«ថ្មសោ» ជាគន្លឹះសម្រាប់រើថ្មជួសជុលសំណង់ ប្រាសាទបុរាណ

ខេត្តសៀមរាប ៖ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា លោក គឹម សុធិន មានប្រសាសន៍ថា នៅគ្រប់សំណង់ប្រាសាទថ្មភក់ របស់ដូនតាខ្មែរ ការសាងសង់រៀបថ្មពីមួយដុំទៅមួយដុំ តែងតែមានថ្មគន្លឹះ ឬហៅថា ថ្មសោ។  ថ្មសោនេះ ជាទូទៅមានផ្ទៃខាងលើធំជាងបាតខាងក្រោម ដើម្បីសម្រាប់រឹតបន្តឹងថ្ម ទប់លំនឹងថ្មឱ្យរឹងមាំ មិនឱ្យថ្មងាកទ្រេត ឬថ្មរំកិលចេញពីគ្នា។

ថ្មសោដំបូលខ្លោងទ្វារខាងកើត នៃប្រាសាទអង្គរវត្តជាឧទាហរណ៍។ នៅចំណុចមិនឆ្ងាយពីទីប្រសព្វ នៃដំបូលដែលមានទិសទាំង ៤ផ្គុំគ្នា ថ្មសោ ត្រូវបានយកមកប្រើ ដើម្បីខ្ទាស់ថ្មតម្រៀបក្រោយគេទាំងអស់។ ដូចនេះ ពេលរើ គឺត្រូវរើថ្មសោមុនគេបង្អស់ ប្រៀបដូចជាការបើកសោ ដើម្បីអាចរើថ្មផ្សេងៗទៀតបាន។

លោក គឹម សុធិន បន្តថា ខ្មែរបុរាណ ពិតជាមានបច្ចេកទេសខ្ពស់ ដែលសំណង់នីមួយៗអាចនៅគង់វង្សរាប់រយឆ្នាំ។ លក្ខណៈពិសេសនេះ កម្រមានអ្នកចាប់អារម្មណ៍ ឬដឹងនោះឡើយ មានតែអ្នកធ្វើការផ្ទាល់ជាមួយប្រាសាទបុរាណ ទើបយល់ពីស្នាដៃដូនតា និងអាចសិក្សាយកបច្ចេកទេសនោះ ដើម្បីយកមកជួសជុល អភិរក្សរាល់សំណង់នោះឡើងវិញឱ្យបានគង់វង្សរាប់រយឆ្នាំជាបន្តទៀត៕

     

អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ យី សុថា/ភោគ ជា

អត្ថបទដែលជាប់ទាក់ទង