អភិបាលស្រុកបន្ទាយស្រី៖ ពលរដ្ឋ ដែលចាកចេញពីដីចម្ការ លោក ខឹម វាសនា មានសុខភាពស្លេកស្លាំង

ខេត្តសៀមរាប ៖ អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍ថា  ប្រជាពលរដ្ឋ ដែលចេញពីកន្លែងស្នាក់នៅក្នុងចម្ការជាមួយ លោក ខឹម វាសនា មានសុខភាពស្លេកស្លាំង ជាពិសេសចាស់ៗ និងក្មេងតូចៗ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ថា ការចាកចេញ របស់ប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងចម្ការជាមួយ លោក ខឹម វាសនា នាភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកនេះ ឃើញថា មានច្រើនជាងថ្ងៃមុនៗ បន្ទាប់ពីក្រុមការងារតំណាងឱ្យ គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យចំនួន ០៦នាក់ បានធ្វើកិច្ចសន្យា ទទួលស្គាល់កំហុស និងធានាអះអាងថា នឹងឱ្យប្រជាពលរដ្ឋស្នាក់នៅចម្ការនេះ ចាកចេញទៅផ្ទះវិញឱ្យអស់ត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ រួចមក។ ប៉ុន្តែអាជ្ញាធរមិនទាន់ប្រាដកថា ចំនួនប្រជាពលរដ្ឋ ដែលកំពុងបន្តស្នាក់នៅក្នុងចម្ការនេះ មានប៉ុន្មានទៀតនោះទេ។

លោកអភិបាលស្រុករូបនេះ បន្តថា ប្រជាពលរដ្ឋ ដែលបានចេញពីកន្លែងស្នាក់នៅក្នុងចម្ការជាមួយ លោក ខឹម វាសនា នៅព្រឹកថ្ងៃនេះ ភាគច្រើនឃើញមនុស្សចាស់ៗ និងក្មេងតូចៗ ដោយពួកគេ មានជំងឺស្លេកស្លាំង សុខភាពមិនសូវល្អ ដែលបញ្ហាទាំងនេះ បានធ្វើឱ្យអាជ្ញាធរមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខភាព របស់ប្រជាពលរដ្ឋ ដែលកំពុងបន្តស្នាក់នៅក្នុងនោះ ព្រោះពួកគាត់នៅប្រមូលផ្តុំគ្នាច្រើន អាចប្រឈមនឹងឆ្លងជំងឺកូវីដ-១៩ ផងដែរ។

លោក ឃឹម ហ្វីណង់ បន្តថា ឥឡូវនេះ អាជ្ញាធរបានត្រៀមជួយគ្រប់បែបយ៉ាងដើម្បីអាចឱ្យបងប្អូនបានទៅដល់ស្រុកវិញដោយសុវត្ថិភាព យើងមានរថយន្តសម្រាប់ដឹកជញ្ជូនជាច្រើនគ្រឿង មានក្រុមសង្គ្រោះបឋម មានរថយន្តពេទ្យ មានគ្រូពេទ្យ មានរថយន្តទឹក មានស្បៀងអាហារ សម្រាប់ឱ្យពួកគាត់។
បន្ថែមលើនេះ លោកអភិបាល  ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលនៅក្នុងចម្ការ សូមយល់ថា អ្វីដែលអាជ្ញាធរធ្វើទាំងអស់នេះ គឺដើម្បីគ្រប់គ្រងឱ្យបាននូវសណ្ឋាប់ធ្នាប់ និងសន្តិសុខសុវត្ថិភាពសាធារណៈទាំងស្រុង យើងមិនបានហាមឃាត់ពាក់ព័ន្ធការមានជំនឿ ឬការប្រមូលផ្តុំផ្នែកគណបក្សនយោបាយនោះទេ ប៉ុន្តែយើងត្រូវការឱ្យមានស្នើសុំច្បាប់ត្រឹមត្រូវ និងមានគោលដៅ និងគោលបំណងឱ្យបានច្បាស់លាល់។
លោកអភិបាលស្រុកបន្ទាយស្រី សង្កត់ធ្ងន់ថា ការប្រមូលផ្តុំពួកគាត់នេះ ពុំមានការសុំច្បាប់ ឬការអនុញ្ញាតិពីអាជ្ញាធរជាមុននោះទេ ហើយធ្វើឱ្យប៉ះពាល់ដល់ការងារ និងការរៀនសូត្រ របស់ក្មេងៗផងដែរ។

យោងតាមកិច្ចសន្យា ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់មនុស្ស ០៦នាក់ ដែលគេស្គាល់ថា ជាមនុស្សជំនិត របស់ លោក ខឹម វាសនា បានចេញមុខមកទទួលស្គាល់កំហុសអំពីការប្រមូលផ្តុំប្រជាពលរដ្ឋ និងសន្យាឱ្យពលរដ្ឋចាកចេញ ក្នុងរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ៕

អត្ថបទដែលជាប់ទាក់ទង