ដាក់តាំងរូបសំណាកមេទ័ព សម័យអង្គរចំនួន១២រូប នៅព្រះរាជដំណាក់ ក្រុងសៀមរាប

ខេត្តសៀមរាប ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព្រះបរមរាជវាំង បានឲ្យដឹងថា កម្ពុជា បានដាក់តាំងរូបសំណាកមេទ័ពពី សម័យអង្គរចំនួន ១២រូប នៅក្នុងសួនព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប ដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយឱ្យស្គាល់ពី មន្ដ្រីរាជការដែលខ្លាំងពូកែនាសម័យបុរាណ។

រូបចម្លាក់ចំនួន ១២រូបនេះ ធ្វើពីលោហស្ពាន់សុទ្ធ មានកំពស់ជាង ២ម៉ែត្រ រចនាសម្លៀកបំពាក់ និងតុបតែងទៅតាមសម័យកាលនិមួយៗ។

លោកស្រី គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង មានប្រសាសន៍ថា រូបចម្លាក់មេទ័ពចំនួន ១២រូបនេះ គឺតំណាងឲ្យនគរទាំង ១២ នៅសម័យបាពួន សម័យអង្គរ និងសម័យបាយ័ន។

រូបសំណាកទាំងនេះ បានសាងសង់ឡើងអំពីលោហ:ស្ពាន់ រចនាឡើងជាចម្លាក់មូល គឺមានលក្ខណ: និងទ្រង់ទ្រាយពេញលេញ និងមានទម្ងន់ចន្លោះពី ២០០ ទៅ ៣០០គ.ក្រ ទៅតាមរូបរាងជាលក្ខណៈខ្មែរបុរាណសុទ្ធសាធ។

លោកស្រីបន្តថា ថ្វីត្បិតតែជាសមិទ្ធផល នៃស្នាដៃកូនខ្មែរសម័យថ្មី ប៉ុន្តែស្នាដៃ ដែលលេចឡើងនេះ ត្រូវបានរក្សា និងអនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ច ដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង