​​អភិបាលរងស្រុកអូររាំងមួយរូប រងការចោទប្រើប្រាស់អាវុធអនាធិបតេយ្យ

ខេត្តមណ្ឌលគិរី ៖ ​​អភិបាលរងស្រុកអូររាំងមួយរូប និងជាប្រធានលេខាធិការដ្ឋានបង្ត្រាបបទល្មើស រង់ការចោទថា ក្នុងអំឡុងពេល ចុះធ្វើការនៅតាមដងផ្លូវសាធារណៈ ហើយទំនង​សង្ស័យមានអការៈស្រវឹងផង ទើបលែងស្គាល់គ្នីគ្នា រហូតឈានដល់ដកកាំ​ភ្លើង​ ប្រុងផ្ទុះអាវុធ​ដាក់ មេយោធា និងមេប៉ូលិសស្រុកអូររាំង បង្កឲ្យមានការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទាំងកណ្តាលអាធ្រាត។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបាន លោក​អភិបាលរងស្រុកអូររាំង ឈ្មោះ សុខ សុវណ្ណារិទ្ធ ច្រានចោល ដោយបញ្ជាក់ថា ករណីនេះ គ្រាន់តែជាការយល់ច្រឡំ។

ហេតុការណ៍នេះ  បានកើតឡើងនៅម៉ោង ១១យប់ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅ​ចំណុច​មុខសាលាឃុំ សែនមនោរម្យ ស្ថិតក្នុង​ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ទាក់ទិនបញ្ហានេះ លោក ខាត់ សាក់ មេបញ្ជាការយោធាស្រុកអូររាំង បានបញ្ជាក់ថា អភិបាលរងស្រុកអូរាំងខាងលើ មានឈ្មោះ សុខ សុវណ្ណារិទ្ធ បានបើកឡានដេញ​ពីក្រោយ រថយន្ត របស់លោក រួចបានហៅឲ្យគាត់ឈប់ រួចក៏ដកកាំភ្លើងខ្លីភ្ជង់មកលើ​គាត់ ហើយបានប្រើពាក្យសម្តី​ប្រមាថមកលើរូបលោក ថែមទៀតផង។

ប្រភពបន្តថា ក្រោយកើត​មានហេតុការណ៍ខាងលើនេះ​ លោកអធិការស្រុកអូររាំង ក៏បានចុះមកអន្តរាគមន៍ សម្របសម្រួល ប៉ុន្តែក៏ត្រូវ លោកសុខ សុវណ្ណារិទ្ធ រេកាណុងកាំភ្លើងភ្ជង់ លោកអធិការស្រុកអូររាំងថែមទៀត។ ហើយបង្ករឲ្យមានការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រស់នៅតំបន់នោះ។

ឆ្លើយតបបញ្ហានេះ លោក សុខ សុវណ្ណារិទ្ធ បានឲ្យដឹងកាលពីថ្ងៃទី​១៧ ខែកុម្ភៈ ​ថា ករណីខាងលើនេះ គឺជាការយល់ច្រឡំ ហើយក៏គ្មាន​ការ​ផ្ទុះអាវុធ ឬក៏មានការដក​កាំភ្លើងភ្ជង់​អ្វីទេ ព្រោះសុទ្ធតែគ្នាឯង។ លោកបន្តថា ​ខាងខ្ញុំ ក៏មានកាំភ្លើង និង​ភាគីម្ខាងទៀត ក៏មានកាំភ្លើង។ ហើយក្នុងហេតុការណ៍នេះ ​កម្លាំងនគរបាលស្រុកអូររាំង ក៏បានស្នើសុំដកយកកាំភ្លើង របស់លោក ដើម្បីយកទៅរក្សាទុកសិន។ ហើយរឿងនេះ ក៏បានដោះស្រាយ សម្របសម្រួលគ្នា រួចរាល់ហើយដែរ។

ទោះជាបែបនេះក្តី ហេតុការណ៍ខាងលើនេះ មតិមហាជន ​បានសំណូមពរដល់ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយបញ្ជូនមន្ត្រីជំនាញ ចុះអង្កេតតាមដាន ទៅលើសកម្មភាពចុះអនុវត្តការងារ ឬក៏ក្រមសីលធម៌ របស់មន្ត្រីជាថ្នាក់ដឹកនាំមួយចំនួន នៃរដ្ឋបាល​ស្រុកអូររាំង​ ជាពិសេសចំពោះការប្រើប្រាស់អាវុធ អាណាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និង​ប៉ះពាល់ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ  ​ខណៈ​ពាក្យ «អរគុណសន្តិភាព» ត្រូវបានដាក់តាំង ឬក៏លើកជាបដា នៅតាម​ទីសាធារណៈនានា និងនៅតាមគ្រប់បណ្តាក្រសួង មន្ត្រី អង្គភាព ឬស្ថាប័ននានា របស់រដ្ឋ ចាប់​ពីថ្នាក់ជាតិ បន្តរហូតមកដល់ថ្នាក់ក្រោមជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង