សត្វផ្សោតមួយក្បាលទៀត បានស្លាប់នៅចំណុចកោះព្រះ ស្រុកសៀមបូក

ខេត្តស្ទឹងត្រែង ៖ ​នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោក ស្រី វិចិត្រ បាន​ឱ្យដឹងកាលពីរសៀលថ្ងៃអាទិត្យទី១៩ ខែមីនា​ ឆ្នាំ​២០២៣​ថា៖​ កម្លាំងមន្ត្រីជលផល និងអង្គការ WWF បានចុះទៅពិនិត្យ​ និងធ្វើកោសល្យវិច័យ លេីសត្វផ្សោតមួយក្បាល ដែលកម្លាំងឆ្មាំទន្លេប៉ុស្តិ៍កោះជ្រឹម បាន​ប្រទះឃើញសត្វផ្សោតស្លាប់ នៅចំណុចកោះព្រះ ដោយមិនឃើញមាន​ជាប់មង ឬសន្ទូចរនងនោះទេ។ ប៉ុន្តែមានស្នាមឆ្នូតនៅត្រង់ពោះ របស់វា។

មន្ត្រីរូបនេះ​ បញ្ជាក់ថា សត្វផ្សោត ដែលអណ្តែតទឹកស្លាប់នេះ គេបានប្រទះ​ឃើញនៅព្រឹកមិញ វេលាម៉ោង ៦និង ៣០នាទី ទេីបខាងរដ្ឋបាលជលផល បានយកសព​សត្វផ្សោតនោះ មករក្សាទុក ដើម្បីធ្វើកោសល្យវិច័យ ពីអង្គការ WWF ដើម្បី​ដឹងថា សត្វផ្សោតមួយក្បាលនោះ ស្លាប់ ដោយ​សារអ្វីពិតប្រាកដ?។

លោក ស្រី វិចិត្រ បន្ថែមថា​ សត្វផ្សោត ១ក្បាលនេះ មានទំងន់ជាង ១៩០គីឡូក្រាម តែមិនទាន់ដឹងថា រស់នៅក្នុងអន្លង់ផ្សោតណាពិតប្រាដកនោះទេ។ លុះត្រាតែខាងអង្គការ WWF ពិនិត្យច្បាស់លាស់ ទើបដឹងថា វារស់នៅក្នុងអន្លង់មួយណា?។

លោកថា ចំណុចដែលសត្វផ្សោតងាប់នេះ គឺនៅក្បែរ​អន្លង់ត្បូងខ្លា ដែល​មានព្រំប្រទល់ រវាង​ខេត្តស្ទឹងត្រែង និង​ខេត្ត​ក្រចេះ។

បន្ថែមពីនេះ​ លោកនាយខណ្ឌរដ្ឋបាលជលផល បញ្ជាក់ថា ខេត្តស្ទឹងត្រែង មាន​អន្លង់ត្រីមេពូជ មានឈ្មោះថា អន្លង់ឈើទាល អន្លង់កោះសន្ទក់ អន្លង់កោះកូនសត្វ និងអន្លង់ត្បូងខ្លា ដែល​ជាអន្លង់ទឹកជ្រៅ និងបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្សធនធានជលផល និងជីវៈចម្រុះ..៕

អត្ថបទដែលជាប់ទាក់ទង