បទល្មើសនេសាទ​ស្បៃមុង ដើម្បីអូសកូនគ្រែងឈាម កំពុងធ្វើសកម្មភាព នៅស្រុកបូទុមសាគរ គ្មានការបង្ក្រាប

ខេត្តកោះកុង ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅ​ស្រុកបូទុមសាគរ ខេត្តកោះកុង បានឲ្យដឹងថា រាល់ថ្ងៃនេះ យ៉ាងហោចមានទូកនេសាទ រាប់​រយ​គ្រឿង បានប្រើឧបករណ៍នេសាទល្មើសច្បាប់ ដូចជា​ប្រើប្រាស់ស្បៃមុង ដើម្បីអូសកូនគ្រែងឈាម ​ទាំងយប់​ថ្ងៃ ដោយមិនឃើញមានមន្ត្រី ឬសមត្ថកិច្ចពីស្ថាប័នជំនាញ ពាក់ព័ន្ធផ្នែកណាមួយ ចុះមកទប់ស្កាត់ ឬបង្ក្រាបនោះទេ។

ករណីនេះ ប្រជាពលរដ្ឋ បានចោទ មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ថាជាអ្នកបើកដៃ​ ឲ្យឈ្មួញ​បើកធ្វើនេសាទ ដោយប្រើស្បៃមុងល្មើសច្បាប់ទាំងនេះ​​ ជាថ្នូរ ទទួលបានលុយពីទូកនេសាទទាំងនោះ ​ចន្លោះពី ​ ៥ម៉ឺន ទៅ ៨ម៉ឺន ឬ​ឈានដល់ ១៥ម៉ឺនរៀល ក្នុងទូកនេសាទ ១គ្រឿងៗ។

ទោះជាបែបនេះក្តី សារព័ត៌មានយើង នៅមិនទាន់អាចទាក់ទង លោក អី ម៉េង លាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត កោះកុង និងលោក ព្រំ សុវណ្ណា នាយ​ផ្នែករដ្ឋបាលជលផល បូទុមសាគរ ដើម្បីបំភ្លឺជុំវិញករណីខាងលើបានទេ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ​២០២៣នេះ។

​ប្រភពបន្តទៀតថា​ ចំពោះទីតាំង ដែលមានទូកនេសាទប្រើស្បៃមុងអូស​កូន​គ្រែងឈាម យ៉ាងអនាធិបតេយ្យបំផុតនោះ គឺនៅជាប់​មាត់ពាមព្រែកអណ្តូងទឹក ត្រង់ចំណុច​ព្រែកខ្មៅ ឬតំបន់​សហគមន៌៍ទឹករាក់។ ហើយ ទីតាំង​នោះ មានព្រំប្រទល់ បីមុំ គឺតំបន់សហគមន៌ កណ្ដោល – តំបន់សហគមន៍ អន ឆ្អើត និង តំបន់សហគមន៍ តាមាឃ។

​សហគមន៍ កណ្ដោល និងសហគមន៍ តាមាឃ មានទីតាំងស្ថិតក្នុង​ស្រុកបូទុមសាគរ ខេត្តកោះកុង។ រីឯ សហគមន៍ អនឆ្អើត ស្ថិតក្នុងស្រុកស្រែអំបិល ។

​​ប្រភពបញ្ជាក់ថា ការនេសាទកូន​គ្រែងឈាមនេះ គឺលក់បានក្នុងតម្លៃ ១គីឡូក្រាម ១០ម៉ឺនរៀល  ឬឈ្មួញអាច​ម៉ៅទៅតាម​បាវតូច ឬបាវធំ មានតម្លៃចាប់ពី​ ២០​ម៉ឺន ទៅ ៣០ម៉ឺនរៀល។

ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋរស់នៅស្រុកបូទុមសាគរ បានស្នើដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះ​កុង ជាពិសេស លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយបញ្ជូនមន្ត្រីស្អាតស្អំ ចុះពិនិត្យទៅ​លើ​បទ​ល្មើសនេសាទ កូនគ្រែងឈាម ដែលកំពុងធ្វើសកម្មភាព ​នៅមូលដ្ឋានស្រុកបូទុមសាគរ និង​ស្រុកស្រែអំបិល ឲ្យបានទាន់ពេល ដើម្បីការពារធនធានមច្ឆាសមុទ្រ ឲ្យបានគង់វង់ ដ្បិតបទល្មើសនេះ មានទូកនសេសាទ​​រាប់រយគ្រឿង បានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ​​៕

អត្ថបទដែលជាប់ទាក់ទង