រថយន្ត​ម៉ាក Rang Rover សេរីទំនើបមួយគ្រឿងទៀត ពេលកំពុងបើកបរសុខៗ ក៏ត្រូវឆ្លងចរន្តភ្លើង​ឆេះសល់តែគ្រោងឆ្អឹង

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ​មានករណី រថយន្តមួយគ្រឿងម៉ាក Rang Rover ពណ៌ ស ស្លាកលេខ កម្ពុជា FCAI 1668 ត្រូវបានឆាបឆេះជាអគ្គិភ័យ បំផ្លាញអស់គ្មានសល់ ពោល គឺនៅសល់តែគ្រោងឆ្អឹង ទោះបីរថយន្តពន្លត់អគ្គិភ័យ នៃស្នងការរដ្ឋានខេត្តនេះ បានចេញទៅជួយពន្លត់ ក៏ពន្លត់មិនទាន់ដែរ។

ហេុតការនេះ កើតឡើង កាលពីម៉ោង ១ និង៣០​នាទី យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៣ ក្នុងពេលកំពុងបើកបរ តាមផ្លូវមួយកន្លងក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ត្រង់ចំណុច​ម្តុំផ្លូវ៤០ម៉ែត្រ នាក្រុងព្រះសីហនុ។

សមត្ថកិច្ចបន្តថា ដោយសារស្ថានភាពភ្លើងឆេះខ្លាំងពេក គឺក្រុមសមត្ថកិច្ចពន្លត់អគ្គិភ័យ មិនអាចជួយសង្គ្រោះរថយន្ត ដែលឆាប់ឆេះនោះបានទេ ហើយក៏ត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតទេ។​

​សមត្ថកិច្ចពន្លត់អគ្គិភ័យ ​ឲ្យដឹងបន្តថា ម្ចាស់រថយន្ត ដែលត្រូវភ្លើងឆេះខាងលើ ឈ្មោះ ទាវ គឹម​ភាវ ហើយ​ចំពោះមូលហេតុ នាំឲ្យកើតជាអគ្គិភ័យ​ឬភ្លើងឆាបឆេះ​ គឺបណ្តាលមកពីរថយន្តនេះ ធ្លាយធុងប្រេង រួចក៏ឆ្លងចរន្តបង្កើតជាអគ្គិភ័យកើតឡើងភ្លាមៗ៕

អត្ថបទដែលជាប់ទាក់ទង