គ្រួសារពលរដ្ឋ ដោយ​ភ្លើងឆេះផ្ទះ ​រង់ចាំការជួយអន្តរគមន៍ពី អាជ្ញាធរខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ គ្រួសារជនរងគ្រោះដោយ​ភ្លើងឆេះផ្ទះ កាលពី ៤ថ្ងៃមុន ពុំទាន់មានលទ្ធភាពសង់កន្លែងស្នាក់នៅឡើងវិញ​ទេ  ខណៈ​អាជ្ញាធរមូលដ្ឋានភូមិស្រែអណ្តោល ឃុំស្រែឈូក ស្រុកកែវសីមា កំពុងស្នើរសុំការជួយអន្តរាគមន៍ទៅមន្ត្រីថ្នាក់លើ  ដើម្បីស្នើជួយសម្រួលដល់គ្រួសាររងគ្រោះ បាន​ដាក់ម៉ាសុីកាត់ឈើ​ចូលទៅ​ក្នុងព្រៃ ដើម្បី​អារ​ឈើសង់ផ្ទះរស់នៅឡើងវិញ។

ទាក់ទិនបញ្ហានេះ លោក  ឌិន សុខា មេភូមិស្រែអណ្តោល បានឲ្យដឹងថា ​បច្ចុប្បន្នស្ថានភាពជាក់ស្ដែង របស់ គ្រួសារឈ្មោះ ញីន ខេង  រស់នៅ​ភូមិស្រែអណ្តោល ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានអគ្គិភ័យឆេះផ្ទះ ទាំងស្រុង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ​ដែលមានសមាជិកសរុប ០៣នាក់ គឺរហូតមកដល់ពេលនេះ នៅពុំមានកន្លែងស្នាក់នៅទេ ដោយពួកគាត់កំពុងស្នាក់នៅបណ្តោះអាសន្ន ជាមួយជាមួយអ្នកភូមិជាមួយគ្នា។

លោក ឌិន សិខា បន្តថា ក្នុងនាម​មេភូមិ សូមស្នើរដល់អាជ្ញាធរថ្នាក់​លើ និងមន្ត្រីជំនាញ ធ្វើយ៉ាងណាជួយសម្រួលដល់គ្រួសារជនរងគ្រោះ  បានចូលកាត់ឈើក្នុងព្រៃ ដើម្បីយកឈើធ្វើផ្ទះឡើងវិញផង។

ចំណែក លោក សុះ មីឡែម អភិបាលរងស្រុកកែវសីមា បានបញ្ជាក់ពេលចុះសួរសុខទុក្ខ គ្រួសារដែលភ្លើងឆេះផ្ទះ នាពេលថ្មីៗនេះថា អាជ្ញាធរ​ស្រុកកែវសីមា និងជួយសម្រួលដល់គ្រួសារជនរងគ្រោះ ​ដែលត្រូវ​ភ្លើងឆេះនេះ។

គួរបញ្ជាក់ថា ករណីអគ្គិភ័យនេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស​ទេ ហើយភ្លេីងបានឆេះផ្ទះ​ចំនួន ០១​ខ្នង មាន​ដំបូលប្រកក្បឿង​ និង​ឆេះសម្ភារៈក្នុងផ្ទះអស់​មួយចំនួនធំ។ ចំពោះ​មូលហេតុបណ្តាលឲ្យមានភ្លើងឆេះ គឺដោយសារភ្លើងចង្ក្រាន  ចេញពី​ម្ចាស់ផ្ទះ ​ឈ្មោះ ញីន ខេង ប្រពន្ធឈ្មោះ ដេត ចាន់ណាវង។

ដោយឡែក កាលពីថ្ងៃទី១៣ ខែកម្ភៈ អាជ្ញាធរស្រុកកែវសីមា ​ដឹកនាំដោយ លោក សុះ មីឡែម ជាអភិបាលរង បានចុះយកជំនួយ​សង្គ្​រោះបឋម យកទៅចែក​ជូន​គ្រួសារជនរងគ្រោះខាងលើ​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង