អាជ្ញាធរឃុំរួសរាន់ ហៅតំណាងបណ្ដាញសហគមន៍ព្រៃឡង់ ទៅសួរនាំជាងបីម៉ោង បន្ទាប់ពីពួកគាត់ផ្ដួចផ្ដើម រៀបចំពិធីបុណ្យព្រៃឡង់

ខេត្តព្រះវិហារ ៖ សកម្មជនការពារបរិស្ថាន លោក សាន់ ម៉ាឡា បានបង្ហោះសារ នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា “គ្រាន់តែពលរដ្ឋក្រីក្រនាំគ្នាធ្វេីបុណ្យអរគុណព្រៃឡង់សោះ​ ត្រូវបានអាជ្ញាធរ​ និងមន្ត្រីបរិស្ថានហៅចូលសាលាឃុំសួរនាំអស់ជាងបីម៉ោង​ នៅឃុំរួសរាន់​ ស្រុករវៀង​ ខេត្តព្រះវិហារ​ កាលពីថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២៣នេះ។

លោកបន្តថា អាជ្ញាធរខេត្តព្រះវិហារ បានរឹតត្បិត បណ្ដាញសហគមន៍ព្រៃឡង់ រឿងបុណ្យព្រៃឡង់ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចព្រៃឫស្សីដងស្ទឹងសែន ភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ។

អាជ្ញាធរឃុំរួសរាន់ រួមទាំងមន្រ្តីបរិស្ថាន ប៉ូលីសរដ្ឋបាលឃុំ មន្រ្តីកងកម្លាំងគណៈបញ្ជាការឯកភាពស្រុករវៀង ខេត្តព្រះវិហារ បានហៅតំណាងបណ្ដាញសហគមន៍ព្រៃឡង់ ទៅសួរនាំនៅសាលាឃុំរួសរាន់ ជាងបីម៉ោង បន្ទាប់ពីពួកគាត់ផ្ដួចផ្ដើមរៀបចំពិធីបុណ្យព្រៃឡង់។

លោក សាន់ ម៉ាឡា បញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ តំណាងបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ ពីររូប គឺលោក ខេម សុឃី និងលោក ឃុត សឿម ត្រូវបានកងកម្លាំងអាជ្ញាធរចម្រុះ ឃុំរួសរាន់ និងគណៈបញ្ជាការឯកភាពស្រុករវៀង ហៅទៅសួរនាំលម្អិតនៅសាលាឃុំរួសរាន់ ជាងបីម៉ោង។ ការសួរនាំនេះ ធ្វេីឡើងជុំវិញការផ្ដួចផ្ដើមរៀបចំពិធីបុណ្យព្រៃឡង់ បន្ទាប់ពីពួកគាត់ផ្សព្វផ្សាយ សេចក្ដីជូនដំណឹងអំពី «បុណ្យរំឭកគុណព្រៃឡង់ និងបំបួសដើមឈើ» នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់បណ្ដាញសហគមន៍ព្រៃឡង់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ។

លោកថា ជំនួបសួរនាំជាងបីម៉ោងនេះ អាជ្ញាធរ បានសួរនាំពួកគាត់លម្អិតពីប្រភព នៃគំនិតផ្ដួចផ្ដើម អ្នកដឹកនាំ ប្រភពហិរញ្ញវត្ថុ សមាសភាពអ្នកចូលរួម មូលហេតុនៅពីក្រោយ នៃការរៀបចំពិធីបុណ្យ ក្នុងន័យមិនពេញចិត្ត នឹងគំនិតផ្ដួចផ្ដើមពិធីមួយនេះ។

នៅក្នុងជំនួបយ៉ាងតឹងសរសៃកនេះ តំណាងបណ្ដាញសហគមន៍ព្រៃឡង់ទាំងពីររូប បានបំភ្លឺ អំពីបុព្វហេតុ គំនិតផ្ដួចផ្ដើម ធនធាន និងបង្ហាញពីគោលជំហមុតមាំ ក្នុងការរៀបចំកម្មវិធីបុណ្យនេះ ទើបមានការសម្របសម្រួលឱ្យរៀបចំកម្មវិធីបុណ្យព្រៃឡង់ ចំណុចព្រៃឫស្សី នៅដងស្ទឹងសែន ភូមិឫស្សីស្រុក ឃុំរួសរាន់ ក្រៅតំបន់ព្រៃឡង់ និងស្នើឱ្យមានសមាសភាពអាជ្ញាធរមូលដ្ឋាន ចូលរួមផងដែរ ។

ពិធីបុណ្យព្រៃឡង់ឆ្នាំ២០២៣នេះ បានប្រារព្ធឡើងនៅថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៣ មានអ្នកចូលរួមសរុបប្រមាណ ១២៤នាក់ ។

លោក សាន់ ម៉ាឡា ឲ្យដឹងដូច្នេះ រួចរំលឹកថា បណ្ដាញសហគមន៍ព្រៃឡង់ ត្រូវបានក្រសួងបរិស្ថាន បានរឹតត្បិត ហាមឃាត់មិនរៀបចំកម្មវិធីបុណ្យព្រៃឡង់ នៅក្នុងតំបន់ព្រៃឡង់ និងហាមឃាត់ មិនឱ្យចុះល្បាតការពារព្រៃឡង់ ចាប់តាំងពីដើមពាក់កណ្ដាលខែមីនា ឆ្នាំ២០១៩ បន្តរហូតមកដល់បច្ចុប្បន្ន។

ការហាមឃាត់នេះ ត្រូវបាន សកម្មជនការពារបរិស្ថានរូបនេះ មើលឃើញថា គឺជាការសម្រេចចិត្តដែលមិនមានឆន្ទៈ ក្នុងការអភិរក្សព្រៃឡង់ ឱ្យបានឋិតឋេរស្របតាមគោលនយោបាយ កម្មវិធីព្រៃឈើជាតិ ឆ្នាំ២០១០-២០២៩ នោះទេ៕

អត្ថបទដែលជាប់ទាក់ទង