នគរបាលស្រុកព្រៃនប់ ចុះបង្ក្រាបរថយន្ត​បំពាក់ស៊ីផ្លេខុសបច្ចេកទេស ​ឬស៊ីផ្លេ​ជាចង្វាក់ភ្លេង ឲ្យយុវជន​និង​​កុមារ រាំងតាមដងផ្លូវ

ខេត្តព្រះសីហនុ ៖  ដោយអនុវត្ត​តាមបទបញ្ជា លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ  កម្លាំងនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បាន​ឃាត់ថយន្តដឹកទំនិញ ឬរថយន្តធុនធំចំនួន ០២គ្រឿង ដែលបំពាក់ស៊ីផ្លេខុសបច្ចេកទេស និងតម្រូវឲ្យអ្នកបើកបរដោះ ស៊ីផ្លេនោះចេញ និង​ធ្វើកិច្ចសន្យាបញ្ឈប់ប្រើប្រាស់សុីផ្លេបែបនេះជាបន្តទៀត​។​
ផ្តើមពីបញ្ហានេះ លោកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ក៏បាន​អំនាវពាវដល់ម្ចាស់រថយន្តទាំងអស់ ដែលមានបំពាក់ស៊ីផ្លេខុសបច្ចេកទេសទាំងអស់ ត្រូវដោះចេញពីរថយន្ត របស់ខ្លួន ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវ និងសណ្តាប់​ធ្នាប់សាធារណៈ។
ព្រមជាមួយគ្នានេះ ក៏បានអំពាវនាវដល់យុវជន ប្អូនៗ ក្មួយៗ ​និងកុមារ ដែលធ្វើសកម្មភាព រាំលេងតាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេ រថយន្តកន្លងមក ​ត្រូវបញ្ឈប់សកម្មភាព របស់ខ្លួនផងដែរ។
លោកអធិការស្រុកព្រៃនប់ បានស្នើដល់អ្នកបើករថយន្តធុនធំទាំងអស់ ត្រូវបញ្ឈប់ រាល់សកម្មភាពស៊ីផ្លេធ្វើជាចង្វាក់ភ្លេង ដើម្បីឲ្យយុវជន ឬក្មេងៗ រាំនៅតាមផ្លូវសាធារណៈតទៅទៀត ព្រោះនាំឲ្យបាត់បង់សណ្តាប់ធ្នាប់តាមដងផ្លូវ ផ្តើមដោយស៊ីផ្លេរថយន្តធំទាំងនោះ។ ជាពិសេស បង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹង​កើតមានឡើងជាយថាហេតុ៕​
អត្ថបទដែលជាប់ទាក់ទង