ប្រទះឃើញចម្លាក់ថ្មបុរាណរូបក្បាលនាគ និងគ្រុឌជិះពីលើ នៅពេលដើមស្រឡៅធំមួយដួលរលំ

ខេត្តសៀមរាប ៖ ក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញចម្លាក់ថ្មបុរាណរូបក្បាលនាគ និងគ្រុឌជិះពីលើ នៅពេលដែលធ្លាក់ភ្លៀងខ្លាំង ហើយដើមស្រឡៅធំមួយបានដួលរលំ
ព្រះសង្ឃ និងគណៈកម្មការវត្តមួយចំនួន បានប្រទះឃើញចម្លាក់បុរាណក្បាលនាគ ដែលមានសត្វគ្រុឌជិះពីលើ ធ្វើពីថ្មភក់ ១ផ្ទាំងធំ ដោយចៃដន្យ នៅពេលដើមស្រឡៅធំ ១ដើម បានដួលរលំ ខណៈពេលភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំតំបន់អង្គរ នាខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានដឹកនាំក្រុមការងារទៅដល់ទីនោះ លោក ឈូក សុម៉ាឡា មានប្រសាសន៍ថា បំណែកក្បាលនាគ ដែលគេប្រទះឃើញនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ដោយឈើស្រឡៅធំ ១ដើម បានដុះគ្របពីលើជាយូរមកហើយ។ គេទើបតែប្រទះឃើញចម្លាក់បុរាណក្បាលនាគ ហើយមានសត្វគ្រុឌជិះពីលើ ធ្វើពីថ្មភក់ ១ផ្ទាំងធំនេះ នៅពេលដែលមានភ្លៀងជោគជាំ ដីជ្រាយបណ្ដាលឱ្យដើមស្រឡៅ ១ដើមធំដួលរលំ។

លោក ឈូក សុម៉ាឡា បានឱ្យដឹងទៀតថា បំណែកក្បាលនាគនេះ គឺកំណាត់ត្រឹមពីកមកក្បាលខាងលើប៉ុណ្ណោះ មានបណ្តោយ ១.២ម៉ែត្រ ទទឹង ១ម៉ែត្រ និងកម្រាស់ ០.៣ម៉ែត្រ។ នៅផ្នែកខាងមុខ នៃរូបចម្លាក់មានការខូចខាតច្រើនដោយអន្លើរ ដោយបាក់បែកមុខនាគ ព័ទ្ធជុំវិញសងខាង។ រីឯសត្វគ្រុឌវិញ ត្រូវបានបាក់ច្រមុះ និងដៃផ្នែកនៅខាងលើ រួមទាំងផ្នែកខ្លះនៃក្បាល។ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាសន្និដ្ឋានថាចម្លាក់ក្បាលនាគនេះ អាចត្រូវគេយកចេញពីប្រាសាទបាយ័ន តែមិនដឹងប្រាកដថា យកចេញទីតាំងនេះ ក្នុងគោលបំណងអ្វី និងពេលណាឱ្យប្រាកដទេ។ រូបចម្លាក់បែបនេះ គេឃើញរចនាបថបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដោយកាលណោះព្រះមហាក្សត្រខ្មែរទ្រង់បានយកនាគ និងគ្រុឌ ដែលជាសត្រូវនឹងគ្នាមកបញ្ចូលក្នុងសិល្បៈតែមួយ។

រូបចម្លាក់បែននេះ អាចអតីតព្រះមហាក្សត្រខ្មែរ ចង់បង្ហាញពីទស្សនៈបង្រួបបង្រួមសាសនា រវាងព្រហ្មញ្ញ និងព្រះពុទ្ធសាសនាផងដែរ ទើបព្រះអង្គឱ្យស្ថាបត្យករបញ្ចូលនាគ និងគ្រុឌនៅជាមួយគ្នា ហើយដាក់បង្ហាញលើសំណង់នានាប្រាសាទបុរាណនានា។

បច្ចុប្បន្ន មន្ត្រីអាជ្ញាធរជាតិអប្សរា បានសហការជាមួយនគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍ ធ្វើកំណត់ហេតុ ប្រគល់ទទួលបំណែកចម្លាក់ក្បាលនាគនេះ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីចុះបញ្ជីទុកជាឯកសារ ព្រមទាំងលាងសម្អាត ទៅតាមបច្ចេកទេស និងស្វែងរកទិន្នន័យផ្សេងទៀត ទាក់ទងនឹងបំណែកក្បាលនាគនេះ ដើម្បីងាយស្រួលនាំយកទៅដាក់ទីតាំងដើមវិញ នៅពេលការជួសជុលរួចរាល់ឡើង៕

អត្ថបទដែលជាប់ទាក់ទង