ខឹងឪពុកប្រើឱ្យបោសសំរាម និងស្តីបន្ទោសបន្តិចបន្តួច ទាញកាំបិតកាប់ឪពុកបង្កើត របួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ច វា ឲ្យដឹងថា មានករណីកូនប្រុសចិត្តតិរច្ឆានម្នាក់ ពេល
ក្រោកពីដេក ឪពុកប្រើឱ្យបោសសំរាម បែរជាមិនធ្វើហើយតមាត់  ហើយនៅពេលគាត់ ស្តីបន្ទោសបន្តិចបន្តួច ក៏បានទាញកាំបិតខ្វែវកាប់ឪពុកខ្លួនឯង ចំក្បាលបណ្តាលឱ្យរបួសធ្ងន់ កាលពីវេលាម៉ោង ០៦និង៣០នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាល ស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ជនដៃដល់ជាកូនឈ្មោះ ហ៊ាវ ប៊ុនហួន ភេទប្រុស អាយុ ២៥ឆ្នាំ ។

ចំណែក ជនរងគ្រោះជាឪពុកឈ្មោះ ទឿ ហៀត អាយុ ៥៣ឆ្នាំ ទាំង ០២នាក់ រស់នៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។

មន្ត្រីនគរបាល ស្រុកព្រះនេត្រព្រះ បញ្ជាក់ថា នៅមុនពេលកើតហេតុ ក្រោយក្រោកពីដេក ឈ្មោះ ទឿ ហៀត ជាឪពុក បានប្រើឲ្យឈ្មោះ ហ៊ាវ ប៊ុនហួន ត្រូវជាកូនឱ្យបោសសំរាម នៅជុំវិញផ្ទះ ប៉ុន្តែជនដៃដល់មិនធ្វើតាមទេ ហើយបានតមាត់ជាមួយឪពុកថែមទៀត រហូតឈានដល់បង្កើតជាជម្លោះ តឹងសរសៃកដាក់គ្នា ទៅវិញទៅមក។

បន្ទាប់មកឈ្មោះ ហ៊ាវ ប៊ុនហួន ជាកូន បានស្ទុះទៅទាញកាំបិតខ្វែវកាប់ ទៅលើឪពុកខ្លួនឯង ត្រូវចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។

មន្រ្តីនគរបាល បន្តទៀតថា បច្ចុប្បន្ន ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង