ ក៏ត្រូវបានគេរាយការណ៍ថា បាត់ខ្លួនផងដែរ នៅក្នុងខេត្ត Hiroshima។

ព្យុះទីហ្វុង Nanmadol ដែលជាព្យុះខ្លាំងបំផុតមួយ វាយប្រហារប្រទេសជប៉ុន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បាននាំមក នូវជាមួយខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ធ្ងន់ធ្ងរទៅកាន់ភាគខាងលិចប្រទេសជប៉ុន ដែលបណ្តាលឲ្យមានការរំខានដល់ការដឹកជញ្ជូន និងបង្ខំឲ្យក្រុមហ៊ុននានា ផ្អាកប្រតិបត្តិការ។

លោកនាយករដ្ឋមន្ត្រី Fumio Kishida បានពន្យារពេលធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ នៅសប្តាហ៍នេះ ដើម្បីវាយតម្លៃការខូចខាតដែលបង្កឡើងដោយព្យុះទីហ្វុងទី១៤ ក្នុងរដូវព្យុះ របស់ប្រទេសជប៉ុន។

ព្យុះ Nanmadol បានធ្វើឲ្យមានការបាក់ដីនៅជិតទីក្រុង Kagoshima កាលពីល្ងាចថ្ងៃអាទិត្យ មុនពេលវាយប្រហារកោះ Kyushu ភាគខាងលិច ហើយតម្រង់ទៅកោះសំខាន់ Honshu នៅព្រឹកថ្ងៃចន្ទ។

ក្រសួងពាណិជ្ជកម្ម បាននិយាយថា ពលរដ្ឋប្រហែល ២៨៦ ០០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់នៅរសៀលថ្ងៃចន្ទ។  ចំណែក សេវារថភ្លើងល្បឿនលឿន និងជើងហោះហើរ ក៏បានផ្អាកប្រតិបត្តិការផងដែរ៕

អត្ថបទដែលជាប់ទាក់ទង