ឧកញ៉ា ទៀ វិចិត្រ បន្តជួយជីវិតពលរដ្ឋ ជួបគ្រោះថ្នាក់ចរាចរណ៍ម្នាក់ នៅលើកោះរ៉ុង បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ បុរសជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើកោះរ៉ុងម្នាក់ កាលពីរសៀលថ្ងៃទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ត្រូវបានក្រុមការងារ របស់ លោកឧកញ៉ា ទៀ វិចិត្រ  នាំយកអូប័រពេទ្យល្បឿនលឿន មួយគ្រឿង ទៅដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ឯក្រុងព្រះសីហនុ ទាន់ពេល។

លោកឧកញ៉ា ទៀត វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្រោយទទួលបាន ព័ត៌មានថា មានពលរដ្ឋម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ និង មានរបួសងន់ធ្ងរ រូបលោក ក៏បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ទៅទទួលយកបុរស ដែលជាប្រពលរដ្ឋម្នាក់ រស់នៅក្រុងកោះរ៉ុង រូបនោះ ដឹកយកមកក្រុងព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ ជាបន្ទាន់។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា  បុរសរងគ្រោះ ដែលជួបគ្រោះថ្នាក់ចរាចរណ៍​រូបនេះ ដោយសារតែរូបគាត់ ជិះម៉ូតូបុកសត្វឆ្កែ រត់ឆ្លងផ្លូវ។ ហើយថា ក្រោយទទួលដំណឹងនេះ ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង ភ្លាម លោក ក៏បានបញ្ជូនអូប័រពេទ្យ ឲ្យទៅទទួលយកបុរសរងគ្រោះនោះ បញ្ជូនមកកាន់មន្ទីរពេទ្យ យ៉ាងឆាប់បំផុត។

បុរសរងគ្រោះមាន ឈ្មោះ សុខ ថា អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់ម៉ូតូឌុប ស្នាក់នៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ រួចដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន G.T.V.C របស់លោកឧកញ៉ា ទៀត វិចិត្រ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសុវត្ថិភាព។

សាច់ញាតិ បុរសរងគ្រោះ បានលើកដៃសំពះ ថ្លែងអំណរអរគុណ ចំពោះទឹកចិត្តមនុស្សធម៌ របស់លោកឧកញ៉ា ទៀត វិចិត្រ ដែលបានបញ្ជូនអូប័រ និងក្រុមការងារ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី ទៅទទួលយកបងប្អូន របស់គាត់ មកសង្គ្រោះនៅមន្ទីរពេទ្យ បានទាន់ពេល..៕

អត្ថបទដែលជាប់ទាក់ទង