​កម្មករជួសជុលប្រាសាទបុរាណ ​បង្ហាញអារម្មណ៍រីករាយ បន្ទាប់ពី​បញ្ចប់ការជួសជុល ប្រាសាទតាព្រហ្មកិលរួច​

ខេត្តសៀមរាប ៖ ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរ ដែលធ្លាប់រងការខូចខាតធ្ងន់ធ្ងរ ជាយូរឆ្នាំមកហើយនោះ។ ប៉ុន្តែបច្ចុប្បន្ន បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញ ដូចកាលពីសម័យដើម ឡើងវិញអញ្ចឹងដែរ។ ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញ ទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល ដែលជាហោរបន់ស្រន់របស់​ប្រាសាទនេះរួចមក។

រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលបម្រើការងារជាកម្មករជួសជុល នៅប្រាសាទតាព្រហ្មកិល លោកតា សេង ស៊ន់ អាយុ ៦៩ឆ្នាំ ឱ្យដឹងថា ស្ថានភាពប្រាសាទតាព្រហ្មកិល កាលពីមុនពេលជួសជុល មានការធ្លាក់រលុះថ្ម ប្រាសាទមិនមានលំនឹង ព្រមទាំងមានសភាព​ទ្រុឌទ្រោមខ្លាំង ដោយមានការទល់ទ្រស្ទើរតែគ្រប់កន្លែង។

លោកតា សេង ស៊ន់ បានចូលរួមជួសជុល ប្រាសាទតាព្រហ្មកិលនេះ ដោយមានតួនាទីជាអ្នកដាប់ឆ្លាក់ទាំងថ្មភក់ និងថ្មបាយក្រៀម បានបង្ហាញក្តីរំភើបថា រូបលោកមិនខ្ចិលឡើយ ចំពោះការងារជួសជុលប្រាសាទ។ លោកចូលចិត្ត ដោយមិននឿយហត់ ហើយមួយថ្ងៃៗចង់​តែ​មក ចង់តែឃើញ និងនៅតែចង់ធ្វើការងារជួសជុលប្រាសាទបុរាណ។ ប្រសិនបើ​រូបលោក នៅតែមានសុខភាពល្អ គឺរូបគាត់ នឹងនៅតែមកចូលរួមធ្វើការងារជួសជុល ប្រាសាទបុរាណនេះ ជាបន្តទៀត។

អ្នកភូមិវាល ឃុំគោកចក ក្រុងសៀមរាបលោកតា ឡៃ ឡន អាយុ ៦០ឆ្នាំ ជាអ្នកដាប់ឆ្លាក់ថ្ម នៅការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិលម្នាក់ទៀត មានប្រសាសន៍ថា លោកពិតជាសប្បាយចិត្ត ដែលបានចូលរួមជួសជុលប្រាសាទបុរាណ របស់ដូនតាខ្មែរ។ លោកយល់ថា ការជួសជុលឡើងវិញនេះ នឹងធ្វើឱ្យប្រាសាទ របស់ដូនតាខ្មែរ មានសភាពរឹងមាំបន្តទៀត ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ បានឃើញ និងស្គាល់យូរអង្វែង។

ថ្វីត្បិតតែការងារជួសជុលអភិរក្ស និងថែរក្សាប្រាសាទបុរាណ ឱ្យបានរឹងមាំគង់នៅយូរអង្វែងបន្តទៅទៀត គឺជាតួនាទីនិងកាតព្វកិច្ច របស់អាជ្ញាធរជាតិអប្សរា ក៏ប៉ុន្តែនៅក្នុងនោះ ក៏ត្រូវការប្រជាពលរដ្ឋជាច្រើន បានចូលរួមនៅក្នុងការងារជាច្រើនផ្នែកដែរ។

លោក សេង ស៊ន់ និងលោក ឡៃ ឡន សំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​ទាំងឡាយ សូមជួយចូលរួមថែរក្សា អភិរក្សប្រាសាទបុរាណ របស់ដូនតាខ្មែរ តាមគ្រប់រូបភាព ចៀសវាងការប្រើសកម្មភាពណាមួយ មិនសមរម្យចំពោះប្រាង្គប្រាសាទ នាំឱ្យខូចខាតដល់ថ្មប្រាសាទ និងធ្វើឱ្យបាត់បង់តម្លៃ របស់សម្បត្តិបេតិកភណ្ឌ ដែលមិនអាចកាត់ថ្លៃបាននេះ៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ភោគ ជា

អត្ថបទដែលជាប់ទាក់ទង