ក្មេង​ទំនើង​២​នាក់ ដែល​បង្ហោះ​ម៉ូតូ​ រួច​និយាយថា ម៉ូតូ​ជាប់​លេខ២ ត្រូវ​ប៉ូលិស​ខណ្ឌទួលគោក នាំ​មក​វាស់កម្ពស់​ហើយ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាល ខណ្ឌទួលគោក បានឲ្យដឹងថា ក្មេង​ទំនើង​ចំនួន ​០២​នាក់  ដែលជិះ​ម៉ូតូ​បង្ហោះ​តាម​ដងផ្លូវ​ បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ម្នាក់ ហើយ​និយាយប្រាប់ សមត្ថកិច្ចថា “អត់​បង្ហោះ​ទេ មក​ពី​ម៉ូតូ​ជាប់​លេខ​២” ត្រូវ​បាន​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ នៅវេលា​ម៉ោង​ប្រហែល​ ១២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៣។

កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​ ០២​នាក់ ករណី​ជិះ​ម៉ូតូ​បង្ហោះ​តាម​ដងផ្លូវ​សាធារណៈ​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​ នៅ​ចំណុច​លើ​ដងផ្លូវ​លេខ​២៤៥ ក្រុម​ទី​១ ភូមិ​១ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រហែល​ ២០​និង​២០​នាទី ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៣ ។

ក្មេង​ទំនើង​ទាំង ​០២​នាក់​ ដែល​ឃាត់ខ្លួន​រួម​មាន​៖
១-​ឈ្មោះ ឈឿ​ង ឡុ​ង​ហេង ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​សិស្ស​ថ្នាក់​ទី​១១A2 ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវ​លេខ​២១៨ ក្រុម​ទី​១៥ ភូមិ​៦ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ជា​អ្នក​ជិះ​ម៉ូតូ​បង្ហោះ​) ។

២-​ឈ្មោះ លី ជី​ឈ័​ន្ត ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​សិស្ស​ថ្នាក់​ទី​៩A1 ស្នាក់​នៅផ្ទះ​លេខ​៧៧ ផ្លូវ​លេខ​២១៨ ក្រុម​ទី​១៧ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ជា​អ្នក​ជិះ​ខាងក្រោយ​ ជា​ម្ចាស់​ម៉ូតូ​) ។

វត្ថុ​តាង​ចាប់​យក​មាន​៖ ម៉ូតូ​ម៉ាក Honda C125 ស៊េរី 2023 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JT-1913​ ។

បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង ​០២​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ​តាម​នីតិវិធី​។

សូម​រម្លឹក​ថា ករណី​ក្មេង​ស្ទាវ​បង្ហោះ​ម៉ូតូ​នៅ​លើ​ដងផ្លូវ​សាធារណៈ ត្រូវ​បាន​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ថត​ បាន​សកម្មភាព​បង្ហោះ​ម៉ូតូ ស្រាប់តែ​ភ្លាត់ស្នៀត រ៉េ​ចង្កូត​ទៅ​បុក​ប្រជាពលរដ្ឋ​ម្នាក់ នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​បាន​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ឧសភា នៅ​ចំណុច​ដូច​ខាងលើ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា មានការ​ហួសចិត្ត​ខ្លាំង គឺ​យុវជន​ម្នាក់ ក្នុង​ចំណោម​២​នាក់ បាន​និយាយ​ដោះសា​រថា «​ម្តាយ​បាន​ប្រើ​មក​ទិញ​អី​ហូប ហើយ​ខ្លួន និង​មិត្តភក្តិ​ ជា​អ្នក​បើក ក៏​បាន​ជិះ​ម៉ូតូ​ទៅ​រក​ទិញ លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​ម៉ូតូ​ជាប់​លេខ​២ ក៏​ហោះ តែ​ម្តង​ទៅ​» ។

យុវជន​រូប​នេះ ក៏​បាន​បន្ត​និយាយ​ទៀត​ថា «​ម៉ូតូ​ខ្លួន ភាគច្រើន គឺ​ជាប់​លេខ​តែ​ចឹ​ង ហើយ​បើ​មិន​ជឿ ឲ្យ​ទៅ​សួរ​ក្រុម​មិត្តភក្តិ​ខ្លួន ដ៏​ដឹង​ដែរ​» ៕

អត្ថបទដែលជាប់ទាក់ទង