អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខកងកម្លាំង​ កំពុងឈរជើង​ការពារ​បទល្មើស ឈូសឆាយទន្ទ្រានតំបន់ដីព្រៃលិចទឹក ក្នុង​ស្រុកក្រូចឆ្មារ ​

ខេត្តត្បូងឃ្មុំ ៖ អភិបាលខេត្តត្បូងឃ្មុំ ព្រមានចាត់វិធានកា​រតាមផ្លូវច្បាប់ ឲ្យបានធ្ងន់ធ្ងរទៅលើជនទាំងឡាយណា ដែលមានមហិច្ឆិតា ចូលទៅធ្វើសកម្មភាពទន្ទ្រានឈូសឆាយរានយកដីព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ យកធ្វើកម្មសិទ្ធិដោយខុសច្បាប់។

អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក ​ជាម ច័ន្ទសោភ័ណ បានដឹកនាំក្រុមការងារគណៈកម្មាការទប់ស្កាត់ ការឈូសឆាយ​ទន្រ្ទាន​ដីព្រៃលិចទឹកខេត្ត ចុះជួបសួរសុខទុក្ខ ព្រមទាំងនាំយកស្បៀងអាហារ បន្លែ ត្រីសាច់ និងថវិកាមួយចំនួន ទៅឧបត្ថម្ភជូន​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ ដែលកំពុងឈរជើងនៅមូលដ្ឋានចំនួន ៤ទីតាំង នៅតំបន់ដីព្រៃលិចទឹកចំណុចក្របីក្រៀគ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូង​ឃ្មុំ។ សកម្មភាពនេះ ធ្វើឡើងនៅថ្ងៃ​ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់មក ក៏បានចុះជួបសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ រស់នៅមូល​ដ្ឋានខាងលើផងដែរ។

នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ ក៏បាន​នាំយកការសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​អរគុណ​ចំពោះកង កម្លាំងចម្រុះទាំងអស់ ដែលកំពុងឈរជើងការពារ បទល្មើសទន្ទ្រានព្រៃលិចទឹក នៅតាមគោលដៅរៀង​ៗខ្លួន។ ទោះបី​ទីតាំងទាំងនោះ មានភាពស្មុគស្មាញ និងមានការលំបាកបែបណាក្តី ប៉ុន្តែកងកម្លាំងចម្រុះទាំងអស់ បានបន្តខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នា​ការពារតំបន់ព្រៃលិចទឹកទាំងនោះ ឲ្យនៅគង់យូរអង្វែង ទុកសម្រាប់តកូនចៅជំនាន់ក្រោយ​។

លោកអភិបាលខេត្តបន្តថា ពាក់ព័ន្ធនឹងដីអភិរក្ស នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនេះ រាជរដ្ឋាភិបាល ក៏ធ្លាប់បានកាត់ឆ្វៀលជូនប្រជាពលរដ្ឋរួចរាល់ហើយ សម្រាប់ទីតាំងអាស្រ័យផលជាក់ស្តែង។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល ក៏បានហាមដាច់ខាត មិនឱ្យមានការឈូសឆាយទន្ទ្រានដីព្រៃលិចទឹក នៅមូលដ្ឋានស្រុកក្រូចឆ្មារទៀតទេ។ ព្រៃលិចទឹក ជាជម្រកសម្រាប់ត្រីពងកូន ដ៏មានសារៈសំខាន់ នៅក្នុងរដូវវស្សា ហើយ​បើដីព្រៃលិចទឹកទាំងនេះ ត្រូវបាត់បង់ គឺក៏នឹងប៉ះពាល់ដល់ជីវៈចម្រុះជាច្រើនប្រភេទ នៅក្នុងបឹងទន្លេសាប​។

បន្ថែមលើនេះ លោកអភិបាលខេត្តត្បូងឃ្មុំ ក៏បានជម្រុញដល់កម្លាំងចម្រុះទាំងអស់ ត្រូវសហការគ្នាចុះល្បាតជាប្រចាំ នៅតាមគោលដៅនីមួយៗ ​ធ្វើយ៉ាងណា​តាមដានរាល់សភាពការណ៍ នៃការលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹ កដែលជាសម្បត្តិរបស់រដ្ឋនេះ ២៤ម៉ោងលើ២៤ម៉ោង នៅតាមគោលដៅដែលខ្លួនទទួលខុសត្រូវ។ ជាងនេះ ប្រសិនបើមានការប្រព្រឹត្តបទល្មើសជាក់ស្តែង គឺត្រូ​ចាប់ខ្លួនជនល្មើសភ្លាមៗ ​និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោស។

យ៉ាងណាក៏ដោយចុះ លោក ​ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា សម្រាប់​ប្រជាពលរដ្ឋទាំងឡាយណា ដែលគ្មានដីពិតប្រាដក សូមទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន របស់ខ្លួន ដើម្បី​រាយការណ៍មករដ្ឋបាលខេត្ត និងរៀបចំដីកន្លែងណាមួយ សម្រាប់ចែកជូនប្រជាពលរដ្ឋ ឲ្យ​បានទាន់ពេលវេលា ប៉ុន្តែហាមដាច់ខាត់មិន ឲ្យចូលមកទន្ទ្រានដីព្រៃលិចទឹកជាដាច់ខាត។

លោកអភិបាល ក៏បានអំពាវនាវដល់ អាជ្ញាធរមូលដ្ឋាន ក៏ដួចជាប្រជាពលរដ្ឋ រស់នៅតាមមូលដ្ឋាននីមួយៗ ត្រូវរួមគ្នាជួយការពារ និង​ទប់ស្កាត់​រាល់សកម្មភាពចូលទន្ទ្រាន​តំបន់ដីព្រៃលិចទឹក នៅ​ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារនេះ ឲ្យបាន​ទាំងអស់គ្នា ដើម្បីអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានា ឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជាឧត្តមប្រយោជន៍សាធារណៈនាថ្ងៃអនាកត៕

អត្ថបទដែលជាប់ទាក់ទង