អាណាព្យាបាលរស់នៅខេត្តព្រះសីហនុ សាទរសម្តេចធិបតី ហ៊ុន ម៉ណែត បញ្ជាឲ្យអភិបាលរាជធានី-ខេត្ត បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាល រស់នៅក្រុងព្រះសីហនុ បង្ហាញអារម្មណ៍អបអរសាទរទៅលើ វិធានការក្តៅ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅ​ព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបន្ត​ “ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ត្រួតពិនិត្យជាបន្ទាន់ លើទីតាំងល្បែងផ្សងសំណាង។ ហើយ ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច”។

បទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកើតឡើង ស្របពេលមានសេចក្តីរាយការណ៍ ពីតាមបណ្តារាជធានី-ខេត្តមួយចំនួន ថា មាន​ទីតាំងបើកលេង​ល្បែងស៊ីសងគ្រប់ប្រភេទ បានកើតឡើងយ៉ាងអនាធិបតេយ្យ ដោយគ្មានអាជ្ញាធរមានសមត្ថកិច្ច ទប់ស្កាត់ឡើយ។

ល្បែងស៊ីសងទាំងនោះ មានទាំងស្របច្បាប់ និងគ្មានច្បាប់ រួមមាន៖ ល្បែងឆ្នោតកន្ទុយលេខគ្រប់ប្រភេទ ឆ្នោតឡូតូ និងល្បែងស៊ីសងជាច្រើនប្រភេទទៀត គឺ​​កើតមាន​ព្រោងព្រាត ជាពិសេសនៅទីប្រជុំជនក្នុងក្រុង ឬទីផ្សារនានា តាមភោជនីយដ្ឋាន ឬទីតាំងលក់កាហ្វេជាដើម។

អាណាព្យាបាល រស់នៅក្រុងព្រះសីហនុ បានឲ្យ «កម្ពុជាថ្ងៃនេះ» ដឹងនៅរសៀលថ្ងៃពុធ ទី​១៤ ខែកុម្ភៈ ថា ទីតាំងល្បែងស៊ីសង​ ជាច្រើនប្រភេទ បានបន្តបើកធ្វើអាជីវកម្មដោយគ្មានសមត្ថកិច្ចហាមឃាត់ រួមមាន៖  ​ឆ្នោតឡូតូ និងឆ្នោតកន្ទុយលេខគ្រប់ប្រភេទ គឺបន្តបើកធ្វើអាជីវកម្ម យ៉ាងអនាធិបតេយ្យ ដោយគ្មានសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ចុះបង្ក្រាបទេ។

ជាក់ស្តែងល្បែង​ បច្ចុប្បន្ននេះ ល្បែង​ឆ្នោតកន្ទុយលេខ និងឆ្នោតឡូតូ បានកើតឡើងនៅគ្រប់ទីផ្សារ ក្នុងទីប្រជុំជន​ – កន្លែងដូរលុយ ឬទីតាំងលក់ដូរទូរសព្ទ នៅតាមទីកន្លែងនានា ជាពិសេសនៅ​ផ្សារលើ – ផ្សារពាណិជ្ជកម្ម ​និងតាមផ្សារច្រើនទៀត ក្នុងក្រុងព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង