ម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយ កម្មករកម្មការិនីជិត២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

តាមការឲ្យដឹងពី លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហគ្រាស ចំនួន ១១ ជាប្រភេទរោងចក្រកាត់ដេរ ចំនួន ៣, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២, ដេរស្បែកជើងចំនួន ៣, បោះពុម្ពលើស្បែកជើងកីឡា ចំនួន ១, ផលិតសម្ភារកាដូ ចំនួន ១ និងផលិតជ័រ និងផ្លាស្ទិក ចំនួន ១។

ផលិតផល របស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍ អ៊ឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។

នៅខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ១៧៣ មានកម្មករនិយោជិតប្រមាណជាង ៥ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន២០ មានកម្មករនិយោជិតសរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើន។​

កន្លងទៅនេះ រាជរដ្ឋាភិបាល និងក្រុមការងារ របស់គណបក្ស ប្រជាជនកម្ពុជា ដែលបានចុះបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង តែងតែយកចិត្តទុកដាក់ជាប្រចាំដល់សុខទុក្ខបង ប្អូនកម្មករនិយោជិត និងជួយសម្រួលទៅដល់ដំណើរការ របស់រោងចក្រ សហគ្រាស ក្នុងខេត្តប្រកបដោយនិរន្តរភាព តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសគឺ គោលនយោបាយ របស់សម្តេចតេជោ ក្នុងការជំរុញការកសាងរោងចក្រ សហគ្រាស នៅតាមបណ្តាខេត្ត៕

អត្ថបទដែលជាប់ទាក់ទង