តោះទៅភ្លក្សម្ហូបជប៉ុន នៅភោជនីយដ្ឋានចាប៉ីយក្ស ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ អ្នកគ្រប់គ្រងភោជនីយដ្ឋាន ចាប៉ីយក្ស បានឲ្យអ្នកយកព័ត៌គេហទំព័រ “កម្ពុជាថ្ងៃនេះ” ប្រចាំខេត្តព្រះសីហនុ ដឹងថា ដើម្បីរួមចំណែកពង្រីកទីផ្សារទេសចរណ៍ ឲ្យកាន់តែទូលំទូលាយថែមមួយកម្រិតទៀត ភោជនីយដ្ឋាន ចាបុីយក្ស ដែលមានទីតាំងស្ថិតក្នុង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ នៅទល់មុខ មន្ទីររៀបចំដែនដី នគររូបនីយ៍កម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានពង្រីកសេវាកម្មម្ហូបអាហារ តាមបែបប្រទេសជប៉ុនបន្ថែម ជាមួយមុខម្ហូបចម្រុះមាន ឈ្មោះភោជនីយដ្ឋាន ខ្យូ មីយ៉ា ប៊ីប៊ីឃ្យូជប៉ុន នៅជាន់ខាងលើ នៃភោជនីយដ្ឋាន ចាប៉ីយក្ស។

អ្នកគ្រប់គ្រង ភោជនីយដ្ឋាន ចាបុីយក្ស បានឲ្យដឹងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ថា កន្លែងទទួលទានអាហារ បែបប្រទេសជប៉ុននេះ គឺបានរៀបចំនៅជាន់លើ ជាមួយនឹងការរៀបចំតុបតែងសោភណ្ឌភាពដូចនៅប្រទេសជប៉ុន ដើម្បីបំពេញតម្រូវការភ្ញៀវ ឬអតិថិជន។

អាហារបែបប្រទេសជប៉ុននេះបច្ចុប្បន្ន បើកបម្រើភ្ញៀវហើយ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ១១ថ្ងៃត្រង់ដល់ម៉ោង ១២យប់ ជាមួយមុខម្ហូបបែបជប៉ុនចម្រុះ ពិសេសសាច់អាំងបែបប្រទេសជប៉ុន រួមមាន៖ សាច់ ម្ហូប និងស្រាជាដើម  គឺនាំមកពីប្រទេសជប៉ុនផ្ទាល់តែម្តង។ ក្នុងនោះ អ្នកបម្រើសេវាជូនភ្ញៀវ មានសម្លៀកបំពាក់បែបប្រពៃណីយ៍ប្រទេសជប៉ុនផងដែរ។

ការបើកបន្ថែមសេវាកម្ម «អាហារបែបប្រទេសជប៉ុន» ក្នុងភោជនីយដ្ឋានចាបុីយក្ស ក្រុងព្រះសីហនុ ធ្វើឡើងបន្ទាប់ពីវត្តមានភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាអ្នកវិនិយោគទុន ចាប់ផ្តើមមានកំណើនកើនច្រើនជាបន្តបន្ទាប់ ក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្រុងព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង