​ឧត្ដមសេនីយ៍ឯក ទូច ពលៈ ​ដឹកនាំកម្លាំងចម្រុះ ​​ចុះ​​ពិនិត្យ​​ទីតាំង​ដី​​ សម្រាប់ស្ថាបនាប៉ុស្តិ៍​នគរបាលរដ្ឋបាល ការពារព្រំដែនទឹក នៅ​ឃុំថ្មស ស្រុកបូទុមសាគរ

ខេត្តកោះកុង ៖ ប្រធាននាយកដ្ឋាននគរបាល ការពារព្រំដែនទឹក និង ជាអគ្គលេខាធិការរង នៃគណៈកម្មាធិការ​ជាតិ សន្តិសុខលម្ហសមុទ្រ គឺ​លោកឧត្ដមសេនីយ៍ឯក ទូច ពលៈ កាលពីថ្ងៃអាទិត្យ ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៤​ បានដឹកនាំកម្លាំងចម្រុះ នៃ​កងកម្លាំងនគរបាល ការពារព្រំដែនទឹក ប្រមាណជាង ៣០នាក់ ចុះ​​ពិនិត្យ​ដល់​ទីតាំង​ដី​ សម្រាប់ស្ថាបនាប៉ុស្តិ៍​នគរបាលរដ្ឋបាល ការពារព្រំដែនទឹក ស្តិតក្នុងភូមិសាស្ត្រឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

សកម្មភាពដឹកនាំពិនិត្យដីសង់ប៉ុស្តិ៍រដ្ឋបាលខាងលើនេះ ក៏មានការចូលរួមពី លោក ឧត្ដមសេនីយ៍ ត្រី ផាន់ កណ្ណារ៉ាត់ អនុប្រធាននាយកដ្ឋាន​ទទួលបន្ទុក​ព្រំដែនទឹក ក្នុងខេត្តកោះកុង លោក វរសេនីយ៍ឯក សុិន ដារ៉ូ មេបញ្ជាការ​វរៈសេនាតូច នគរបាលការពារព្រំដែន ទឹក លេខ​២៦៩ ឈរជើង នៅខេត្តកោះកុង និង លោក ខេង សំខាន់ អភិបាលរងស្រុក​បូទុមសាគរ និងអាជ្ញាធរមូលដ្ឋាន ជាច្រើនរូបទៀត។

​លោក​ឧត្តមសេនីយ៍ ឯក ទូច ពលៈ ​បានបញ្ជាក់ថា ​ទីតាំង​ដែលត្រូវ ស្ថាបនាប៉ុស្តិ៍​នគរបាលរដ្ឋបាល ការពារព្រំដែនទឹក ខាងលើនេះ គឺមានទំហំ​​ទទឹង ៨ម៉ែត្រ​​ និងមានបណ្ដោយ ២០ម៉ែត្រ​។​

​នាឱកាសនោះ លោកឧត្ដមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាល ការពារ​ព្រំដែនទឹក មានប្រសាសន៍ថា ថ្នាក់ដឹកនាំស្ថាប័ននេះ តែងយកចិត្តទុកដាក់ ចំពោះសុវត្ថិភាព សន្តិសុខ នៅតំបន់លម្ហសមុទ្រ និង​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងដែនសមុទ្រ ជូនសង្គមជាតិ ជាពិសេស​ការពារជលផលប្រយោជន៍ របស់​ប្រជាពលរដ្ជ ក្នុងដែនសមុទ្រកម្ពុជា ដោយការទទួលខុសត្រូវខ្ពស់។ ជាងនេះទៀត ក៏បាន ពង្រឹង​សមត្ថភាព របស់កងកម្លាំងការពារសន្តិសុខដែនទឹក មិនឲ្យ​មាន​បទល្មើសណាមួយ​កើតមានឡើង ​ក្នុងតំបន់សមុទ្រ ឬនៅតាមភូមិ​សាស្ត្រ នៃខេត្តជាប់​​មាត់សមុទ្រ​នីមួយៗ​នោះទេ។

លោកបន្តថា ​នាយកដ្ឋាននគរបាលការពារ​ព្រំដែនទឹក នឹងបន្តចូលរួមសហការ​ជាមួយ ប្រជា​នេសាទ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ​នៅតាម​មាត់សមុទ្រ ឬនៅតាមកោះនី​មួយៗ ដូចជាទប់ស្កាត់ នូវ​បទល្មើស​នេសាទ​ខុសច្បាប់គ្រប់ប្រភេទ ដែលជនខិលខូច លួចចូលមក នេ​សាទ ក្នុងដែនសមុទ្រ របស់ប្រទេសកម្ពុជា ឲ្យមានប្រសិទ្ធភាព​៕

អត្ថបទដែលជាប់ទាក់ទង