ឈ្មួញមានឥទ្ធិពល កំពុងហ៊ុំព័ទ្ធផ្ទៃសមុទ្រតំបន់ជីវចម្រុះ ធ្វើអាជីវកម្មងាវឬគ្រែងឈាម ហើយហាមពលរដ្ឋនៅឃុំថ្មស មិនឲ្យចូលអាស្រ័យផលដូចមុនទេ

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋ រស់នៅឃុំថ្មស ស្រុកបូទុមសាគរ បានអះអាងថា រាល់ថ្ងៃនេះ តំបន់ជីវចម្រុះជាប់ព្រៃកោងកាង ដែលមានទឹកជោរនាចសម្បូរល្បាប់ភក់ ត្រូវបានក្រុមអ្នកមានលុយវាតទី យកធ្វើអាជីវកម្មគ្រែងឈាម ដោយមិនឱ្យគ្រួសារប្រជាពលរដ្ឋ ដែលធ្លាប់អាស្រ័យផលរាវរកគ្រែងលក់ ដើម្បីរកប្រាក់ចំណូល ចិញ្ចឹមជីវិតប្រចាំថ្ងៃ ដូចមុនទៀតទេ នៅចំណុចព្រែកតាតី និងព្រែកគល់ ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋ ១៧គ្រួសារ ដែលពឹងផ្អែកលើការរាវគ្រែងឈាម ដោយដៃជាលក្ខណៈគ្រួសារ បានសំណូមពរដល់ អភិបាលស្រុកបូទុមសាគរ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង និងមន្ត្រីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជួយមានវិធានការ ឱ្យមានតម្លាភាពព្រោះតំបន់គ្រែងឈាមខាងលើនេះ គឺជាទីអាស្រ័យផល ដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ ជាយូរឆ្នាំកន្លងមកហើយ។

ប្រភពបន្តទៀតថា ក្នុងមួយរយៈពេលចុងក្រោយនេះ តំបន់គ្រែងឈាម ប្រជាសហគមន៍អាស្រ័យផលនេះ  សង្កឃើញមាន ក្រុមអ្នកមានលុយមានអំណាចវាតទីបោះបង្គោលកំណត់ព្រំ ហើយហាមពលរដ្ឋមិនឲ្យចូលទីតាំងនេះទៀតទេ។

ប្រភពដបានចោទ ឈ្មោះ អាង ផល  ត្រូវជាកូនលោកមេភូមិចំការលើ។

យ៉ាងណា “កម្ពុជាថ្ងៃនេះ” ក្រុមការងារ គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង ឈ្មោះ អាង ផល ដើម្បីបំភ្លឺតាមទូរសព្ទដៃរបស់លោក បាននៅឡើយទេ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។។

ចំណែក លោក តេង ហាន ប្រធានសហគមន៍ថ្មស បានឱ្យដឹងថា ទីតាំងចំណុចគ្រែងឈាមខាងលើ គឺជាទីតាំងសហគមន៍ និងសម្រាប់ពលរដ្ឋអាស្រ័យផលជាលក្ខណៈគ្រួសារ។ ប៉ុន្តែបែរជានៅពេលថ្មីៗនេះ មានពលរដ្ឋផ្តល់ព័ត៌មានមកថា មានបុគ្គលខ្លះ មកហាមមិនឱ្យ ប្រជាពលរដ្ឋអាស្រ័យផលទៀតទេ។

លោកបន្តថា ករណីនេះ លោកនឹងចុញទៅពិនិត្យជាក់ស្តែង និងឈានទៅសុំ្របសម្រួលតាមច្បាប់។

ប្រជាពលរដ្ឋ បន្តទៀតថា ទីតាំងដែលឈ្មួញ ឬបុគ្គលមួយចំនួន កំពុងវាតទីហ៊ុំព័ទ្ធផ្ទៃសមុទ្រ ប្រមូលយកផលគ្រែងឈាម ឬ ងាវ ខាងលើនេះ គឺមួយផ្នែកធំ ស្ថិតនៅក្នុងដែន របស់សហគមន៍ ដែលច្បាប់បានហាមមិនឱ្យប៉ះពាល់ ដើម្បីទុកឱ្យជីវចម្រុះកកើតឡើងវិញ ហើយប្រជាពលរដ្ឋ ជាអ្នកអាស្រ័យផលលើទីតាំងនេះ តាមរដូវកាលដែលបានកំណត់ ដោយច្បាប់..។

ទាក់ទិនបញ្ហានេះដែរ “កម្ពុជាថ្ងៃនេះ”  នៅមិនទាន់អាចទាក់ទង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដើម្បីបញ្ជាក់ពីកង្វល់ខ្វល់គ្មានកន្លែងធ្វើរបរនេសាទ គ្រែងឈាមចិញ្ចិមជីវិត របស់ប្រជាពលរដ្ឋ រស់នៅសហគមន៍ឃុំថ្មស ស្រុកបូទុមសាគរ បាននៅឡើយទេ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង