ពលរដ្ឋរស់នៅភូមិ១-ភូមិ២ សង្កាត់១ សរសើរមន្ត្រីសុរិយោដីខេត្តព្រះសីហនុ ថាធ្វើការរហ័យ​រួសរាយ និងមានឆន្ទៈ ចង់​ឲ្យពួកគាត់ឆាប់​ទទួល ប័ណ្ណកម្មសិទ្ធិដីធ្លី

ខេត្តព្រះសីហនុ ៖ មន្ត្រីជំនាញមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលត្រូវទៅទទួលយក វិញ្ញាបនបត្រសម្គាល់អចលនវត្ថ ​នៅភូមិ១ និងភូមិ២ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឲ្យបានជ្រាបថា ក្នុងពេ​លអញ្ចើញទៅទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លី របស់ខ្លួន ត្រូវភ្ជាប់មកជាមួយ នូវអត្តសញ្ញាណប័ណ្ណ ​ជាប់ខ្លួនផង។​ ពិសេស​ជាងនេះ សម្រាប់ប្រជាពលរដ្ឋ ដែលដីធ្លី របស់ពួកគាត់ បានដាក់ឯកសារដើម​តម្កល់នៅធនាគារ ក៏ត្រូវទៅស្នើសុំឯកសារទាំងនោះពីធនាគារ ​មកជាមួយផងដែរ ដើម្បីបង្ហាញមន្ត្រីជំនាញ។ ​

បន្ថែមលើនេះ សម្រាប់ក្បាលដី ឬវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដែលត្រូវជាប់ពន្ធ គឺមន្ត្រីជំនាញ នឹងតម្រូវឲ្យបំពេញ ពាក្យស្នើសុំទំរង់បែបបទ នៃការប្រមូលទិន្នន័យក្បាលដី ទៅបង់ពន្ធ ជាមុនសិន មុននឹងឈានដល់មន្ត្រីជំនាញ ចេញប័ណ្ណកម្មសិទ្ធិ ឬវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ទាំងនោះជូន។​ ហើយ សម្រាប់លេខក្បាលដី ដែលជាទ្រព្យទាំង ប្តីនិងប្រពន្ធ ត្រូវដឹកគ្នា មកផ្តិតមេដៃទាំងពីរនាក់ផង។

ចំពោះព័ត៌មានបន្ថែម ​ប្រជាពលរដ្ឋ អាចសួរមន្ត្រីជំនាញមន្ទីរសុរិយោដី ខេត្តព្រះសីហនុ ដែលមានវត្តមាន នៅទីស្នាក់ការផ្តល់វិញ្ញាបនបត្រសម្គាល់អចលវត្ថុ ស្ថិតនៅផ្លូវ៧០២ ឬតាមផ្លូវបេតុង មុខគណបក្សប្រជាជនកម្ពុជា ក្បែរបុរីមង្គលលែន ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ងាកមកររសៀលថ្ងៃទី១២ ខែកុម្ភៈនេះ ប្រជាពលរដ្ឋមួយចំនួន បានសម្តែងការរីករាយ នៅពេលពួកគាត់ បានទទួល​ប័ណ្ណកម្ម​សិទ្ធិ​កាន់កាប់​ដីធ្លីស្របច្បាប់ពី ក្រសួងមន្ទីរពាក់ព័ន្ធ។ ជាងនេះទៀត ក្រុមប្រជាពលរដ្ឋទាំងនោះ ក៏បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំក្រសួង​រៀប​ចំដែនដីនគរូបនីយកម្ម- លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ព្រមទាំង​មន្ត្រីក្រោមឱវាទទាំងអស់ ដែលបានខិតខំពន្លឿន ចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនពួកគាត់ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវ​ការ​ចាំបាច់ផ្សេងៗ និងមានសុវត្ថិភាពដីធ្លី​​។

ទោះជាបែបនេះក្តី ក៏នៅមានប្រជាពលរដ្ឋខ្លះ ដែលបានទៅចាប់លេខរៀង ឈរតម្រង់ជួរចូលជួបមន្ត្រីជំនាញ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិ​ដីធ្លីនេះដែរ ​ក៏បានបង្ហាញអារម្មណ៍ធុញថប់ និងឈឺក្បាលមិនតិចទេ នៅគ្រា ឯកសារដើម សម្រាប់សម្គាល់ចំណែកក្បាលដី ឬបញ្ជាក់អត្តសញ្ញាណដីធ្លី របស់ពួកគាត់ ស្ថិតក្នុងដៃធនាគារ ដោយសារពួកគាត់ បានយកទៅតម្កល់ ដើម្បីខ្ចីលុយពីធនាគារ ហើយមន្ត្រីជំនាញ តម្រូវឲ្យដកឯកសារដើម ទាំងនោះពីធនាគារ មកបង្ហាញ ឬដាក់ជូនពួកគាត់ពិនិត្យជាក់ស្តែង..។

ទោះជាបែបនេះក្តី តាមការកត់សម្គាល់ ចំពោះសកម្មភាព ចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ របស់មន្ត្រីជំនាញមន្ត្រីសុរិយោដី ខេត្តព្រះសី​ហនុ ដែលរង់ចាំពិនិត្យ និងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ​​នៅរសៀលថ្ងៃចន្ទ ទី​១២ ខែកុម្ភៈនេះ គឺមានដំណើរការ​រលូន។ ក្នុងនោះ សង្កេតឃើញថា ​រាល់សកម្មភាពបំពេញការងារ របស់មន្ត្រីជំនាញ​ទាំងអស់ ជាពិសេស ក្រុមមន្ត្រីជាស្ត្រី ដែល​រង់ចាំពិនិត្យឯកសារ នៅខាងក្នុងទីស្នាក់ការផ្តល់​ប័ណ្ណកម្មសិទ្ធិ គឺបានបង្ហាញឥរិយាបទល្អ ​ទាំងពាក្យសម្តីរួសរាយ​រាក់ទាក់ និងមានកាយវិការ​រហ័សរហួន ពោលគឺមានឆន្ទៈ ចង់ជួយប្រជាពលរដ្ឋ ឲ្យ​ឆាប់ទទួលបានប័ណ្ណកម្មសិទ្ធិ​ដីធ្លី របស់ខ្លួន បានលឿន​ថែមទៀតផង។

​ពិធីចែកបណ្ណកម្មសិទ្ធិ​នេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៤។ ហើយពិធីប្រារព្វចែកប្លង់ដីជូនប្រជាពលរដ្ឋខាង​លើ​​នេះ បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅបរិវេណដីជាប់សាលាបឋមសិក្សា ហ៊ុន​ សែន ឃ្លាំងលើ​៕ ដោយ ៖ ដែន អយុធ្យា

អត្ថបទដែលជាប់ទាក់ទង