បុរសម្នាក់លង់ទឹក បាត់ខ្លួន នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចឲ្យដឹងថា បុរសម្នាក់ បានបាត់ខ្លួននៅក្នុងទឹកសមុទ្រឆ្នេរអូរឈើទាល បន្ទាប់ពីជនរងគ្រោះ បានទៅជួយស្រង់កូនខ្លួនឯងដែលលង់ទឹកសមុទ្រ ហើយប្រតិបត្តិការស្វែងរកជនរងគ្រោះកំពុងធ្វើបន្ត។

សេចក្តីរាយការណ៍ពី សមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោងជាង ១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ មានបុរសវ័យ ៤០ម្នាក់ ឈ្មោះ ហេង ពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ បានមកកម្សាន្តនៅឆ្នេរអូរឈើទាល ហើយបានអង្គុយលេងនៅតូប ៨៨៨។

តាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះ គឺរូបគាត់ និងកូនប្រុស អាយុប្រមាណ ១០ឆ្នាំជាងបន្តិច បានចុះលេងទឹកជាមួយគ្នា ហើយកូន របស់គាត់ ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹក ពេលនោះជនរងគ្រោះជា ឳពុកឃើញ ក៏ហក់ទៅជួយកូនរុញកូន មកខាងលើឆ្នេរ  ពេលនោះ ជនរងគ្រោះ ជាឳពុក ក៏បានលង់ទឹកលិចបាត់ខ្លួន ចូលទៅក្នុងទឹកសមុទ្រ។

បច្ចុប្បន្ន សមត្ថកិច្ច រួមជាមួយកម្លាំងក្រុមឆ្មាំសមុទ្រ និងក្រុមសង្គ្រោះ ក្នុងនោះ ក៏មានក្រុមសង្គ្រោះ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ផងដែរ កំពុងស្វែងរកជនរងគ្រោះ ដែលកំពុងបាត់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង