សមត្ថកិច្ច បញ្ជូនជនសង្ស័យប្រុសស្រី៩នាក់ ទៅតុលាការផ្តន្ទាទោស ករណីប្រមូលផ្តុំគ្នាជក់គ្រឿងញៀន

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចអធិការក្រុងសិរិសោភ័ណ បានឲ្យដឹងថា មានជនសង្ស័យប្រុសស្ត្រីចំនួន ៩នាក់ ដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការនគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តនេះ ផ្តន្ទាទោស កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ថាមានក្រុមក្មេងៗប្រុសស្ត្រីប្រមូលផ្តុំគ្នាជក់គ្រឿងញៀនរួចមក ភ្លាមៗ រូបលោក ក៏បានបញ្ជូនកម្លាំងនគរបាល​ជំនាញ ដើម្បីចុះបង្ក្រាបជាបន្ទាប់ ហើយបាន​ឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់។ ក្នុងនោះមានស្រី ៥នាក់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងកាំភ្លើងខ្យល់ឆ្នៃ ០១ដើម នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីរួចហើយ ៕
អត្ថបទដែលជាប់ទាក់ទង