ក្រុមកម្មករ-កម្មការិនី ស្នើសុំថ្នាក់ដឹកនាំខេត្តព្រះសីហនុ ជួយអន្តរាគមន៍បើកច្រក ចេញចូលតំបន់សេដ្ឋកិច្ចពិសេស តភ្ជាប់ជាមួយផ្លូវក្នុងភូមិ ដើម្បី​ងាយស្រួលចេញចូលធ្វើការងារ

ខេត្តព្រះសីហនុ៖ ​ក្រុមកម្មករ កម្មការិនី និងប្រជាពលរដ្ឋជាង ២០០គ្រួសារ រស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសំណូមពរដល់​ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ​ជួយអន្តរាគមន៍បើកផ្លូវចេញចូល​ពីមូលដ្ឋាន ដែលពួកគាត់កំពុងរស់រនៅ តភ្ជាប់ចូលទៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស​ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញចូលធ្វើការ ងារ របស់​ពួកគាត់ និងកាត់បន្ថយការកកស្ទះចរាចរណ៍។

លោក យុន រតនា តំណាងប្រជាពលរដ្ឋ និងកម្មករ កម្មការិនីជាង ២០០គ្រួសារ រស់នៅនៅភូមិពូធឿង ឃុំបិតត្រាំង ​បានឱ្យដឹងថា ​​មូលដ្ឋានភូមិពូធឿង ជាតំបន់មានទីតាំង​នៅជាប់​របង​គ្នា ជាមួយរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ហើយក៏ជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើន​ផងដែរ។ លោកបន្តថា ប្រជាពលរដ្ឋរស់នៅតំបន់នេះ ​ភាគច្រើន បានបំរើការងារជាកម្មកររោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេសនេះតែម្តង។

តំណាងរូបនេះ ឱ្យដឹងទៀតថា ស្ទើរជារៀងរាល់ថ្ងៃ ការធ្វើដំណើរតាមផ្លូវ​ក្នុងភូមិពូធឿង តែងតែ​កកស្ទះ​ចរាចរណ៍ និងបង្ករគ្រោះថ្នាក់ចរាចរណ៍ជាហូរហែ ជាពិសេស​អំឡុងពេល​ក្រុមកម្មករ កម្មការិនី ចេញទៅធ្វើកា​រ​ និងពេលវិលត្រឡប់​ពីកន្លែងធ្វើការ​វិញ។

​ក្រុមកម្មករ-កម្មករកម្មការនី ​បានលើកឡើងដូចៗគ្នាថា ដោយសារពួកគាត់ មានការលំបាកខ្លាំង ក្នុងការធ្វើដំណើរ និងមានការកកស្ទះចរាចណ៍ស្ទើរជារៀងរាល់ថ្ងៃ  និង​ត្រូវ​ដើរវាងឆ្ងាយ ហើយប្រឈម​គ្រោះថែមទៀតនោះ ទើប​ពួកគាត់ សំណូមពរដ៏ទទូចដល់ លោក សាយ សំអាល់ និងលោក គួច ចំរើន ​​ជួយអន្តរាគមន៍បើកផ្លូវចេញចូល ត្រង់ចំណុចក្បែរអាគារស្នាក់នៅកម្មករ​កម្មការិនី ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់ ឱ្យបានប្រើសើរជាងពេលបច្ចុប្បន្ន។ ដ្បិតរាល់ថ្ងៃនេះ រាល់ការចេញចូល​ទៅបម្រើការងារ នៅ​រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស  របស់​កម្មករកម្មការិនី​មួយចំនួនធំ គឺមិនមានមធ្យោបាយផ្ទាល់ខ្លួនទេ ដោយអ្នកខ្លះត្រូវចំណាយលុយ​ជិះម៉ូតូឌុប និងអ្នកខ្លះ​ទៀត ​ត្រូវធ្វើដំណើរដោយថ្មើជើង ហើយត្រូវធ្វើដំណើរ​វាងឆ្ងាយ​ពីកន្លែងស្នាក់នៅ ឆ្ពោះ​ទៅរោងចក្រ និងវិលពីរោងចក្រត្រឡប់មកកន្លែងស្នាក់នៅវិញ​​។

ត្រង់ចំណុចនេះ លោក យុន រតនា តំណាងប្រជាពលរដ្ឋ និងកម្មករ កម្មការិនីជាង ២០០គ្រួសារ រស់នៅភូមិពូធឿង បានបញ្ជាក់ថា ​គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នា​២០២៣នេះ មានរយៈពេលជាង ០៣ឆ្នាំមកហើយ ដែល​ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីពួកគាត់ បានដាក់ការស្នើរសុំ​ទៅកាន់ ថ្នាក់ដឹកនាំរដ្ឋបាល​ស្រុកព្រៃនប់ ដើម្បី​ឱ្យជួយអន្តរាគមន៍បើកច្រកចេញចូល ក្នុងតំបន់សេដ្ឋកិច្ចពិសេស តភ្ជាប់ជាមួយផ្លូវក្នុងភូមិដែលមានស្រាប់ ក៏ប៉ុន្តែ​មិនទាន់ទទួលបានលទ្ធផល​ទេ។

ជុំវិញបញ្ហានេះ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការស្នើរសុំបើកផ្លូវខាងលើនេះ ភាគីខាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស នៅមិនទាន់សម្រេចថាបែបណានៅឡើងទេ។ ដោយសារតែ នាយកក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងបើកកិច្ចប្រជុំ ដើម្បីដាក់ការស្នើរសុំទៅក្រុមប្រឹក្សាភិបាល ព្រោះ​វាពាក់ព័ន្ធ និងសន្តិសុខសុវត្ថិភាព ក្នុងតំបន់រោងចក្រសេដ្ឋកិច្ចពិសេសទាំងមូល។

ទោះជាបែបនេះក្តី ក្រុមកម្មករ​កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋរស់នៅភូមិពូធឿង ​មានជំនឿថា  លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ នឹងពិចារណា នូវកង្វល់ ក៏ដូចជាសំណូមពរ របស់ពួកគាត់ ឈានទៅជួយអន្តរាគមន៍បើកផ្លូវចេញចូល​ពីមូលដ្ឋាន ដែលពួកគាត់កំពុងរស់រនៅ តភ្ជាប់ចូលទៅ​តំបន់សេដ្ឋកិច្ចពិសេស​ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញចូលធ្វើការងារ ​និងកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន​៕  ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង