ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី តែងបង្ហាញខ្លួន ឱ្យអ្នកស្រុកឃើញញឹកញយ តែមិនបង្កគ្រោះថ្នាក់អ្វីទេ

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ បានឱ្យដឹងថា ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី ពិសេសក្នុងតំបន់ដែនជម្រកសត្វព្រៃ កែវសីមា តែងបង្ហាញខ្លួន ញឹកញយជាច្រើនក្បាល នៅក្បែរភូមិឋានអ្នកស្រុក ដើម្បីផឹកទឹករកចំណី តែមិនបង្កការគ្រោះថ្នាក់ដល់អ្នកស្រុកទេ។

ពលរដ្ឋ ចាត់ទុកវត្តមាន របស់សត្វដំរីព្រៃ ធ្វើដំណើរជាហ្វូង វាជាសញ្ញាបញ្ជាក់ឲ្យឃើញថា ចំនួនសត្វដំរីព្រៃ នៅមានចំនួនច្រើនក្នុងព្រៃ ដោយមិនមានការបាត់បង់ឡើយ។

​ប្រភពពីប្រជាពលរដ្ឋ រស់នៅស្រុកកែវសីមា បានលើកឡើងដូចៗគ្នាថា នៅរដូវប្រាំងនេះ ហ្វូងដំរីព្រៃតែងឃើញដើរចេញពីព្រៃ ដើម្បីមករកចំណី ឬប្រភពទឹកផឹក យ៉ាងទៀងទាត់ ព្រោះពីមុនតំបន់ទាំងនោះ សុទ្ធតែជាព្រៃរបស់វាធ្លាប់រស់នៅ។

ប្រជាពលរដ្ឋ បន្តថា ការបង្ហាញខ្លួន របស់ហ្វូងដំរី ក៏បានបង្កការរំខានខ្លះៗដែរ ដោយពួកវា បានស៊ីដំណាំផ្សេងៗ របស់អ្នកស្រុក ប៉ុន្តែពួកវា មិនបង្កគ្រោះថ្នាក់ដល់ពួកគាត់ទេ។

​នាយកដែនជម្រកសត្វព្រៃកែវសីមា លោក ស៊ិន សត្ថា បានឲ្យដឹងថា ជា​បន្តបន្ទាប់មកនេះ មន្ត្រីឧទ្យានុរក្ស តែងចុះល្បាត ប្រទះឃើញហ្វូងដំរីព្រៃ ញឹកញាប់ ហើយប្រហែល ៣ខែមុន ដំរីព្រៃជាច្រើនក្បាល បានបង្ហាញខ្លួននៅតំបន់ឃុំស្រែព្រះ។

លោកបន្តថា គិតរហូតដល់ពេលនេះ មិនទាន់កំណត់បានតួលេខជាក់លាក់ របស់ដំរីព្រៃ ក្នុងដែនជម្រកសត្វព្រៃកែវសីមានោះទេ ត្បិតក្រុមមន្ត្រីជំនាញក្នុងឆ្នាំ២០២៣ ប្រមូលបានសំណាកសត្វដំរីព្រៃ ប្រមាណជាង ៤០០សំណាក់ យកទៅពិសោធន៍ ដើម្បីកំណត់ចំនួន របស់ពួកវា ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលឡើយ។

​គួររំលឹកដែរថា តួលេខសត្វដំរីព្រៃ កាលពីឆ្នាំ២០២១ ដែលមន្ត្រីជំនាញបានផ្ដល់ឲ្យ សត្វដំរីព្រៃអាស៊ី នៅខេត្តមណ្ឌលគិរី មិនមានចំនួនថយចុះនោះទេ ពួកវាកំពុងរស់នៅក្នុងព្រៃ និងបង្កាត់ពូជយ៉ាងសុខសាន្ត។ ហើយចំនួនរបស់ពួកវា អាចមានចន្លោះពី ៣០០ក្បាល ទៅ ៤០០ក្បាល ដោយមានរស់នៅច្រើន ក្នុងដែនជម្រកសត្វព្រៃកែវសីមា បន្ទាប់មកគឺ ដែនជម្រកសត្វព្រៃភ្នំព្រេច និងខ្លះទៀតរស់នៅក្នុង ដែនជម្រកសត្វព្រៃស្រែពក៕

អត្ថបទដែលជាប់ទាក់ទង