អាជីវករឆ្នេរអូរឈើទាល ចាត់ទុកការផ្តល់សិទ្ធឲ្យក្រុមហ៊ុនឯកជន យកលុយ​ពីភ្ញៀវទេសចរ ថ្លៃ​ចតរថយន្ត នាំឲ្យភ្ញៀវមិន​សប្បាយចិត្ត

ខេត្តព្រះសីហនុ ៖ ​ក្រុមអាជីវករ ដែលមាន​ភោជនីយដ្ឋានលក់ដូរជាង ៤០ហាង មានទីតាំងនៅតាមឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ បង្ហាញ​ការមិនពេញចិត្ត ចំពោះ​ការយកថ្លៃភាស៊ី ឬយកលុយចតរថយន្ត ពី​​ភ្ញៀវទេសចរ ដែលចូលមកកម្សាន្តតាមតំបន់ឆ្នេរអូរឈើទាល ដោយ​ចាប់​អនុវត្ត កាលពីថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ថា នាំឲ្យ​អារម្មណ៍ របស់​ភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ មិនសប្បាយចិត្ត ហើយលែងចង់មក​ទស្សនាខេត្តព្រះសីហនុទៀត នាថ្ងៃខាងមុខ។

ការលើកឡើង របស់តំណាងអាជីវករ ​ឆ្នេរអូរឈើទាលខាងលើនេះ កើតឡើងបន្ទាប់ពី កាលពីថ្ងៃទី​០៥ ខែកុម្ភៈ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ​បានកោះប្រជុំតំណាងអាជីវករ ដែលមានតូប ឬហាងលក់ដូរ នៅតាម​ឆ្នេរអូរឈើទាល ជាបន្ទាន់ ហើយ​បានចេញសេចក្តីសម្រេ​ចភ្លាមៗចំនួន​ ១០ចំណុច ឲ្យក្រុមអាជីវករឆ្នេរអូរឈើទាល ​អនុវត្ត​ ដោយគ្មានការតវ៉ា​​ ឬមានមតិយោបល់ទេ។

តំណាងអាជីវករឆ្នេរអូរឈើទាល ឲ្យដឹងថា ​លទ្ធផល​កិច្ចប្រជុំ​ ១០ចំណុច ដែលរដ្ឋបាលក្រុងព្រះសីហនុ តម្រូវឲ្យក្រុមអាជីវករឆ្នេរអូរឈើ​ទាល អនុវត្តមានដូចជា ៖

១- តម្រូវឲ្យម្ចាស់តូប ឬភោជនីយដ្ឋាននៅឆ្នេរអូរឈើទាលទាំងអស់ ត្រូវប្រគល់ចំណតរថយន្តខាងមុខភោជនីយដ្ឋាន របស់ខ្លួន ​ទៅឲ្យក្រុមហ៊ុន ហោ យាន ដែលទទួលសិទ្ធ​ធ្វើអាជីវកម្មភាស៊ីចំណតរថយន្ត នៅក្នុងក្រុងព្រះសីហនុ​​ ដោយក្រុមហ៊ុននេះ ជាអ្នកគ្រប់គ្រងចាប់ពីថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៤តទៅ។ ​ហើយក្រុមហ៊ុន បានចុះកិច្ចសន្យាជាមួយក្រសួងសេដ្ឋកិច្ច ​​សាកល្បង​រយៈពេល​០១ឆ្នាំ​​ និងបានបង់​ថវិកា​ចូលរដ្ឋបាលខេត្តព្រះសីហនុ ចំនួន​១២ម៉ឺនដុល្លារអាមេរិក (១២​០០​០០ដុល្លារ)។ ភាស៊ីនេះ ត្រូវអនុវត្ត​ចំពោះរថយន្ត ដែលចូលចត​នៅមុខភោជនីយដ្ឋានទាំងអស់ នៅតាមឆ្នេរអូរឈើទាល ​ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ​២០២៤តទៅ​។

២- សម្រាប់រថយន្តថៅកែហាង និងបុគ្គលិកហាង គឺតម្រូវឲ្យបង់លុយចំណតម្តង ​ក្នុងមួយថ្ងៃ​ ​គឺទៅតាមប្រភេទរថយន្ត ដែល​​ក្រុមហ៊ុនបានកំណត់​។

៣- សម្រាប់ម៉ូតូ របស់បុគ្គលិក ត្រូវបានលើកលែង គឺមិនយកលុយទេ​។

៤- ម្ចាស់ហាង ឬភោជនីយដ្ឋាននីមួយៗ មិនត្រូវបង្កើតឲ្យមានបុគ្គលិក រង់ចាំហៅភ្ញៀវ ឬហៅឡាន ឲ្យចូលចត នៅតាមចំណតមុខហាង របស់ខ្លួន​ទៀតទេ​។

៥-​ មិនអនុញ្ញាតឲ្យម្ចាស់ហាង ឬភោជនីយដ្ឋាន ​ធ្វើការចាក់សាប ឬបេតុង ​នៅតាមបរិវេណចំណតសាធារណៈទៀតឡើយ។

៥- តម្រូវឲ្យ ​ម្ចាស់ហាង ឬភោជនីយដ្ឋានទាំងអស់ ត្រូវ​បិតស្លាកសញ្ញាហាមជក់បារី​ នៅតាមទីតាំងរៀងៗខ្លួន។

៧- ម្ចាស់ហាងមិនត្រូវទទួលការដាក់តាំង ផលិតផលបារី ឬរូបភាព​ល្បែងស៊ីសង នៅក្នុងហាង ជាថ្នូរ​ដោះដូរផលិតផលផ្សេងៗ ដូចជា ការតាំងរូបភាពផ្សព្វផ្សាយពីផលិតផល ឬទីតាំងប្រកបអាជីវកម្មអ្វីមួយទេ។

៨- ម្ចាស់ហាង ឬភោជនីយដ្ឋាននីមួយៗ ត្រូវគោរពទៅតាមពេលវេលាបញ្ចេញសំរាម ដែលរដ្ឋបាលក្រុងព្រះសីហនុ បានកំណត់។

៩- ម្ចាស់ហាង ឬភោជនីយដ្ឋានទាំងអស់ ត្រូវរៀបចំផ្លូវដើរសាធារណៈ ឲ្យមានសណ្ដាប់ធ្នាប់។

១០- ម្ចាស់ហាង ឬភោជនីយដ្ឋាននីមួយៗ មិនត្រូវរំលោភចំណីផ្លូវ និងឆ្នេរសមុទ្រ របស់រដ្ឋ សម្រាប់បម្រើដល់ការធ្វើអាជីវកម្ម របស់ខ្លួនទេ​។

​បញ្ហាទាំង ១០ចំណុច​នេះ ទើបនៅរសៀលថ្ងៃអង្គារ ទី​០៦ ខែកុម្ភៈ​ តំណាងអាជីវករដែលមាន​ភោជនីយដ្ឋាន នៅឆ្នេរអូរឈើទាលទាំងអស់ ក៏បាន​ប្រមូលផ្តុំគ្នាតវ៉ា និងផ្តិតស្នាមមេដៃ ត្រៀមដាក់ជូន ​លោក​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគ​រូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ ដើម្បីពិនិត្យ និងជួយអន្តរាគមន៍។

ត្រង់ចំណុចនេះ ក្រុមអាជីវករទាំង ៤៣ហាង នៅឆ្នេរអូរឈើទាល បានលើកឡើងដូចៗគ្នាថា ​អាជីវករ​ពួកគេ បានចំណាយលុយ​​​​រាប់រយ​ដុល្លារប្រចាំខែ សម្រាប់បង់ជូនមន្ទីរ​អង្គភាពពាក់ព័ន្ធជាច្រើនស្ថាប័ននៃខេត្តព្រះសីហនុ។ ក្នុងនោះ ក៏បានបង់ជូន រដ្ឋបាលខេត្តព្រះសីហនុ ចំនួន ៧០០ដុល្លារ ​ក្នុងមួខែ សម្រាប់​ភោជនីយដ្ឋាន​មួយកន្លែង។

កាលពីរសៀលថ្ងៃអង្គារ ទី​០៦ ខែកុម្ភៈ​​ មានតំណាងអាជីវករចំនួន ២៣នាក់ ​ បានមកប្រមូលផ្តុំគ្នានៅឆ្នេរអូរឈើទាល ដើម្បីសម្តែងមតិ និងបង្ហាញការមិនពេញចិត្តចំពោះទង្វើ របស់មន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលក្រុង-​ខេត្តព្រះសីហនុ ដែលបានផ្តល់សិទ្ធធ្វើអាជីវកម្មភាស៊ីចំណតរថយន្ត ទៅឲ្យក្រុមហ៊ុន​ ហោ យាន ទាំងមិនបានសួរនាំ ឬជូនដំណឹង​មកក្រុមអាជីវករពួកគាត់ ​ដឹងជាមុន ឬមានកោះប្រជុំក្រុមអាជីវករ ដើម្បីចូលរួមជាមតិយោបល់ ជាសាធារណៈនោះទេ។ ​ទើប​ម​ក​កោះ​ប្រជុំ​ក្រុម​អាជីវករពួកគាត់យ៉ាងតក់ក្រហល់ កាលពីថ្ងៃទី០៥ ខែកុម្ភៈ។ ហើយក្រោយបញ្ចប់កិច្ចប្រជុំភ្លាមៗ ក៏បានដាក់ចេញសេចក្តីសម្រេច​ចំនួន ១០ចំណុច ឲ្យ​ពួកគាត់អនុវត្តតាមភ្លាមៗ ដោយគ្មានការតវ៉ា។

អាជីវករឆ្នេរអូរឈើទាលឲ្យដឹងបន្តថា «រសៀលថ្ងៃអង្គារនេះ អាជីវករចំនួន ២៣នាក់ តំណាងឲ្យ​ភោជនីយដ្ឋានចំនួន ៤៣ហាង នៅឆ្នេរអូរឈើទាល ​បាន​ជួបជុំគ្នា សម្តែងមតិមិនពេញចិត្ត ចំពោះការយកភាស៊ី ឬយកលុយថ្លៃចំណតពីភ្ញៀវទេសចរ​ ចូលមកកម្សាន្តនៅឆ្នេរអូរឈើទាល​​។ ​ពួកគាត់ ចាត់ទុកការយកភាស៊ីចំណត របស់ក្រុមហ៊ុន ហោ យាន អាចនាំឲ្យភ្ញៀវទេសចរមិនសប្បាយចិត្ត ឬបាត់បងភ្ញៀវ​ចូល​មកទស្សនាខេត្តព្រះសីហនុទៀត នាថ្ងៃខាងមុខ»។

ក្រុមអាជីវករ បញ្ជាក់បម្ថែមថា ជំនួបរបស់ក្រុមអាជីវករនៅរសៀលថ្ងៃអង្គារ​ ​ពួកគាត់​បានផ្តិតស្នាមមេដៃ ដើម្បីរៀបចំឯកសារដាក់ញាតិជូន លោក​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគ​រូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ឲ្យជួយអន្តរាគន៍ ​បញ្ឈប់សកម្មភាព របស់ក្រុមហ៊ុនឯកជន កុំឲ្យ​យកចំណតចតរថយន្ត ពីភ្ញៀវទេសចរ ​នៅ​ឆ្នេរអូរឈើទាល​ទៀត។

ដោយឡែក អាជីវករឆ្នេរអូរឈើទាលច្រើនទៀត ក៏បានបង្ហាញការមិនពេញចិត្ត ចំពោះការយកលុយថ្លៃចំណតពីភ្ញៀវទេសចរ ថ្លៃចតរថយន្តនេះដែរ ហើយបាន​សម្តែងការហួសចិត្តថា «មិនគួរនៅសុខៗ បែរជាថ្នាក់ដឹកនាំរដ្ឋបាលក្រុងព្រះសីហនុ ឬក្រសួងពាក់ព័ន្ធ ​ផ្តល់សិទ្ធទៅឲ្យក្រុមហ៊ុនឯកជន ​ធ្វើអាជីវកម្ម​ភាស៊ី ឬយក​ពីភ្ញៀវទេសចរថ្លៃចតរថយន្តបែបនេះទេ។ នៅសុខៗ ទៅបង្កើតរឿងក្តៅក្រហាយដល់ភ្ញៀវទេសចរ ខណៈសេដ្ឋកិច្ចក្នុងខេត្តនេះ កំពុងធ្លាក់ចុះដុនដាបស្រាប់​ ហើយអាជីវករ​ពួកគាត់ បានរិះរកវិធីសាស្ត្រ ដើម្បីអភិវឌ្ឍហាង ឬទីតាំងភោជនីយដ្ឋានតែរៀងៗខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាតំបន់ឆ្នេរនេះ បាន​កាន់តែច្រើន។ ប៉ុន្តែបែរជា ថ្នាក់ដឹកនាំក្រសួង ក៏ដូចជា រដ្ឋបាលក្រុងព្រះសីហនុ មកបង្កើតឲ្យមានក្រុមហ៊ុនមកយកភាស៊ី ថ្លៃចត​រថយន្តពីភ្ញៀវទេសចរបែបនេះទៅកើត។ ព្រោះការយកលុយថ្លៃចំណត​ពី​ភ្ញៀវទេសចរ អាចធ្វើឲ្យភ្ញៀវ មិនសប្បាយចិត្ត ហើយមិនចង់ចូលមកកម្សាន្ត​ខេត្តព្រះសីហនុ​ទៀត ​ក៏ថាបានដែរ»

ទាក់ទិនបញ្ហានេះ ភ្ញៀវទេសចរមួយក្រុម ដែលចូលមកកម្សាន្ត និងអង្គុយពិសាអាហារជុំគ្នា នៅតាមហាងមួយចំនួន នាឆ្នេរអូរឈើទាល ក៏បានរិះគន់​ក្រុមហ៊ុនយកភាស៊ី ឬយកលុយថ្លៃចតរថយន្តរបស់ខ្លួនថា « ខ្ញុំ ចូលមកដល់មិនទាន់បានចតឡានត្រឹមត្រូវ និងមិនទាន់បានចូល​ហាង ​ហូបអីមួយម៉ាត់ផង ក៏មានគេមកតម្រូវឲ្យរូបគាត់បង់លុយ​ ៦ពាន់រៀល ថ្លៃចតរថយន្តជាមុន។ ​ពួកខ្ញុំ មិនសប្បាយចិត្តទេ សូមឲ្យចៅហ្វាយខេត្តព្រះសីហនុ ពិចារណាឡើងវិញផង ថាគួរបន្តបង្កើតទង្វើបង្ខំ យកលុយពីការចតរថយន្ត ឬថ្លៃភាស៊ី តាមតែអំពើចិត្តបែបនេះ តទៅទៀត ឬយ៉ាងណា នៅថ្ងៃអនាគត?។ ព្រោះ សេដ្ឋកិច្ចស្រុកទេសយើង ក៏កំពុងធ្លាក់ចុះ ហើយពលរដ្ឋមិនសូវ មានលុយដើរលេងផងទេ។ សូមកុំឲ្យខេត្តជាប់សមុទ្រមួយនេះ កើតមានរឿងប្លែកៗច្រើនពេក»។

​បុរសជាភ្ញៀវទេសចរផ្សេងទៀត ដែលស្នើមិនបង្ហាញអត្តសញ្ញាណ​ ​ក៏បានថ្លែងរិះគន់លើការយកភាស៊ី ឬយកលុយថ្លៃចតរថយន្ត ពីក្រុមហ៊ុននៅឆ្នេរអូរឈើទាល មានតម្លៃខ្ពស់រហូតដល់ ៦ពាន់រៀល ក្នុងរថយន្តមួយគ្រឿង។ ហើយតម្លៃនេះ ហាក់មានលក្ខណៈចាប់បង្ខំ ហើយអ្នកមកយកលុយថ្លៃចំណត ហាក់គ្មានសុវជីវធម៌នោះទេ ដោយរថយន្តរបស់គាត់ ស្ទើរមិនទាន់ឈប់វិលកង់ផង បានមកហុចក្រដាសវិក័យបត្រ តម្រូវឲ្យបង់លុយភ្លាមៗ។ លោកបន្តថា កន្លងមក នៅពេលរូបគាត់ នាំក្រុមគ្រួសារសាច់ញាតិ ចូលមកកម្សាន្តនៅតាមភោជនីយដ្ឋាន តាមបណ្តោយឆ្នេរអូរឈើទាលនេះ គឺរាល់ការចតរថយន្ត របស់គាត់ មិនតម្រូវឲ្យបង់លុយនោះទេ ពោលគឺទើបតែ នៅសៀលថ្ងៃទី០៦ ខែកុម្ភៈនេះប៉ុណ្ណោះ។

ភ្ញៀវទេសចររូបនេះបន្តថា «រសៀលថ្ងៃអង្គារនេះ ពេលគាត់បើកឡើនមកចតនៅតាមចំណត ដែល​ម្ចាស់ភោជនីយដ្ឋាន បានចាក់សាបបេតុងយ៉ាងមានសោភ័ណភាពរាបស្មើ គឺរូបគាត់មិនទាន់ទាំងបានចុះពីរថយន្តផង ក៏មានមនុស្សម្នាក់ បានហែកវិក័យបត្របង់លុយថ្លៃចំណតចំនួន ៦ពាន់រៀល ក្នុងរថយន្តមួយគ្រឿង ដែលពីមុនរាល់ការចត នៅមុខហាងនីមួយៗ នៅតាមឆ្នេរអូរឈើទាលនេះ មិនតម្រូវឲ្យម្ចាស់រថយន្តបង់លុយថ្លៃចំណតនោះទេ ហើយថែមទាំងមានបុគ្គលិក នៅតាមហាងនីមួយៗ ចេញមកជួយសម្រួល ការចូលចតរថយន្តយ៉ាងសមរម្យថែមទៀតផង។ ប៉ុន្តែពេលនេះ គីមិនដូចពេលមុនទៀតទេ»

ងាកមកស្ត្រីភ្ញៀវទេសចរម្នាក់ទៀត ដែលបាននាំក្រុមគ្រួសារចូលមក សម្រាក់អង្គុយ​លម្ហែ និង​ពិសាម្ហូបអាហារភោជនីយដ្ឋានមួយកន្លែង នៅចុងឆ្នេរអូរឈើទាល ក៏បានរអ៊ូរទាំថា «គ្រាន់តែឡានបើកចូលដល់មុខហាង ស្ទើរមិនទាន់ឈប់វិលកង់ផង ក៏មានមនុស្សហែកក្រដាសវិក័យបត្រតម្រូវឲ្យបង់លុយ ៦ពាន់រៀល ​ទាំងមិនទាន់បានចុះពីឡាន ចូលអង្គុយ ​ហូបម្ហូបអាហារ​​យម៉ាតផង។ ឳ អនិច្ចាខេត្តមុខលុយអើយ អីក៏មុខខ្លាញ់យ៉ាងនេះ ? ហេតុអ្វីចៅហ្វាយខេត្តមិនជួយមើលផង ឬមួយក៏ជាអ្នកនៅពីក្រោយ ការយកភាស៊ី ​ចំណតនេះទេដឹង? គួរឲ្យខ្លាចរអារលែងហ៊ាន​ មកទស្សនាតំបន់ឆ្នេរនេះទៀតហើយ​»

លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ មានប្រសាសន៍ថា « ចំពោះការយកភាស៊ីពីភ្ញៀវទេសចរ ដែលចូលត្តរថយន្តនៅតាមឆ្នេរអូរឈើទាលនេះ រូបលោកមិនបានដឹងរឿងច្បាស់ទេ ដោយគ្រានតែឮអាជីវករនិយាយតែប៉ុណ្ណោះ។ ប៉ុន្តែក្នុងមានមន្ទីរទេសចរណ៍យល់ថា ជាធម្មតាទេ ការរៀបចំប្រមូលថវិកា ឬក៏ភាស៊ីពីតំបន់សាធារណៈ របស់រដ្ឋ គឺជារឿងធម្មតាទេ ប្រសិនបើមានគោលការណ៍ណែនាំ និងមានលិខិតបទដ្ឋានត្រឹមត្រូវ ពីក្រសួងពាក់ព័ន្ធ ឬក៏សមត្ថកិច្ចពាក់ព័ន្ធ។ ប៉ុន្តែអ្វីដែលសំខាន់ ខ្ញុំ ក៏បានឮព័ត៌មានខ្លះដែរ គួរឲ្យមានការប្រជុំពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធ ឲ្យមានការឯកភាពគ្នាជារួមជាមុនសិន ដើម្បីជៀសវាងកើតមានបាតុភាពផ្សេងៗ»។

ករណីនេះ លោក គ្រឹះស្នា បង្ហាញគំនិតថា «បច្ចុប្បន្នេះ យើងកំពុងជម្រុញដល់ក្រុមអាជីវករ ឲ្យចូលរួមបង្កើតព្រឹត្តិការណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាតំបន់ឆ្នេរសមុទ្រ របស់យើងឲ្យបានច្រើន ប៉ុន្តែបើយើងធ្វើអ្វីមួយ ហើយលើកយកមកអនុវត្តភ្លាមៗ ដោយមិនឲ្យអាជីវករបានដឹង និងត្រៀមខ្លួនជាមុនគឺនឹងអាចមានបញ្ហាកើតឡើង។ ការធ្វើអ្វីមួយទាល់តែ ផ្នែកពាក់ព័ន្ធ ព្រមទទួលយកលទ្ធផលឈ្នះឈ្នះទាំងអស់គ្នា ទើបមិនមានបញ្ហាអីកើត​ទេ។ ​ជាពិសេសករណីយកភាស៊ីចំណតភ្លាមៗនេះ វាអាចនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់​ភ្ញៀវទេសចរ ដែលគាត់ធ្លាប់ចូលមកកម្សាន្តនៅឆ្នេរអូរឈើទាល ហើយមិនធ្លាប់មានអ្នកយកលុយចំណត ប៉ុន្តែដល់ពេលមានអ្នក​យកលុយចំណត អាចធ្វើឲ្យគាត់មិនសប្បាយចិត្តដែរ។ ខ្ញុំថា ករណីយកភាស៊ីចំណតនេះ គឺគួរទុកពេលវេលា​ និងធ្វើកការផ្សព្វផ្សាយឲ្យអាជីវករ និងសាធារណជន បានដឹងជាមុនសិន ទើបជាការល្អប្រសើរ»

​យ៉ាងណា មិនទាន់អាចទាក់ទង តំណាងក្រុមហ៊ុន ហោ យាន ដែលទទួលបានសិទ្ធធ្វើអាជីវកកម្មភាស៊ីចំណតរថយន្ត នៅឆ្នេរអូរឈើទាល នៅឡើយទេ នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

​ឆ្លើយតបបញ្ហានេះ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ទាក់ទងនីតិវីធីដេញថ្លៃចំណតរថយន្តនៅឆ្នេរអូរឈើទាលនេះ គឺធ្វើឡើងស្របច្បាប់ រៀបចំដោយរដ្ឋបាលខេត្តព្រះសីហនុ។ ហើយទទួលបានចំណូលចូលរដ្ឋ ក្នុងមួយឆ្នាំជាង ១០ម៉ឺនដុល្លារ តាមរយៈបង់ថវិកានេះចូល រដ្ឋបាលខេត្តព្រះសីហនុ។
លោកបន្តថា ការយកភាស៊ីចំណតនេះ ចាប់អនុវត្តពីថ្ងៃទី០៦ ខែកុម្ភៈតទៅ រហូតដល់ដាច់ឆ្នាំ២០២៤។ សូមឲ្យអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលទាំងអស់ ចូលរួមសហការជាមួយរដ្ឋបាលក្រុង និងរដ្ឋបាលខេត្តព្រះសីហនុ ដោយស្មារតីយោគយល់គ្នា។​

លោក ឃាង ភារម្យ សំណូមពរថា «សូមឲ្យអាជីវករមានហាងលក់ដូរនៅឆ្នេរអូរឈើទាលទាំងអស់ ឈប់បន្តការវាទី លើទីតាំងដី​សាធារណៈ​ របស់រដ្ឋ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀត ដោយអាជីវករទាំងនោះ ងាកមកខំប្រឹងតែបំរើសេវាជូនភ្ញៀវ នៅក្នុងហាងរបស់ខ្លួន ឲ្យបានល្អវាជាការស្រេច។ កាលណា តំបន់ឆ្នេរអូរឈើទាលនេះ មានចំណតល្អ មានសុវត្ថិភាព គឺភ្ញៀវក៏សប្បាយចិត្ត និងចូលមកតំបន់នេះកាន់តែច្រើនថែមទៀត វាមិនមែនជាប៉ះទង្គិចសតិអារម្មណ៍ដល់ភ្ញៀវទេសចរទេ។

លោកបន្តថា ចំពោះការយកភាស៊ីថ្លៃចំណត​រថយន្តនេះ គឺខាងក្រុមហ៊ុន បានកំណត់តម្លៃច្បាស់លាស់ ដោយបែងចែកប្រភេទរថយន្តតូចធំ មានតម្លៃ ៤ពាន់រៀល ៦ពាន់ ​និង៨ពាន់​រៀល​ គឺតម្លៃនេះទៅតាមរថយន្តតូចឬធំ។ ហើយ វាមិនប៉ះទង្គិចអ្វីដល់ភ្ញៀវទេ ជាពិសេសការយកភាស៊ីចំណតនេះ ខាងក្រុមហ៊ុន មានការទទួលខុសត្រូវ ទៅលើការខូចខាត ឬបាត់បង់ រថយន្តរបស់ភ្ញៀវថែមទៀតផង»។​

យ៉ាងណាក៏ដោយចុះ អភិបាលក្រុងព្រះសីហនុ លោក សរ កក្កដា មានប្រសាសន៍នៅរសៀលថ្ងៃអង្គារនេះថា ​ក្រុមហ៊ុនដែលដេញថ្លៃធ្វើអាជីវកម្មភាស៊ី ចំណតរថយន្ត នៅឆ្នេរអូរឈើទាល​នេះ គឺដាក់ពាក្យដេញថ្លៃស្របតាមច្បាប់ ដែលរៀបចំដោយ រដ្ឋបាលខេត្តព្រះសីហនុ និងទទួលស្គាល់ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាមន្ទីរសេដ្ឋកិច្ច ​ខេត្តព្រះសីហនុ​ ស្របតាមនីតិវិធី។ ហើយក្រុមហ៊ុន​ដេញថ្លៃបាន ឬទទួលសិទ្ធស្របច្បាប់ ក្នុងការធ្វើអាជីវកម្មភាស៊ីចំណតថយន្ត ​ក្នុងក្រុងព្រះសីហនុនេះ គឺឈ្មោះក្រុមហ៊ុន ហោ យាន ដោយទទួលសិទ្ធធ្វើអាជីវកម្មរយៈពេល ០១ឆ្នាំ ចាប់ពីថ្ងៃទី​០១ ខែមករា ​ដល់ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៤។ ហើយការយកថ្លៃភាស៊ីចំណតរថយន្តនេះ ​មានធ្វើក្នុងកិច្ចសន្យា រវាងក្រុមហ៊ុន រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញ និងអាជ្ញាធររដ្ឋបាលក្រុង ស្របតាមច្បាប់​។

លោកអភិបាលក្រុងព្រះសីហនុ បន្តថា «ការយកថ្លៃភាស៊ីចំណតរថយន្ត នៅឆ្នេរអូរឈើទាលនេះ គឺតម្រូវឲ្យគ្រប់ម្ចាស់ហាង ឬភោជនីយដ្ឋានទាំងអស់ ត្រូវតែអុវត្តតាម និងចូលរួមសហការ​ ឲ្យស្របតាមសេចក្តីសម្រេចទាំង ១០ចំណុច ដែលរដ្ឋបាលក្រុងព្រះសីហនុ បានដាក់ចេញ នៅក្នុងកិច្ចប្រជុំជាមួយក្រុមអាជីវករឆ្នេរអូរឈើទាល កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឲ្យបានរលូន ដោយមិនត្រូវប្រមូលផ្តុំគ្នាតវ៉ា​ទេ ព្រោះថវិកា ដែលទទួលបានពីការដេញថ្លៃភាស៊ីនេះ ក៏បានជួយដល់ចំណូលថវិកាខេត្តព្រះសីហនុ ជាង ១០ម៉ឺនដុល្លារដែរក្នុងមួយឆ្នាំ​»

យ៉ាងនេះក្តី តំណាង​អាជីវករទាំង ៤៣ហាង ឬភោជនីយដ្ឋាន នៅឆ្នេរអូរឈើទាល នឹងរង់ចាំមើលលទ្ធផលនៃចំណាត់ការ របស់ ​លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលពួកគេបានដាក់ញាតិ​សុំឲ្យជួយអន្តរាកមន៍ស្នើលុបចោល សកម្មភាព របស់ក្រុមហ៊ុន ហោ យាន ដែល​​យកថ្លៃចតរថយន្ត​ពីភ្ញៀវទេសចរ នៅឆ្នេរអូរឈើទាល ដោយរំពឹងថា នឹងទទួលបានលទ្ធផលវិជ្ជមានឆាប់ៗនេះ ខណៈសំណើរ និង​​ស្នាមមេដៃអាជីវករពួកគាត់​ នឹងត្រៀមដាក់ជូន​ នៅថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ៕ ​

 

អត្ថបទដែលជាប់ទាក់ទង