​នគរបាលខេត្តព្រះសីហនុ ធ្វើសន្និសីទកាសែត បង្ហាញមុខជនជាតិចិនតៃវ៉ាន់២នាក់ ក្រោយផលិតមាតិកាវីដេអូ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម

ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញអំពីប្រតិបត្តិការចាប់ខ្លួន ជនជាតិចិនតៃវ៉ាន់ ចំនួន ០២នាក់ ដែលផលិតមាតិកាវីដេអូ ពាក់ព័ន្ធចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ខុសពីការពិត​នៅខេត្តព្រះសីហនុ។ សមត្ថកិច្ច បានចោទការផលិតនេះ ថា មានចេតនាញុះញង់ ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងភាពវឹកវរនៅក្នុងសង្គមកម្ពុជា។

សន្និសីកាសែតនេះធ្វើឡើង នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

នៅចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ លោក គួច ចំរើន មានប្រសាសន៍ថា ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់នេះ បានធ្វើដំណើរចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងបំណងផលិតវីដេអូ ទាក់ទងការចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ហើយបាន​បង្ហោះ នៅលើបណ្ដាញសង្គមរបស់ខ្លួន ដើម្បីទាក់ទាញអ្នកចូលទស្សនា (View) ឬចំនួនឡាច (Like) និងដើម្បីផលប្រយោជន៍លក់ដូរផលិតផល នៅប្រទេសរបស់ពួកគេ។

​តា​មចម្លើយ​សារភាព របស់​ជនសង្ស័យទាំងពីរនាក់ បានឲ្យដឹងថា នៅពេលពួកគេមកដល់ប្រទេសកម្ពុជា គឺមានគម្រោងផលិតវីដេអូនេះ នៅរាជធានីភ្នំពេញ ប៉ុន្ដែអគារដែលត្រៀមរៀបចំការផលិតវីដេអូនោះ មិនស្របក្នុងការថតវីដេអូទេ ទើបប្ដូរទីតាំងមកខេត្តព្រះសីហនុ​វិញ។

ក្រោយមកដល់ខេត្តព្រះសីហនុ ពួកគេ ក៏បានរកឃើញអគារមួយកន្លែង មានទីតាំងនៅម្ដុំឆ្នេរអូរត្រេះ ហើយក៏រៀបចំថតជាវីដេអូ និងឡាយផ្ទាល់នៅលើបណ្ដាញសង្គម ដោយប្រឌិតថា រូបគេត្រូវបានគេចាប់បង្ខាំង និងធ្វើទារុណកម្ម ប៉ុន្ដែរូបគេលួចរត់ចេញមកក្រៅបាន។

ត្រង់ចំណុចនេះ លោក គួច ចំរើន បញ្ជាក់ថា បន្ទាប់ពីឃើញវីដេអូបែបនេះ រូបលោកបានបញ្ជាកម្លាំងជំនាញ ឲ្យចុះធ្វើការស្រាវជ្រាវជាបន្ទាន់ភ្លាមៗ។ ហើយបន្ទាប់ពីសមត្ថកិច្ច ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ​ក្រោមការបញ្ជាពី លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុរួចមក ក៏ឈានដល់កំណត់​ទីតាំង របស់ពួកគេស្នាក់នៅ និងឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤​។

លោកអភិបាលបន្តថា ​តាមផែនការរបស់ជនសង្ស័យទាំងពីរនាក់នេះ គឺបន្ទាប់ពីថតសម្តែងវីដេអូ នៅខេត្តព្រះសីហនុរួច គឺពួកគេគ្រោងទៅថតជាខ្សែវីដអូដូចគ្នានេះ នៅខេត្តសៀមរាប ជាបន្ដទៀត ប៉ុន្ដែ​ក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្ត​ព្រះសីហនុផ្តន្ទាទោស។

លោក គួច ចំរើន ចាត់ទុក ការថតសម្តែងវីដេអូ ​ថាមានឧក្រិដ្ឋជនចាប់បង្ខាំងមនុស្សធ្វើទារុណកម្មនេះ គឺ​បានធ្វើឲ្យប៉ះពាល់​ធ្ងន់ធ្ងរដល់​កិត្តិយស​ប្រទេសកម្ពុជា ជាពិសេស​ប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់ នៅខេត្តព្រះសីហនុ។ ខណៈ ទាំងប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរ និងអ្នកវិនិយោគទុន បន្តចូលមកកម្សាន្ត ឬទស្សនាខេត្តជាប់មាត់សមុទ្រមួយនេះ យ៉ាងច្រើនកុះករ និងមានសុវត្ថិភាព​ល្អ។

ចំពោះវិធានការច្បាប់ ​លោក គួច ចំរើន សង្កត់ធ្ងន់ថា នឹងអនុវត្តឲ្យបានជាដាច់ខាត ទៅលើជនសង្ស័យជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់នេះ ដោយត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្ដន្ទាទោសតាមច្បាប់របស់កម្ពុជា បន្ទាប់មក នឹងបណ្ដេញចេញ​ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសដើម របស់ពួកគេវិញ​៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង