ឃាត់ខ្លួនបុរសពីរនាក់ ក្លែងបន្លំខ្លួនជាសង្ឃដោះស្បង់ចីវរ ប្រគល់ជូនអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ បន្តនីតិវិធី

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរស២នាក់ ដែលបន្លំខ្លួនជាសង្ឃដើររៃអង្គាសបច្ច័យ នៅក្រុងព្រះសីហនុ ត្រូវបានព្រះសង្ឃវត្តអូរត្រេះ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាល និង មន្ត្រីមន្ទីរធម្មការ និងសាសនា ខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួន នាំយកមកដោះស្បង់ចីវរចេញ រួចប្រគល់ជូន សមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ព្រះតេជគុណ មាស សុផល ចៅអធិការវត្តអូរត្រេះក្រុងព្រះសីហនុ ក្នុងនាមគណៈគុណសង្ឃ ខេត្តព្រះសីហនុ មានសង្ឃដីកា ថា បុគ្គលក្លែងជាសង្ឃទាំង ២រូបនេះ ត្រូវឃាត់ខ្លួនពេលកំពុងបន្លំខ្លួនជាសង្ឃ ដើររៃអង្គាសបច្ច័យពី ប្រជាពលរដ្ឋ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ  កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ។

ចំពោះការបញ្ជូនឲ្យ សមត្ថកិច្ចចាត់ការបន្តតាមផ្លូវច្បាប់ ព្រះតេជគុណ មាស សុផល មានសង្ឃដិកា បន្តថា សង្ឃក្លែងទាំង ២នាក់នេះ មានម្នាក់ធ្លាប់ធ្វើសកម្មភាពបន្លំជាសង្ឃ ដើរបិណ្ឌបាត្រអនាធិបតេយ្យ ក្នុងក្រុងព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន យកមកឲ្យធ្វើកិច្ចសន្យា មួយលើកជាពីរលើករួចមកហើយ ប៉ុន្តែមិនរាងចាលសោះ៕

អត្ថបទដែលជាប់ទាក់ទង