ជនជាតិចិន ២៣នាក់ លិចទូកបាត់ខ្លួន លើលម្ហសមុទ្រ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះ ដែលលិចទូក នៅចន្លោះកោះតាង បើជួយបាន ០១នាក់ រដ្ឋបាលខេត្ត នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ០២លានរៀល។

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា កាលពី ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកចំនួន ០១គ្រឿង ស្ថិតនៅ​​ចំណុច​និយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។​ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន១៦នាក់ និងមធ្យោបាយចំនួន០២គ្រឿង (១.៦០០សេស ០១គ្រឿងនិង៧០០សេស ០១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន១៨នាក់។

ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិន សរុបចំនួន ៤១នាក់ ស្រី០៣នាក់ សង្រ្គោះបាន ១៨នាក់ បាត់ខ្លួនចំនួន ២៣នាក់ ស្រី០៣នាក់។

បច្ចុប្បន្ន ជនរងគ្រោះទាំង ១៨នាក់ ត្រូវបានយកទៅរក្សាទុក នៅវរសេនាតូចលេខ២៤០ (កោះរ៉ុង) ដើម្បីធ្វើការសួរនាំ និងកំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន ២៣នាក់បន្តទៀត។

ជាមួយគ្នានេះ កម្លាំងអង្គភាពនេះ បានធ្វើការឃាត់ទូកចំនួន ០១គ្រឿងផ្សេងទៀត មានមនុស្សចំនួន ០២នាក់ជាជនជាតិខ្មែរ ដោយបានប្រគល់ជូន អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសួរនាំតាមនីតិវិធី។ ហើយ ទូក បានរក្សាទុកនៅអង្គភាព។

ប្រតិបត្តិការ នៃការស្វែងរកជនរងគ្រោះបាត់ខ្លួនទាំង ២៣នាក់ កំពុងធ្វើឡើង នៅផ្ទៃសមុទ្រ ដែលជាទីតាំងលិចទូក និងភូមិសាស្ត្រជុំវិញទីតាំងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង