សាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់​២នាក់ ដាក់ពន្ធនាគារ២ឆ្នាំ ពីបទផលិត​វីដេអូ​ ​ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម​

ខេត្តព្រះសីហនុ៖ ​អយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់ ចំនួន ០២នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន ០២ឆ្នាំ និងពិន័យប្រាក់ក្នុងម្នាក់ៗចំនួន ០៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខ​សង្គម ប្រព្រឹត្តនៅភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២៤ ដែលជាបទល្មើស​ មានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ​ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ អយ្យការអម​សាលាដំបូងខេត្តព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ប្រព្រឹត្តដោយ​ ឈ្មោះ Chen Neng Chuan ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ Lu Tsu Hsien ភេទប្រុស អាយុ ៣៤ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់។ បុគ្គលទាំងពីរ​នេះ បានចូលមកប្រទេសកម្ពុជា ក្នុងបំណងផលិត​វីដេអូបំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណ​កម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។

សេចក្តីប្រកាស របស់អ្នកនាំពាក្យដដែលនេះ ​ដដែលបន្តថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថិតនៅអគារមួយកន្លែង ក្នុងក្រុងព្រះសីហនុ បុគ្គលទាំងពីរខាងលើ បានថតសំដែង ផ្សាយផ្ទាល់ចេញពីគណនី Facebook ឈ្មោះ Wa An Xiao Ji ដែលមានសកម្មភាព ត្រូវបានសន្តិសុខចាប់ខ្លួន និងវាយដំ។ ហើយនៅថ្ងៃទី១៣ ខែកុម្ភៈ បុគ្គលទាំងពីរ ក៏បានថយសម្តែងផ្សាយផ្ទាល់សា​ជាថ្មីម្តងទៀត ចេញពីទីតាំងម្តុំ ឆាយណាថោន ស្ថិតក្នុងក្រុងព្រះសីហនុ ដែលមានសកម្មភាពរត់គេចខ្លួន មានការភ័យខ្លាច និងនិយាយជាភាសាចិនមានអត្ថន័យថា ខ្លួន ត្រូវបានគេតាមចាប់​វាយធ្វើបាប និងស្រែកឱ្យគេជួយ។

​សេចក្តីប្រកាសដដែលនេះ បញ្ជាក់ថា ក្រោយបានស្តាប់ចម្លើយ  និងពិនិត្យ​ភស្តុតាង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក៏បានសម្រេចចោទប្រកាន់ និងបញ្ជូន​ ឈ្មោះ Chen Neng Chuan ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ Lu Tsu Hsien ភេទប្រុស អាយុ ៣៤ឆ្នាំ ជាជនជាតិចិន តៃវ៉ាន់ ទៅកាន់​សាលាដំបូងខេត្តព្រះសីហនុ ដើម្បីជំនុំជម្រះ តាមនីតិវិធី នៃការបង្ហាញខ្លួនភ្លាម ពីបទ​ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម​ ប្រព្រឹត្តនៅភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២៤​។

​ទាក់ទិនសំណុំរឿងនេះ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកធ្វើសន្និសីទកាសែត បង្ហាញមុខជនសង្ស័យជនជាតិ​ចិន​តៃវ៉ាន់ ចំនួន​ ២នាក់ ដែលត្រូវសមត្ថកិច្ច ចាប់ខ្លួន បន្ទាប់ពីពួកគេ បានផលិតមាតិកា​វីដេអូឃ្លីប​ បង្ហោះ​​តាមបណ្តាញរបស់ខ្លួន ដែលអាជ្ញាធរចាត់់ទុកថា បង្ក​ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់កិត្តិយស​សង្គម​កម្ពុជា ជាពិសេស​ប៉ះពាល់​ដល់​​​សន្តិសុខ និងសណ្តាប់ធ្នាប់ ខេត្តព្រះសីហនុ​​។

​នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មាន​ប្រសាសន៍​ថា ​​​ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ ដែលសមត្ថកិច្ចចាប់ខ្លួននេះ គឺពួកគេ​បាន​ប្រព្រឹត្ត​នូវអំពើ​ញុះញង់ បង្កឲ្យមានស្ថានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាពិសេស​ប៉ះពាល់​ដល់​សុវត្ថិភាព​ នៃការរស់នៅ​របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគទុន ក្នុងខេត្ត​ព្រះសីហនុ​។ លោកបន្តថា ករណីនេះ ​សមត្ថកិច្ច​​ នឹងបន្តនីតិវិធី តាមបទល្មើសជាក់ស្តែង ដែល​ជន​សង្ស័យបានប្រព្រឹត្ត ពោលគឺបញ្ជូនសំណុំរឿងនេះ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោស​។

លោក គួច ចំរើន ឲ្យដឹងដូច្នេះ រួចបញ្ជាក់បន្ថែមថា ​ករណីជនសង្ស័យទាំងពីរនាក់នេះ ទោះពួកគាត់​មកថតសម្តែងជា វីដេ​អូ​ឃ្លីបខ្លីៗ​​ក្តី ប៉ុន្តែការថតនេះ វាបានបង្កការភ័យខ្លាចទៅ​ដល់សាធារណៈជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគទុន ដែលពួកគាត់ មានបំណងចង់ចូលមក​ធ្វើវិនិយោគ ឬក៏ធ្វើ​ទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ឬចូលមកទស្សនាប្រទេសកម្ពុជា​ គឺពួកគាត់ពិត​ជា​មានការ​ភ័យខ្លាច ពេលឃើញវីដេអូទាំងនោះ​។​

លោកបន្តថា ស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុ ជាបន្តបន្ទាប់​មកនេះ គឺពុំដែលមានបុគ្គលរូបណាម្នាក់ ​រងផលប៉ះពាល់ដោយបញ្ហា​សន្តិសុខនោះ​ទេ។ លោក​ទទួលស្គាល់ នៅក្នុងសង្គមមួយទាំងមូលគឺពិតជាកើតមានបញ្ហាអសន្តិសុខខ្លះៗ​​មែន ប៉ុន្តែវាមិនមានស្ថានភាពធ្ងន់ធ្ងរដូចអ្វី ដែលគេកំពុងតែបំប៉ោង បំភ្លៃ បំភ្លើស ខុសការពិត ពីក្រៅប្រទេស ចំពោះខេត្តព្រះសីហនុ​ទេ​។

ក្រោយបញ្ចប់ធ្វើសន្នសីទកាសែត ជនសង្ស័យជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ ត្រូវ​កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជូនសំណុំរឿងភ្លាមៗ ​ទៅកាន់សាលាដំបូង​ខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២៤។

សមត្ថកិច្ច​​ បញ្ជាក់ថា ​ពេលឃាត់ខ្លួន​ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ ​កម្លាំងជំនាញ បាន​ដក​ហូត​សម្ភារៈមួយចំនួនរួមមាន៖ ឯកសណ្ឋានយោធា ស្រោមមុខខ្មោ​ច កាំភ្លើង​ជ័របាញ់ទឹក និងសម្ភារៈ សម្រាប់បម្រើឲ្យការថតវីដេអូ មួយចំនួនទៀត​។

​តាម​រាយការណ៍សមត្ថកិច្ច​ ឲ្យដឹងថា ជនសង្ស័យជនជាតិចិនតៃវ៉ាន់ទាំង ០២នាក់ ត្រូវកម្លាំង​ជំនាញ ចុះស្រាវជ្រាវឃាត់ខ្លួន នៅក្នុង​បន្ទប់សណ្ឋាគារមួយកន្លែង ស្ថិត​ក្នុងក្រុងព្រះសីហនុ ​ក្រោយពួកគេ​រួមគ្នា ផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញ​សង្គមនានា ពិសេសបណ្ដាញសង្គម ហ្វេសប៊ុក (Facebook) និង តិកតុក (TikTok) ដែលមានអ្នកគាំទ្រចូលទស្សនា (View) ឬចុចឡាច (Like) រហូតដល់ជាង ៥លាននាក់។

​វីដេអូដែលពួកគេផលិតនោះ មានដូចជា ផលិតធ្វើជាសកម្មភាពក្រុមឧក្រិដ្ឋជន​ចាប់បង្ខាំ​ង​មនុស្ស-​​​ផលិតធ្វើជាខ្មោចលង នៅតាមសណ្ឋាគារ កាស៊ីណូ ឬទីតាំងផ្សេងៗ ​ក្នុងមូលដ្ឋាន​ខេត្តព្រះសីហនុ។ តាមរយៈវីដេអូប្រឌិត​​នេះ សមត្ថកិច្ច ចាត់ទុកថា បានធ្វើឲ្យមហាជន​មាន​ការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នក​រស់នៅក្រៅប្រទេស ​ខ្លាចមិនហ៊ានចូលមក​កម្សាន្ត​ខេត្តព្រះសីហនុ នាថ្ងៃខាងមុខ​ទេ។ ​ តែធាតុពិត មិនមានហេតុការណ៍អាក្រក់ៗ​ កើតឡើង​ដូច​អ្នកផ្សព្វផ្សាយ ឬអ្នកផលិតមាតិកា​វីដេអូទាំងនោះទេ​៕ ដោយ៖ ដែន អយុធ្យា

 

អត្ថបទដែលជាប់ទាក់ទង