វិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) ប្រគល់វត្ថុបុរាណជូន អាជ្ញាធរជាតិអប្សរា

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សាលាបារាំងចុងបូព៌ា (EFEO) ដែលជាដៃគូកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបំពេញការងារអភិរក្ស និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ បានប្រគល់វត្ថុបុរាណចំនួន ៣១កេស បដិមាព្រះពុទ្ធចំនួន០១ និងបំណែកសន្លឹកសីមាចំនួន០១ ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកបន្ទាប់ពីបានសិក្សាស្រាវជ្រាវ និងរៀបចំបញ្ជីសារពើភណ្ឌរួចរាល់។

លោក ទិន ទីណា ជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា វត្ថុបុរាណទាំងអស់ ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) ប្រគល់មកអាជ្ញាធរជាតិអប្សរា បានរកឃើញដោយការធ្វើកំណាយនៅតាមការដ្ឋានស្រាវជ្រាវមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរ ដូចជា គោកតាសៀម បឹងដូនប៉ា ប្រាសាទអ៊ុងម៉ុង ប្រាសាទបាភួន និងប្រាសាទព្រៃមន្ទីរ។ លោកបានបញ្ជាក់ទៀតថា វត្ថុទាំងនេះរួមមាន ទី១ កុលាលភាជន៍មកពីប្រាសាទបាភួនចំនួន ២៧កេស ដែលក្នុងនោះ មានប្រភេទកុលាលភាជន៍រឹង កុលាលភាជន៍ផុយជារបស់ខ្មែរ និងកុលាលភាជន៍ចិន សៀម យួនជាដើម។ ទី២ ថ្មភក់ចំនួន ២កេស ដែលមកពីគោកតាសៀម។ ទី៣ បំណែកថ្មភក់មានក្បាច់លម្អខ្លះៗចំនួន ២កេស មកពីបឹងដូនប៉ា និងគោកតាសៀម ព្រមទាំងប្រាសាទអ៊ុងម៉ុង។ ទី៤ បដិមាព្រះពុទ្ធចំនួន០១ មកពីប្រាសាទអ៊ុងម៉ុង និងបំណែកសន្លឹកសីមាចំនួន០១ មកពីប្រាសាទព្រៃមន្ទីរ។

លោក ទិន ទីណា បន្តឱ្យដឹងទៀតថា ក្រោយពីទទួលបានវត្ថុទាំងអស់នេះ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា នឹងរៀបចំទុកដាក់អភិរក្សតាមលក្ខណៈបច្ចេកទេស ហើយនៅថ្ងៃខាងនេះ អាជ្ញាធរជាតិ នឹងរៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីតាំងបង្ហាញឱ្យសាធារណជនជាតិ និងអន្តរជាតិបានទស្សនា សិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ។

សូមរំឮកដែរថា នេះជាលើកទី៣ហើយ ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) បានប្រគល់បុរាណវត្ថុ ដែលបានមកពីកំណាយនៅតាមការដ្ឋានស្រាវជ្រាវ និងការដ្ឋានជួសជុលប្រាសាទមួយចំនួន នៅក្នុងរមណីយដ្ឋានអង្គរ មកដល់អាជ្ញាធរជាតិអប្សរា៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហ៊ុំ រិទ្ធី

អត្ថបទដែលជាប់ទាក់ទង